សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់​៤​នាក់ ត្រូវ​ឃុំខ្លួន ក្រោយ​នាំ​គ្រឿងញៀន​ជាង​២​តោន ពី​ឡាវ ឆ្លងកាត់​ខ្មែរ បម្រុង​ទៅ​តៃវ៉ាន់​
16, Oct 2020 , 7:59 pm        
រូបភាព
ជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនជាង២,១តោន និងសារធាតុគីមីផ្សំ៦រយគីឡូក្រាម (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
ជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនជាង២,១តោន និងសារធាតុគីមីផ្សំ៦រយគីឡូក្រាម (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
ដោយ: ថ្មីៗ
​បុរស​ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ឃាត់ខ្លួន​ជាមួយនឹង​គ្រឿងញៀន ដែល​ទម្ងន់​ចូល​ខ្ទង់​តោន​។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច យក​ពួកគេ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការកាត់ទោស​។ 

 
​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ថា ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៤​នាក់​នោះ ត្រូវបាន​យកទៅ​ឃុំ​នៅ​ម​ណ្ឌ​ម​អប់រំ​កែប្រែ​១ (​ម​១) នៃ​ពន្ធនាគារ​ព្រៃ​ស​។ លោក បន្តថា គ្រឿងញៀន ដែល​អាជ្ញាធរ ចាប់បាន​នៅ​នឹង​ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៤​នាក់​នោះ មាន​ទម្ងន់​ជាង​២​តោន តែ​លោក ពុំបាន​ដឹងថា មានតម្លៃ​ជា​ទឹកប្រាក់​ប៉ុន្មាន​ឡើយ​។ 
 
​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហោះ​ព័ត៌មាន​ថា វត្ថុតាង​ដែល​ចាប់បាន​ពី​ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៤​នាក់ រួមមាន គ្រឿងញៀន​ទម្ងន់​ជាង​២,១​តោន និង​សារ​ធាតុគីមី​ផ្សំ​ប្រមាណ​៦​រយ​គីឡូក្រាម​ទៀត (​សរុប​ចូលគ្នា​មាន​ទំហំ​ជាង​២,៧​តោន​) ដោយ​សរុប​ជា​ទឹកប្រាក់ មានតម្លៃ​ប្រមាណ​១០​លាន​ដុល្លារ​។ ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច បង្ក្រាបបាន​នៅ​ខេត្ត​ព្រះសីហនុ​ផង​និង​នៅ​រាជធានី​ភ្នំពេញ​ផង ហើយក៏​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែតុលា​។ 
 
​បើតាម​ព័ត៌មាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ករណីនេះ គឺជា​ករណី​ដឹកជញ្ជូន​និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពី​ប្រទេស​ឡាវ ឆ្លងកាត់​ប្រទេស​កម្ពុជា និង​បំណង​នាំទៅ​កាន់​កោះ​តៃវ៉ាន់​។ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ទៀតថា កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ គឺមាន​ការបញ្ជា​ពី​នាយ​ឧត្ដ​ន​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុល​ដឹកនាំ​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​។​
 
​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ករណីនេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ត​ស្រាវជ្រាវ​រក​បក្ខពួក ដែល​នៅ​សេសសល់ និង​សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជា​មេខ្លោង​»​។ 
 
​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ហាញថា បុរស​ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៤​នាក់​នោះ គឺ ឈ្មោះ ចិន ជឺ​ជា (Chen Chih Chieh) ជា​អ្នកបញ្ជា​ការដឹកជញ្ជូន​, ឈ្មោះ ចាង ឈិ​ជឺ (Zhan Qi Zhi) ជា​អ្នក​ដឹកជញ្ជូន​, ឈ្មោះ យ៉ូ​វ យ៉ាវ​ជុង (YU Yao Tsung) ជា​អ្នក​ដឹកជញ្ជូន​, និង ឈ្មោះ ឈិន ប៉ាវ​ជីន (Chen Pao Jiun) ជា​អ្នក​ដឹកជញ្ជូន​។ បើតាម​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដដែល នៅមាន​បុរស​ជនជាតិ​ចិន​តៃ​វ៉ា​ម្នាក់ទៀត ឈ្មោះ វូ ឈី​សុន (WU Chi Hsun) តែ​ជនល្មើស​រូបនេះ បាន​កាន់​គ្រឿងញៀន ព្យាយាម​រត់គេចខ្លួន ដោយ​លួច​សម្រួត​តាម​បង្កាន់ដៃ​អគារ ហើយក៏​ធ្លាក់​បណ្ដាល​ឲ្យ​ស្លាប់​៕
 
 
 

Tag:
 ចិនតៃវ៉ាន់​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com