ជាតិ
សង្គមជាតិ
​ដំណាំ​ដំឡូង​មី​ជាង​២៥០០​ហិកតា​នៅ​ប៉ៃ​លិនលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​
15, Oct 2020 , 3:21 pm        
រូបភាព
front សកម្មភាពរបស់ UYFC ខេត្តប៉ៃលិនជួយដកដំឡូងមីកសិករខេត្តប៉ៃលិន
front សកម្មភាពរបស់ UYFC ខេត្តប៉ៃលិនជួយដកដំឡូងមីកសិករខេត្តប៉ៃលិន
ដោយ:
​ដំណាំ​កសិកម្ម​ប្រមាណ ៣ ៤០០​ហិកតា ក្នុង​ខេត្ត​ប៉ៃលិន ប្រឈម​នឹង​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង​។ តាម​លោក អែម សុភឿន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ប្រាប់​សារព័ត៌មាន Thmeythmey25 ក្នុងចំណោម​ដំណាំ​ទាំងនោះ មាន​ដំឡូង​មី​ខូច​ច្រើនជាងគេ ។​

 
​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រូបនេះ បានបញ្ជាក់​កាលពី​ថ្ងៃទី​១៤ ខែតុលា ថា ដំឡូង​មី បាន​ជន់​លិច​ជិត​២៥០០​ហិកតា ខណៈ​កសិករ​មួយចំនួន បាន​បង្ខំចិត្ត​ប្រមូល​ផល​ដំឡូង​មី​មុន​រដូវ​កាល​ផង ដើម្បី​ជៀសវាង​ខូចខាត​កាន់តែច្រើន​។ ពោតក្រហម រង​ការ​ជន់​លិច​ជាង​៧៩០​ហិកតា ដំណាំ​ស្រូវ ៧៦​ហិកតា និង​ដំណាំ​រួមផ្សំ ៥៤​ហិកតា​។ 
 
​ទន្ទឹមនឹង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ក៏បាន​អំពាវនាវ​ឲ្យ​កសិករ ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ចិញ្ចឹម​របស់ខ្លួន និង​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ និង​ភ្នាក់ងារ​សត្វ​ជាបន្ទាន់ ក្នុងករណី​មាន​សត្វ​ឈឺ ឬ​សត្វ​ជួប​បញ្ហា​ណាមួយ ដើម្បី​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​
 
​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ តុលា ដំណាំ​កសិកម្ម​ជាង​១៦.៥​ម៉ឺន​ហិកតា បាន​រង​ផលប៉ះពាល់ ក្នុងនោះ​ស្រូវ​ជាង​១១​ម៉ឺន​ហិកតា និង ដំណាំ​ផ្សេងៗ​ទៀត មាន​ជាង​៥.៥​ម៉ឺន​ហិកតា ត្រូវ​ជន់​លិច​។ 
 
​ក្រៅពី​ដំណាំ​កសិកម្ម មាន​ពល ១២​នាក់ (​ក្មេង​៥​នាក់​) បាន​បាត់​បង់ជីវិត និង​មាន​ពលរដ្ឋ​ជិត​១៦​ម៉ឺន​នាក់ បាន​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​នេះ​៕

 
 
 

Tag:
 ​កសិកម្ម​
 ​ដំឡូង​មី​
 ​ប៉ៃលិន​
 ​ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com