បក្សកាន់អំណាចនូវែលសេឡង់របស់នាយករដ្ឋមន្រ្តី អាឌើន ឈ្នះឆ្នោតលើសលុប
អន្តរជាតិ
បក្សកាន់អំណាចនូវែលសេឡង់របស់នាយករដ្ឋមន្រ្តី អាឌើន ឈ្នះឆ្នោតលើសលុប
17, Oct 2020 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា​ អាឌើន ថ្លែងទៅកាន់អ្នកគាំទ្រ។ រូបភាព AFP
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា​ អាឌើន ថ្លែងទៅកាន់អ្នកគាំទ្រ។ រូបភាព AFP
គណបក្សពលកររបស់នាយករដ្ឋមន្ត្រីនូវែសេឡង់ ចាស៊ីនដា អាឌើន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភានៅថ្ងៃទី១៧ ខែតុលា។ ជ័យជម្នះលើ COVID-19 ត្រូវបានមើលឃើញថា ជាកត្តាសំខាន់សម្រាប់ជ័យជម្នះបក្សកាន់អំណាច។ មេដឹកនាំបក្សប្រឆាំងនូវែលសេឡង់ ក៏ទទួលយកបរាជ័យនេះ និងសាទរលោកស្រី អាឌើន ។

 
គណបក្សពលករកំពុងកាន់អំណាចទទួលបានសំឡេងគាំទ្រចំនួនជាង៤៩ភាគរយ ហើយរំពឹងថា ទទួលបានកៅអីសភា៦៤ ឬច្រើនជាងនេះ។ បក្សបៃតងដែលជាដៃគូក្នុងរដ្ឋាភិបាលទទួលបានសំឡេងគាំទ្រចំនួន៧,៦ភាគរយ។ ជាមួយសំឡេងគាំទ្រនេះ បក្សពលកររបស់នាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន នឹងបន្តដឹកនាំនូវែលសេឡង់បីឆ្នាំទៀត ព្រោះកាន់កាប់សំឡេងភាគច្រើនក្នុងសភាដែលមាន១២០កៅអី។ 
 
គណបក្សជាតិ ដែលជាបក្សប្រឆាំង ទទួលសំឡេងគាំទ្រចំនួន២៧ភាគរយពីក្នុងចំណោមសន្លឹកឆ្នោតដែលរាប់រួចរាល់ចំនួនជាង៨០ភាគរយទៅហើយនោះ។ ទោះឈ្នះសំឡេងដែលនៅសល់ក្ដី បក្សនេះក៏មិនអាចយកឈ្នះបក្សពលករបានដែរ។ 
 
នេះជាលើកដំបូងដែលបក្សនយោបាយនៅនូវែលសេឡង់ ឈ្នះកៅអីសភាច្រើនបែបនេះ តាំងពីការអនុវត្តប្រព័ន្ធបោះឆ្នោតសមាមាត្រនៅឆ្នាំ១៩៩៦ ដែលចាប់ពីពេលនោះ នូវែលសេឡង់តែងដឹកនាំដោយរដ្ឋាភិបាលចម្រុះ។
 
លោកស្រី អាឌើន បានអរគុណប្រជាជននូវែលសេឡង់សម្រាប់ជ័យជម្នះនេះ។ ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់បក្សនៅទីក្រុងវែលីងតោន នាយករដ្ឋមន្ត្រីរូបនេះនិយាយថា រដ្ឋាភិបាលលោកស្រី នឹងបន្តដឹកនាំនូវែលសេឡង់ដូចដែលបានសន្យាក្នុងពេលធ្វើយុទ្ធនាការ គឺសុទិដ្ឋិនិយមពីអនាគត។ មុននេះបន្តិច លោកស្រី អាឌើន ក៏ទទួលបានការសាទរពីមេដឹកនាំបក្សប្រឆាំង ដែលប្រកាសចុះចាញ់ផងដែរ។
 
ការដោះស្រាយ COVID-19 បានល្អ ជាកត្តាសំខាន់ដែលនាំឲ្យបក្សកាន់អំណាចឈ្នះជាមួយនឹងសំឡេងច្រើនបែបនេះ។ ខុសពីប្រទេសមួយចំនួនដែលករណីឆ្លងច្រើន នូវែលសេឡង់ដែលអនុវត្តវិធានការតឹងរ៉ឹង មានករណីឆ្លងចំនួន១៨៨៣នាក់ និងស្លាប់២៥នាក់ប៉ុណ្ណោះ៕
 

Tag:
 នូវែលសេឡង់
  Jacinda Ardern
© រក្សាសិទ្ធិដោយ thmeythmey.com