​កុំ​ធ្វេសប្រហែស​! កុមារ​៨​នាក់​ហើយ​ដែល​បាត់​បង់ជីវិត​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​
ជាតិ
សង្គមជាតិ
​កុំ​ធ្វេសប្រហែស​! កុមារ​៨​នាក់​ហើយ​ដែល​បាត់​បង់ជីវិត​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​
16, Oct 2020 , 9:59 pm        
រូបភាព
គ្រោះទឹកជំនន់ ដែល​កើតឡើង​ស្ទើរតែ​គ្រប់​បណ្តា​ខេត្ត និង​រាជធានី​ពេញ ក្នុង​រយៈពេល​ជិត​១០​ថ្ងៃ​មកនេះ បាន​ឆក់យក​ជីវិត​មនុស្ស​អស់​១៨​នាក់​ហើយ ដោយ​ក្នុងនោះ មាន​ក្មេង​រហូត​ទៅដល់​៨​នាក់​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ក្នុង​ហេតុការណ៍​ទឹកជំនន់​នេះ គឺជា​រឿង​មួយ​ដ៏​សង្វេគ ហើយក៏​ជាស​ញ្ញា​មួយ​ដែល​ទាមទារ​យ៉ាង​ចាំបាច់​ឱ្យ​អាណាព្យាបាល​គ្រប់រូប ត្រូវ​ប្រុងប្រយ័ត្ន និង​ការពារ​ឱ្យបាន​ខ្ពស់បំផុត​ចំពោះ​ក្មេង​តូចៗ​របស់ខ្លួន នា​អំឡុងពេល​ទឹកជំនន់​កំពុង​ឡើង​នេះ​។


​រអិល​ជើង​ចូល​ទឹក របូតដៃ​ពី​ឪពុក ធ្លាក់ចូល​ទឹក​ដែលមាន​លំហូរ​ខ្លាំង លង់ទឹក​នៅ​សាលារៀន ទាំងនេះ ជា​មូល​ហេតុដែល​បណ្តាល​កុមារ​យ៉ាងហោចណាស់​៨​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​ក្នុងចំណោម​អ្នកស្លាប់​សរុប​១៨​នាក់​។​

​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា អ្នកស្លាប់​ទាំង​១៨​នាក់ គឺ ៧​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ,២​នាក់ នៅ​ខេត្ត​ព្រះសីហនុ ,៣​នាក់​នៅ​ខេត្តពោធិ៍សាត់ ,១​នាក់ នៅ​ខេត្ត​ប៉ៃលិន ,១​នាក់​នៅ​ខេត្តកំពង់ធំ និង ៤​នាក់​នៅ​ខេត្តកណ្តាល​។ 

​កន្លងមក ក្រសួងសុខាភិបាល​ក៏បាន​ដាស់តឿន​ឪពុកម្តាយ ហាម​កូន​-​ចៅ​កុំ​ឲ្យ​ចុះ​លេង​ទឹក ក្នុង​តំបន់​ជំនន់ ដើម្បី​ចៀសវាង​មាន​វិប្បដិសារី ដោយសារ​បាត់បង់​កូន​ជាទី​ស្រឡាញ់​។ ជាពិសេស​ប្រយ័ត្ន​សត្វ​ពស់ និង​ពួក​សត្វ​អ​សិ​ពិស​ផ្សេងៗ​។ 

​ជាមួយនឹង​គ្នា​នេះ ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ឪពុកម្តាយ​ដែលមាន​កូនតូចៗ ត្រូវ​ចេះ​មើលថែ​កូន ដោយ​ឱ្យ​កូន​ទៅ​ទី​ខ្ពស់ និង​ពន្យល់​ណែនាំ​ពួកគេ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​។ បើកាលណា​នាំ​កុមារ​ចេញពីផ្ទះ ឪពុកម្ដាយ​ទាំងអស់ ត្រូវ​ប្រើ​អាវ​ពោង ប្រើ​ប៊ីដុង​ជ័រ និង​ជិះទូក ដោយ​មិន​ឱ្យលើស​ចំនួន​កំណត់​ឡើយ​។ 

​ក្រសួងសុខាភិបាល ក៏​ណែនាំ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​គ្រោះទឹកជំនន់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​សត្វ​ពស់ ឬ​សត្វ​អាសិរពិស នៅពេលដែល​ដើរ​ឆ្លងកាត់​ជិត​គំនរ និង​គំនរ​ឈើ ហើយ​ពេលធ្វើ​ដំណើរ​នៅពេល​យប់​នៅ​កន្លែង​ដែលមាន​ស្មៅ​ស៊ុបទ្រប់ ត្រូវ​ស្លៀកខោ​ជើងវែង និង​ស្បែកជើង​កវែង​៕ 

Tag:
 ជាតិ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com