អន្តរជាតិ
យោធាវៀតណាម២២នាក់បាត់ខ្លួន ក្រោយដីបាក់ចំបន្ទាយនៅខេត្តភាគកណ្ដាល
18, Oct 2020 , 11:48 am        
រូបភាព
ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម។ រូបភាព AFP
ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម។ រូបភាព AFP
កងទ័ពវៀតណាមចំនួន២២នាក់ បានបាត់ខ្លួនក្រោយហេតុការណ៍បាក់ដីកើតលើបន្ទាយយោធានៅខេត្តភាគកណ្ដាលនៅព្រឹកថ្ងៃទី១៨ ខែតុលា។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម។ ហេតុការណ៍នេះកើតឡើងក្រោយសាកសពយោធា១៣នាក់ ត្រូវបានរកឃើញក្រោយហេតុការណ៍បាក់ដីមួយទៀតនៅថ្ងៃទី១៦ ខែតុលា។

 
តាំងពីខែដើមខែតុលាមក វៀតណាម រងការវាយប្រហារផ្ទួនៗដោយព្យុះបក់មកពីសមុទ្រចិនខាងត្បូង ដែលនាំយកទឹកភ្លៀងមិនចេះដាច់។ ការជួយសង្រ្គោះ ដែលកំពុងធ្វើឡើង ប្រឈមមុខបញ្ហាបាក់ដី និងការធ្លាក់ភ្លៀងខ្លាំង។
 
នៅថ្ងៃទី១៨ ខែតុលា រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា មានទាហានយ៉ាងហោចណាស់២២នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពមួយកន្លែងចំណុះយោធភូមិភាគទី៤ ក្នុងខេត្ត Quang Tri ភាគកណ្ដាលប្រទេស។ ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម ឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ប្រាប់អ្នកសារព័ត៌មានទាំងក្ដុកក្ដួលថា យើងមិនបានដេកលក់ឡើយ។
 
ខេត្ត Quang Tri ជាតំបន់រងគ្រោះខ្លាំងដោយសារទឹកជំនន់។ ខេត្ត Thua Thien Hue ក្បែរខាង ក៏រងគ្រោះខ្លាំងក្នុងគ្រោះទឹកជំនន់ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៦៤នាក់ហើយនោះ។ កម្រិតទឹកភ្លៀង រំពឹងថា នឹងបន្តកើនឡើង ព្រោះព្យុះមួយចំនួនទៀត នឹងបោកបក់ដល់វៀតណាមរហូតដល់សប្ដាហ៍ក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
នៅខេត្ត Thua Thien Hue ដដែល ក្រុមអ្នករុករកបានរកឃើញសាកសពចំនួន១៣ ដែលភាគច្រើនជាយោធា ដែលបានកប់ក្រោមបំណាក់ដីអំឡុងពេលចេញប្រតិបត្តិការសង្រ្គោះនៅទីតាំងវារីអគ្គីសនីមួយកន្លែង៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com