ជាតិ
បណ្តាអភិបាលរងរាជធានី ទទួលភារកិច្ចដឹកនាំក្រុមការងារប្រចាំនៅទីតាំងប៉ះពាល់ដោយទឹកជំនន់
17, Oct 2020 , 1:16 pm        
រូបភាព
លោកអភិបាលរង នួន ផារ័ត្ន ទទួលខុសត្រូវនៅភូមិសាស្ត្រតំបន់សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ជាមួយលោក ហួត ហៃ ដោយ​ប្រចាំការនៅរង្វង់មូលកួរស្រូវ។ រូបថត៖គណនីហ្វេសប៊ុក លោក នួន ផារ័ត្ន
លោកអភិបាលរង នួន ផារ័ត្ន ទទួលខុសត្រូវនៅភូមិសាស្ត្រតំបន់សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ជាមួយលោក ហួត ហៃ ដោយ​ប្រចាំការនៅរង្វង់មូលកួរស្រូវ។ រូបថត៖គណនីហ្វេសប៊ុក លោក នួន ផារ័ត្ន
ដោយ: រួបរួម
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារប្រចាំការនៅតាមទីតាំងរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ ក្រុមការងារទាំងបី សុទ្ធតែដឹកនាំដោយបណ្តាអភិបាលរងរាជធានីផ្ទាល់ រួមទាំងថ្នាក់ដឹកនាំក្នុងសាលរដ្ឋបាល និងមន្ទីរនានា ជាមួយនឹងការបង្ហាញលេខទូរសព្ទផ្ទាល់របស់មន្ត្រីទាំងនោះ។



យោងតាមសេចក្តីសម្រេចរបស់លោក ឃួង ស្រេង ចុះថ្ងៃទី១៦ ខែតុលា ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ត្រូវទទួលដោះស្រាយរាល់បញ្ហា និងសហការជួយសង្គ្រោះបឋមនៅមានសភាពការសំខាន់ៗក្នុងភូមិសាស្ត្ររាជធានី។

ក្រុមការងាទី១ ដែលទទួលខុសត្រូវនៅភូមិសាស្ត្រតំបន់សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ខណ្ឌដង្កោ ដឹកនាំដោយ លោក នួន ផារ័ត្ន និងលោក ហួត ហៃ។ ក្រុមដែលមានសមាជិក៣១រូបនេះ ប្រចាំការនៅរង្វង់មូលស្ត្រីឱបកួរស្រូវ។

ក្រុមទី២ ទទួលខុសត្រូវភូមិសាស្ត្រតំបន់ សង្កាត់គងនយ សាក់សំពៅ និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលដឹកនាំដោយ លោក មាន ចាន់យ៉ាដា, លោក ស៊ុយ សេរិទ្ធ និងលោកស្រី កែវ សុខពិសី។ ក្រុមនេះ ប្រចាំការនៅមុខផ្សារព្រៃជ្រៃ ដែលមានសមាជិក៣៨រូប។

រីឯក្រុមទី៣ មានលោក កើត ឆែ ជាប្រធាន ដែលត្រូវប្រចាំការនៅសាលារាជធានីភ្នំពេញ ដោយមានសមាជិក១៦នាក់។



ក្នុងករណីចាំបាច់ ក្រុមការងារទាំងបី ត្រូវរាយការណ៍ជូនអភិបាលរាជធានី ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍បន្ថែម៕




Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com