ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ រំជួលព្រះហឫទ័យ ក្រោយទ្រង់ទទួលដំណឹងពីពលរដ្ឋរងគ្រោះដោយទឹកជំនន់
16, Oct 2020 , 5:40 pm        
រូបភាព
ព្រះមហាក្សត្រនិងព្រះមហាក្សត្រី ទ្រង់ស្តេចយាងចូលរួមក្នុងពិធីបូជាព្រះសពនៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ក្នុងសួរច្បារមុខ​វត្ត​បទុម​វ​តី រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ២០១៩។ រូបពី AFP
ព្រះមហាក្សត្រនិងព្រះមហាក្សត្រី ទ្រង់ស្តេចយាងចូលរួមក្នុងពិធីបូជាព្រះសពនៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ក្នុងសួរច្បារមុខ​វត្ត​បទុម​វ​តី រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ២០១៩។ រូបពី AFP
«ខ្ញុំ មានសេចក្តីរំជួលហឫទ័យជាខ្លាំង ដោយបានទទួលដំណឹងអំពីបងប្អូនកូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យមានការបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិ»។ នេះជាព្រះបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះរាជសាររបស់ព្រះអង្គ ដែលផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។



ព្រះមហាក្សត្រ ដែលកំពុងគង់នៅទីក្រុងប៉េកាំង សាធារណរដ្ឋចិន ជាមួយព្រះមាតា ដើម្បីពិនិត្យព្រះរាជសុខភាព មានព្រះរាជឱង្ការ ទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ក្នុងព្រះរាជសារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ថា ទ្រង់ សូមចូលរួមរំលែកទុក្ខលំបាកជាមួយប្រជាជននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ព្រះរាជា ទ្រង់កោតសរសើរពីភាពឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេច ដែលមានវិធានការជួយដោះស្រាយទាន់ពេលវេលា ហើយជម្លៀសប្រជាជន ចេញពីតំបន់រងគ្រោះ ទៅកាន់កន្លែងមានសុវត្ថិភាព។

ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៀតថា ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រទានព្រះរាជអំណោយជាបន្តបន្ទាប់ ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈសម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។

ព្រះករុណាជាម្ចាស់ជីវិតលើត្បួង ទ្រង់មានព្រះបន្ទូលទៅកាន់ប្រជានុរាស្រ្តថា៖«ខ្ញុំ សូមជូនពរដល់បងប្អូន កូនចៅ ប្រជារាស្រ្តកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះ និងសូមមេត្តាការពារនិងថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យមានជំងឺឈឺថ្កាត់ផ្សេងៗ»។

ព្រះអង្គ ក៏បានជូនពរសម្តេចនាយករដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាលផងដែរ ឲ្យទទួលបានជោគជ័យថ្មីៗទៀត និងទទួលបានពុទ្ធពរទាំង៤ប្រការ។

គិតមកដល់ថ្ងៃទី១៦ ខែតុលានេះ មានពលរដ្ឋ១៨នាក់ (ក្មេង៨នាក់) បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងពលរដ្ឋជាង២១ម៉ឺននាក់ទៀត រងការប៉ះពាល់។ ក្នុងចំណោមពលរដ្ឋជាង២១ម៉ឺននាក់នោះ មាន២ម៉ឺន៥ពាន់នាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព៕

Tag:
 ព្រះមហាក្សត្រ
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com