ជាតិ
សង្គមជាតិ
អតីត​និទ្ទេស​A ឡុង​អេង​៖ យើង​ត្រូវ​បែងចែក​កាលវិភាគ​តាម​ចំណុចខ្លាំង និង​ខ្សោយ​ខ្លួន ដើម្បី​បាន​ពិន្ទុ​ល្អ​
17, Oct 2020 , 8:59 am        
រូបភាព
អតីតសិស្សនិទ្ទេសA ឆ្នាំ២០១៩ (ឈាន ធីហ្វុងឡុងអេង) Front
អតីតសិស្សនិទ្ទេសA ឆ្នាំ២០១៩ (ឈាន ធីហ្វុងឡុងអេង) Front
​ភ្នំពេញ​៖ សល់​ជាង​ខែ​ទៀត​ប៉ុណ្ណោះ ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្ដើម​។ អតីត​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៩ ឈាន ធី​ហ្វុ​ង​ឡុង​អេង បាន​ចែករំលែក​គន្លឹះ​សំខាន់ៗ សម្រាប់​ការត្រៀមខ្លួន​មុន​ប្រឡង ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ដោយ​សិស្ស​ត្រូវផ្ដោត​សំខាន់​លើ​មុខវិជ្ជា ដែល​ត្រូវ​ប្រឡង​ឱ្យ​ស្មើៗ​គ្នា​, ដឹង​ពី​សមត្ថភាព​ខ្លួន​ឱ្យ​ច្បាស់​, បែងចែក​កាលវិភាគ​ស្វ័យ​សិក្សា​ឱ្យ​ត្រឹមត្រូវ ជាពិសេស​ពេល​ប្រឡង​ត្រូវ​សរសេរ​លើ​ក្រដាស​កិច្ច​ការឱ្យ​ច្បាស់ៗ និង​មាន​របៀប​ល្អ​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឈាន ធី​ហ្វុ​ង​ឡុង​អេង ជា​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៩ ដូចតទៅ​៖ 
 

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អតីត​សិស្ស​និទ្ទេស​A មកពី​ខេត្តកំពង់ចាម បាន​លើកឡើងថា រយៈពេល​៣​ខែ​នេះ សិស្ស​ត្រូវតែ​ផ្ដោត​សំខាន់​លើ មុខវិជ្ជា​៧​មុខ​ដែល​ត្រូវ​ប្រឡង​ឱ្យ​ស្មើៗ​គ្នា និង​ត្រូវ​ដឹង​ពី​សមត្ថភាព​របស់ខ្លួន​ឱ្យ​ច្បាស់​ថា​ពូកែ ឬ​ខ្សោយ​លើ​មុខវិជ្ជា​អ្វី ដើម្បី​បែងចែក​កាលវិភាគ​ស្វ័យ​សិក្សា​ឱ្យបាន​ត្រឹមត្រូវ​។​
 
​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៩​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​បែងចែក​កាលវិភាគ​ទៅតាម​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន​ឯង​។ បើសិនជា​យើង​ពូកែ​ខាង​ទន្ទេញមេរៀន អីចឹង​កាលវិភាគ​សិក្សា​គួរតែ​ផ្ដោតលើ​ការធ្វើ​លំ​ហាត់​វិញ​ច្រើនជាង ហើយ​បើសិនជា​យើង​ពូកែ​ធ្វើ​លំ​ហាត់ យើង​ត្រូ​ផ្ដោតលើ​មុខវិជ្ជា​ទន្ទេញមេរៀន​ច្រើនជាង​វិញ​»​។ 
 
​តាមរយៈ​បទពិសោធន៍​របស់​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៩ រូបនេះ បាន​យល់ថា ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​ក្នុងការ​ប្រឡង ក្រៅពី​ផ្ដោតលើ​ការ​គណនា​លំ​ហាត់​ឱ្យបាន​ត្រឹមត្រូវ សិស្ស​ត្រូវ​យកចិត្តទុកដាក់​លើ​របៀប​នៃ​ការសរសេរ​ឱ្យបាន​ច្បាស់ៗ មាន​របៀប​ល្អ និង​ប្រយ័ត្ន​ចំណុច​តូចៗ​ដូចជា​សញ្ញា​រង្វង់​ក្រចក សញ្ញា​គុណ ចែក បូក ដក ព្រោះ​បើ​ក្រដាស​ប្រឡង​ស្អាត​មាន​របៀប និង​ចម្លើយ​ត្រឹមត្រូវ​ទៀត​នោះ នឹង​ងាយ​ទទួលបាន​ពិន្ទុ​ខ្ពស់​ក្នុង​ការប្រឡង​។​
 
​លោក ឡុង​អេង បាន​បន្ថែម​ដូច្នេះ​ថា​៖«​មុខវិជ្ជា​គណិត លំ​ហាត់​មាន​បែប​បត់​និង​ទម្រង់​ខុសៗ​គ្នា ដូចជា​លំ​ហាត់​អាំង​តេ​ក្រាល ចំណុច​ពិសេស​យើង​អត់​គួរ​ភ្លេច ដេ​អ៊ិ​ច​នៅ​កន្ទុយៗ​វា​ទេ កាលណា​យើង​ភ្លេច​វា​អាច​បាត់បង់​មួយ​ពិន្ទុៗ រាប់​ទៅ​ច្រើន​ដែរ​។ មួយទៀត​ចំពោះ​រូបវិទ្យា យើង​ត្រូវ​សរសេរ​តាម​លំដាប់លំដោយ  សំនួរ​ទីមួយ​គេ​សួរ​អំពី​អី យើង​ដាក់​សំនួ​រហើយ យើង​គួរតែ​ប្រើ​រូបមន្ត​ណា​ដែល​ទាក់ទង​ជាមួយ​សំនួរ​ហ្នឹងហើយ​ស្រង់​បម្រាប់​ជំនួស​លេខ​ចូល​ហើយ គណនា​។ ចំពោះមុខ​វិជ្ជាជីវៈ​វិទ្យា​វិញ គឺ​ប្លែក ដោយ​យើង​ត្រូវតែ​ស្រង់​បម្រាប់​ជាមុនសិន ថា​គេ​ឱ្យ​អី​មក​ខ្លះ ហើយ​បាន​យើង​ទាញ​ពី​បម្រាប់​ហ្នឹង នាំ​យើង​ទៅរក​រូបមន្ត​ដែល​យើង​ចង់​ធ្វើ​»​។ 

Tag:
 សិស្ស​និទ្ទេស​A
  អប់រំ​
 ​សម្ភាស​
 ​ឈាន ធី​ហ្វុ​ង​ឡុង​អេង​
© រក្សាសិទ្ធិដោយ thmeythmey.com