COVID-19
អន្តរជាតិ
លោក ត្រាំ សម្រុកធ្វើយុទ្ធនាការមួយថ្ងៃបីរដ្ឋ ខណៈការស្ទង់មតិបង្ហាញថា តាមពីក្រោយលោក បៃឌិន
18, Oct 2020 , 12:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Michigan ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Michigan ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទើបសះស្បើយពីជំងឺ COVID-19 បានសម្រុកធ្វើយុទ្ធនាការរកការគាំទ្រពីប្រជាជនអាមេរិកសម្រាប់ការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងពេលមួយថ្ងៃ លោក បានឃោសនាដល់ទៅបីរដ្ឋ ដែលសុទ្ធសឹងជារដ្ឋសំខាន់ និងមានទំនោរមិនដាច់ស្រេច ហើយឆ្លៀតរិះគន់គូប្រជែង ចូ បៃឌិន មិនដាច់ពីមាត់ផង។ ក្នុងស្ទង់មតិចុងក្រោយ លោក បៃឌិន បន្តនាំមុខលោក ត្រាំ ក្នុងគម្លាតធំគួរសមដដែល។

 
ការកើតជំងឺ COVID-19 តម្រូវឲ្យលោក ដូណាល់ ត្រាំ ផ្អាកការធ្វើយុទ្ធនាការប៉ុន្មានថ្ងៃ ដែលវាធ្វើជាឱកាសសម្រាប់លោក ចូ បៃឌិន ក្នុងការឃោសនា។ ក្រោយការសះស្បើយ លោក ត្រាំ ក៏ប្រឹងបន្ថែមល្បឿនដើម្បីស្វែងរកសំឡេងគាំទ្រនៅដំណាក់កាលសំខាន់នៃការធ្វើយុទ្ធនាការ ខណៈការបោះឆ្នោតនៅសល់១៦ថ្ងៃទៀតប៉ុណ្ណោះ។
 
នៅថ្ងៃទី១៧ ខែតុលា លោក ត្រាំ ឃោសនាដល់ទៅបីរដ្ឋឯណោះក្នុងមួយថ្ងៃ។ នៅរដ្ឋ Michigan លោក ត្រាំ បានវាយប្រហារបក្សប្រជាធិបតេយ្យថា ចង់លុបំបាត់ប្រវត្តិសាស្រ្តអាមេរិក និងតម្លៃរបស់អាមេរិក។ លោកក៏និយាយចោទប្រកាន់គូប្រជែងកៅអីប្រធានាធិបតីអាមេរិករបស់ខ្លួនចំពោះមុខអ្នកគាំទ្រទៀតថា លោក បៃឌិន ជាមនុស្សពុករលួយ និងជំរុញឲ្យមានសវនាការដកតំណែងពីលោកកាលពីឆ្នាំមុនផងដែរ។ 
 
«ចូ បៃឌិន ជាអ្នកនយោបាយពុករលួយ ហើយគ្រួសារ បៃឌិន ជាក្រុមហ៊ុនពុករលួយ។ គាត (បៃឌិន) ជាឧក្រិដ្ឋជន ជាហានិភ័យសន្តិសុខជាតិ។» លោក ត្រាំ និយាយបែបនេះទៅកាន់អ្នកគាំទ្រដែលស្រែកសាទរលោក។ ចេញពី Michigan លោក ត្រាំ បន្តដំណើរទៅកាន់រដ្ឋ Wisconsin  និងបញ្ចប់នៅរដ្ឋ Nevada ។ លោកស្រី Kayleigh McEnany  អ្នកនាំពាក្យរបស់លោក ត្រាំ ប្រាប់ទូរទស្សន៍ Fox News ថា នេះជាយុទ្ធសាស្រ្តលោក ត្រាំ ។
 
ការប្រឹងប្រែងរបស់លោក ត្រាំ មិនមែនជារឿងប្លែកឡើយ ព្រោះលោកកំពុងតាមពីក្រោយលោក បៃឌិន ក្នុងការស្ទង់មតិកន្លងមក។ បើតាមការស្ទង់មតិរបស់វេបសាយ RealClearPolitics បេក្ខជនបក្សប្រជាធិបតេយ្យកំពុងនាំមុខដៃគូរបស់លោកចំនួន៩ភាគរយ។ យ៉ាងណាមិញ គេក៏មិនគួរភ្លេចដែរថា លោក ត្រាំ ក៏ធ្លាប់ជួបស្ថានភាពបែបនេះកាលពីឆ្នាំ២០១៦ ពេលដែលោកប្រជែងកៅអីប្រធានាធិបតីជាមួយលោកស្រី ហ៊ីឡារី គ្លីនតុន ។
 
ការគាំទ្ររបស់ប្រជាជនជារឿសំខាន់ ប៉ុន្តែអ្នកដែលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក គឺប្រតិភូដែលបេក្ខជននីមួយៗទទួលបានពីការបោះឆ្នោតទូទៅ។ នៅឆ្នាំ២០១៦ លោកស្រី ហ៊ីឡារី ទទួលសំឡេងឆ្នោតច្រើនជាងលោក ត្រាំ ប៉ុន្តែលោក ត្រាំ មានចំនួនប្រតិភូច្រើនជាង ព្រោះលោកឈ្នះនៅបណ្ដារដ្ឋដែលមានចំនួនប្រតិភូច្រើន៕
 

Tag:
 អាមេរិក
  ដូណាល់ ត្រាំ
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com