COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
បុគ្គលិក​សុខាភិបាល​បារាំង​រាប់រយ​នាក់​ធ្វើ​កូដកម្ម ខណៈ​ករណី​កូ​វីដ​-១៩ ហក់​ឡើង​
16, Oct 2020 , 11:25 am        
រូបភាព
បុគ្គលិកសុខាភិបាលបារាំងធ្វើបាតុកម្មតាមដងផ្លូវនាទីក្រុង ប៉ារីស នៅថ្ងៃទី ១៥ ខែតុលា ។ រូបភាព ៖ AFP
បុគ្គលិកសុខាភិបាលបារាំងធ្វើបាតុកម្មតាមដងផ្លូវនាទីក្រុង ប៉ារីស នៅថ្ងៃទី ១៥ ខែតុលា ។ រូបភាព ៖ AFP
ដោយ:
បុគ្គលិក​សុខាភិបាល​បារាំង​រាប់រយ​នាក់ បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​ទីក្រុង ប៉ារីស នៅ​ថ្ងៃទី ១៥ ខែតុលា ដើម្បី​ប្រឆាំង​លក្ខខណ្ឌ​ការងារ​ក្នុង​មន្ទីរពេទ្យ​ដែល​ពួកគេ​ធ្វើការ​។ ការធ្វើ​កូដកម្ម​នេះ ធ្វើឡើង​ខណៈ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ហក់​ឡើង​នៅ​ទូទាំងប្រទេស​។

 
​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​បុគ្គលិក​សុខាភិបាល​ផ្សេងទៀត ដែល​សុទ្ធតែ​ពាក់​ម៉ាស់​ពេទ្យ​ការពារ  បាន​ប្រមុំ​ផ្ដុំគ្នា​តាម​ដងផ្លូវ ហើយ​លើក​ក្រវី​បដា និង​ទង់ជាតិ ខណៈ​ពួកគេ​បាន​ដើរ​ជា​ក្បួន​ពី​រូបសំណាក Les Invalides របស់​ទីក្រុង​នេះ ឆ្ពោះទៅកាន់​ក្រសួងសុខាភិបាល​។ ក្រៅពី​ទីក្រុង​ប៉ារីស ការតវ៉ា​នេះ ក៏បាន​កើតឡើង​ក្នុង​ទីក្រុង​មួយចំនួនទៀត​របស់​បារាំង​ផងដែរ រួមមាន Annecy, Besançon, Saint-Étienne និង Rennes ។ 
 
​ខណៈ​អត្រា​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បន្ត​កើន​ឡើងជា​លំដាប់ ហើយ​គ្រែ​សម្រាក​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ពេញ​ណែន​យ៉ាង​លឿន​រហ័ស បុគ្គលិក​សុខាភិបាល​បារាំង ទាមទារ​ប្រាក់បៀវត្សរ៍​បន្ថែម លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ជាង​មុន និង​ជ្រើសរើស​បុគ្គលិក​ថែមទៀត​ដើម្បី​ឆ្លើយតប​ការផ្ទុះ​រាលដាល​ឲ្យ​ទាន់ពេល​។  
 
​សហជីប​សុខាភិបាល​និង​សង្គមកិច្ច​បារាំង (CGT Santé et Action Sociale) ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា មន្ទីរពេទ្យ និង​គ្រឹះស្ថានសាធារណៈ​ដទៃ ជួបប្រទះ​ការលំបាក​ខ្លាំង​ដោយសារ​ការងារ​ច្រើន​លើសលប់ ចាប់​តាំង​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​មក ដោយ​គ្មាន​ធនធានមនុស្ស​គ្រប់គ្រាន់​។ 
 
​កាលពី​សប្ដាហ៍​មុន ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ព្យាបាល​កើនឡើង ៦៥២៩​នាក់ ។ នេះ​បើតាម​តួលេខ​ចុងក្រោយ​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​រដ្ឋាភិបាល​បារាំង (Santé Publique France) ដោយ​ក្នុងនោះ​អ្នកជំងឺ​១៧៥០​នាក់​ត្រូវ​បញ្ជូនទៅ​សម្រាក​នៅ​បន្ទប់សង្គ្រោះបន្ទាន់​។ 
 
​ការធ្វើ​កូដកម្ម​ពី​សំណាក់​បុគ្គលិក​សុខាភិបាល​នេះ ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​វិធានការ​រឹតត្បិត​កូ​វីដ​-១៩​ថ្មី​មួយចំនួន រួមមាន បម្រាម​គោចរ​ចន្លោះ​ពី​ម៉ោង​៩​យប់​ដល់​៦​ព្រឹក ក្នុង​ទីក្រុង​ប៉ារីស និង​ក្នុង​តំបន់​រងគ្រោះ​ខ្លាំង​៨​ទីតាំង​ទៀត ។ លោក ម៉ា​ក្រុង ក៏​ទទួលស្គាល់​ពី​បន្ទុក​ការងារ​ធ្ងន់​របស់​វិស័យ​សុខាភិបាល​របស់​ប្រទេស​បារាំង​ផងដែរ​។ 
 
​នាយករដ្ឋមន្ត្រី​បារាំង លោក Jean Castex នៅ​ថ្ងៃទី ១៥ ខែតុលា បានប្រកាសថា រដ្ឋាភិបាល​លោក​មាន​ផែនការ​ព​ន្លឿ​ន​ពេលវេលា​នៃ​ដំឡើង​ប្រាក់បៀវត្សរ៍​សម្រាប់​បុគ្គលិក​សុខាភិបាល​។ លោក​បន្ថែមថា បុគ្គលិក​ណា​ដែល​លើក​គម្រោង​ឈប់សម្រាក​អំឡុងពេល​ថ្ងៃបុណ្យ​សប្ដាហ៍​ក្រោយ នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ថែម​ចន្លោះ​ពី ១២៨​ដុល្លារ ទៅ​២៣៤​ដុល្លារ​ក្នុង​មួយថ្ងៃ​ផងដែរ​។ 
 
​ប៉ុន្តែ​សម្រាប់​បុគ្គលិក​សុខាភិបាល​រាប់រយ​នាក់​ដែល​បានធ្វើ​បាតុកម្ម​នេះ ការប្រឹងប្រែង​រដ្ឋាភិបាល​នៅ​មិនទាន់​គ្រាប់​គ្រាន់​ឡើយ​។ តំណាង​អ្នក​តវ៉ា​ម្នាក់​និយាយថា ស្ថានភាព​ក្នុង​មន្ទីរពេទ្យ គឺ​កាន់តែ​អាក្រក់​ខ្លាំង​ជាង​រលក​ជំងឺ​កូ​វីដ​-១៩​ទីមួយ​ទៀតផង ខណៈ​សេវាកម្ម​សង្គ្រោះបន្ទាន់ គឺ​ច្រើន​លើសលប់​។ បច្ចុប្បន្ន ជំងឺ​កូ​វីដ​-១៩ នៅ​បារាំង មាន​សរុប ៨០៩ ៦៨៤​ករណី ដែល​ធ្វើ​ឲ្យ​បារាំង​ក្លាយជា​ប្រទេស​មាន​អត្រា​ចម្លង​ខ្ពស់​លំដាប់​ទី​២​ក្នុង​តំបន់​អឺរ៉ុប បន្ទាប់ពី​អេ​ស្ប៉ា​ញ​៕ 

Tag:
 បារាំង​
  កូ​វីដ​-១៩
  លក្ខខណ្ឌ​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com