សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន គ្រោង​បញ្ចេញ​ទឹក​ពី​រោងចក្រ​នុយក្លេអ៊ែរ​នៅ Fukushima ចូលក្នុង​សមុទ្រ​
16, Oct 2020 , 3:11 pm        
រូបភាព
រោងចក្រថាមពលនុយក្លេអ៊ែរជប៉ុន  Fukushima Daiichi។ រូបភាព៖ Kyodo
រោងចក្រថាមពលនុយក្លេអ៊ែរជប៉ុន Fukushima Daiichi។ រូបភាព៖ Kyodo
​រដ្ឋាភិបាល​ជប៉ុន គ្រោង​បញ្ចេញ​ទឹក​ដែលមាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ពី​រោងចក្រ​នុយក្លេអ៊ែរ​Fukushima Daiichi ចូលទៅក្នុង​សមុទ្រ​។ គម្រោង​បញ្ចេញ​ទឹក​ពី​រោងចក្រ​នុយក្លេអ៊ែរ​នេះ បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​នេសាទ ជំទាស់​យ៉ាងខ្លាំង និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ជប៉ុន កុំ​បញ្ចេញ​ទឹក​ទាំងនោះ​ចូល​សមុទ្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Kyodo នៅ​ថ្ងៃទី​១៦ ខែតុលា​។

 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ សេចក្តីសម្រេច​ជុំវិញ​ការបញ្ចេញ​ទឹក​ដែលមាន​សារធាតុ​វិទ្យុសកម្ម​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុង​សមុទ្រ នឹងធ្វើ​ឡើង​ក្នុង​ខែ​នេះ​។ ក្រុមហ៊ុន​ថាមពល Tokyo Electric បាន​ប្រមូល​ស្តុក​ទឹក​ប្រភេទ​នេះ​ច្រើនជាង ១​លាន​តោន តាំងពី​គ្រោះរ​ញ្ជូ​យ​ដី​ដែល​បង្ក​ទៅជា​រលក​ស៊ូណាមិ​នៅ​ឆ្នាំ​២០១១ ។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន កន្លែង​ផ្ទុក​នេះ នឹង​ពេញ​នៅត្រឹម​ឆ្នាំ​២០២២​។ ទឹក​ប្រភេទ​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​សារធាតុ​វិទ្យុសកម្ម ការគ្រប់គ្រង​កាកសំណល់​ក្នុង​រោងចក្រ និង​បញ្ហា​ផ្សេងទៀត​។ 
 
​ក្នុងជំនួប​ជាមួយ​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Katsunobu Kato លោក Hiroshi Kishi ប្រធាន​សហគ្រាស​នេសាទ JF Zengyoren បាន​ជំទាស់​ទៅនឹង​ការបញ្ចេញ​ទឹក​នេះ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កុំ​បង្ហូរទឹក ដែលមាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ចូលទៅក្នុង​សមុទ្រ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ជប៉ុន​ក្នុង​ការនេសាទ​ត្រី និង​គ្រឿង​សមុទ្រ​។ ចំណែក​ប្រជាជន ក៏ដូចជា​អ្នកនេសាទ​នៅក្នុង​តំបន់​នេះ ក៏​ប្រឆាំង​ការចាក់​បញ្ចូល​ទឹក​នេះ​ចូល​សមុទ្រ​ដែរ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ត្រី និង​ធនធាន​ផ្សេងទៀត​។ 
 
​ចាប់តាំងពី​គ្រោះ​រញ្ជួយ​ដី និង​ព្យុះ​ស៊ូណាមិ​ឆ្នាំ​២០១១ ដែល​បាន​បំផ្លាញ​រោងចក្រ​នុយក្លេអ៊ែរ​នេះ​មក មាន​ប្រទេស​ជាច្រើន​បាន​រឹតត្បិត​ក្នុង​ការទិញ​គ្រឿង​សមុទ្រ និង​ផលិតផល​កសិកម្ម​ពី​ជប៉ុន ព្រោះ​ដោយសារ​សារធាតុ​គីមី​ផ្សេងៗ បាន​ហូរ​ចូល​សមុទ្រ និង​តំបន់​ផ្សេងៗ បន្ទាប់ពី​រង​ការបំផ្លាញ​។ ចំណែក​កូរ៉េខាងត្បូង ថ្មីៗ​នេះ ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ជុំវិញ​ការ​នាំចូល​គ្រឿង​សមុទ្រ​ពី​តំបន់​នេះដែរ​។ 
 
​នៅ​ដើមឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន បាន​រាយការណ៍​ថា ទឹក​នៅក្នុង​រោងចក្រ Fukushima នេះ អាច​នឹង​ចាក់​ចូល​សមុទ្រ ឬ​ប្រើ​វិធីសាស្ត្រ​រំហួត​។ ការបញ្ចេញ​ទឹក​មាន​ផ្ទុក​សារធាតុពុល​នេះ ត្រូវបាន​ជជែក​ជាច្រើន​ឆ្នាំ​មកហើយ​។ រដ្ឋាភិបាល​ជប៉ុន នឹង​បង្កើត​គណៈកម្មការ​មួយ រួមគ្នា​ជាមួយ​មន្ត្រី​តំបន់ និង​ឧស្សាហកម្ម​នេសាទ ដើម្បី​សិក្សា​ពី​ផលវិបាក ការវាយតម្លៃ​ផ្សេងៗ ជុំវិញ​ការចាក់​ទឹក​ប្រភេទ​នេះ ចូល​សមុទ្រ​។​
 
​នៅក្នុង​ខែកុម្ភៈ​កន្លងទៅ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​រោង​ចក្រ​នុយក្លេអ៊ែរ​ខាងលើ លោក Rafael Grossi ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិច​អន្តរជាតិ បាន​លើកឡើងថា ការបញ្ចេញ​ទឹក​កខ្វក់​ពី​រោងចក្រ​នុយក្លេអ៊ែរ ចូលទៅក្នុង​សមុទ្រ ជាការ​អនុវត្ត​ទូទៅ​ហើយ​នៅ​ទូទាំង​ពិភពលោក បើទោះបី​វា​មិនទាន់​ជា​បញ្ហា​អាសន្ន​នៅឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com