ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កញ្ញា ចៅ មនោរម្យ មកពីបារាំងដើម្បីបង្កើតក្រុមហ៊ុនសម្ភារជីកំប៉ុស្តព្រោះចង់ឲ្យពលរដ្ឋចេះកែច្នៃសំរាម
18, Oct 2020 , 9:29 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា ចៅ មនោរម្យ ជាស្ថាបនិក Compost City ដែលជាសហគ្រាសលក់សម្ភារធ្វើជីកំប៉ុស្តនៅផ្ទះ។ ជាកូនខ្មែរ ដែលកើតនៅប្រទេសបារាំង មនោរម្យ បានមករស់នៅកម្ពុជារយៈពេល៥ឆ្នាំមកហើយ។ តាមពិតទៅ យុវតីរូបនេះ  មានបំណងមករស់នៅស្រុកកំណើតខ្លួនព្រោះចង់ប្រកបការងារសមរម្យមួយ និងចង់ចេះនិយាយភាសាកំណើតខ្លួនប៉ុណ្ណោះ ប៉ុន្តែដោយស្រលាញ់បរិស្ថាន និងចង់ឱ្យពលរដ្ឋ ពិសេសអ្នកភ្នំពេញ ចេះកាត់បន្ថយសំរាមក្នុងផ្ទះ មនោរម្យ បានមានគំនិតបង្កើត Compost City នេះឡើងនៅក្នុងឆ្នាំ២០១៩។


 
ច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយកញ្ញា ចៅ មនោរម្យ ស្ថាបនិក Compost City ដូចតទៅ៖ 

 
 
កញ្ញា ចៅ មនោរម្យ ជាស្ថាបនិកCompost City។ មានសម្ដីមួយៗបែបរឌឺន មនោរម្យ បានពន្យល់ថា ដំបូងឡើយនាងគ្រាន់តែចង់កាត់បន្ថយសំរាមដែលបានប្រើប្រាស់ជាប្រចាំថ្ងៃប៉ុណ្ណោះ។ ហើយយុវតីរូបនេះ ក៏បានរិះរកពីវិធីកាត់បន្ថយសំរាម តាមប្រព័ន្ធអ៊ីនធឺណិត ដែលពេលនោះ នាងបានរកឃើញ វិធីកាត់បន្ថយសំណល់ផ្ទះបាយ ដោយការធ្វើជីកំប៉ុស្ត ។
 
កញ្ញា មនោរម្យ បានរៀបរាប់ដូច្នេះថា៖«តាមពិតពីដំបូង ខ្ញុំអត់ស្គាល់ពាក្យជីកំប៉ុស្តទេ ខ្ញុំគ្រាន់តែបានចាប់អារម្មណ៍រឿងសំរាម ហើយដោយសារខ្ញុំចង់កាត់បន្ថយ ប្លាស្ទិក និងរបស់ដែលប្រើប្រាស់ម្ដងបោះចោល។ ខ្ញុំបានព្យាយាមសិក្សាដំណោះស្រាយ ខ្ញុំសួរខ្លួនឯងថា ធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយកាកសំណល់ផ្ទះបាយដែលខ្ញុំមាននៅផ្ទះ រួចហើយខ្ញុំបានមើលក្នុងអ៊ីនធឺណិត គេនិយាយពីជីកំប៉ុស្ត អីចឹងខ្ញុំបានស្រាវជ្រាវ ថាជីកំប៉ុស្តជាអីគេ? គេធ្វើយ៉ាងម៉េច? ហើយខ្ញុំក៏បានធ្វើវា»។ 
 
ក្រោយពីបានកាត់បន្ថយសំរាម ដោយការធ្វើជីកំប៉ុស្តខ្លួនឯងហើយ មនោរម្យ បានទទួលជ័យលាភីលេខ១ជាមួយប្រាក់រង្វាន់ចំនួន៣ពាន់ដុល្លារ ក្នុងកម្មវិធីប្រកួតមួយ ដែលផ្ដោតលើដំណោះស្រាយការពារបរិស្ថាននៅឆ្នាំ២០១៩។ កាលនោះ មនោរម្យ បានយកប្រធានបទ ការធ្វើជីកំប៉ុស្ត ដើម្បីកាត់បន្ថយសំរាមដាក់ប្រកួត។
 
ដោយសម្លឹងឃើញសំរាមជាផ្នែកដ៏ធំមួយ ដែលបានបំផ្លាញបរិស្ថាន ស្រ្តីសម្បុរស្រអែមរូបនេះ ក៏បានយកប្រាក់រង្វាន់ដែលឈ្នះនោះ មកបើកអាជីវកម្មលក់សម្ភារធ្វើជីកំប៉ុស្តដែលមានយីហោ Compost City។ ការបើកអាជីវកម្មនេះ គឺចង់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញ គិតគូពីបញ្ហាសំរាម និងចេះកាត់បន្ថយសំរាមក្នុងផ្ទះដោយខ្លួនឯង។ 
 
អស់រយៈពេលជាង១ឆ្នាំហើយ ដែលCompost City បានបើកដំណើរការ។ សហគ្រិនវ័យ៣០ឆ្នាំរូបនេះ បានយល់ថា វាជាអាជីវកម្មដ៏ថ្មីសន្លាងនៅកម្ពុជា ហើយនាងទទួលស្គាល់ថា វាពិតជាពិបាកក្នុងការផ្សព្វផ្សាយដល់អតិថិជនផងដែរ។ «ទាំងអស់គ្នាខ្វល់ខ្វាយពីបរិស្ថានចង់ឃើញទេសភាពស្អាត ប៉ុន្តែអត់សូវចង់ដោះស្រាយវាខ្លួនឯងទេ ឬគិតថាបញ្ហានោះវាធំពេក អីចឹងរឿងជីកំប៉ុស្តវាថ្មី ពេលខ្លះវាអត់សូវស្រួលផ្សព្វផ្សាយពីវា»។ នេះជាការអះអាងរបស់ កញ្ញា ចៅ មនោរម្យ ដោយនាងបញ្ជាក់ថា រយៈពេលជាង១ឆ្នាំនេះ Compost City ទទួលបានអតិថិជនជាង៨០នាក់ប៉ុណ្ណោះ។
 
ដ្បិតចំនួនអតិថិជន ដែលបានគាំទ្រCompost City មានមិនសូវច្រើនក៏ពិតមែន តែសម្រាប់សហគ្រិន មនោរម្យ សប្បាយចិត្ត និងមានមោទកភាពចំពោះកិច្ចការដែលខ្លួនធ្វើកន្លងមក និងបានជួយឱ្យមនុស្សជាង៨០នាក់ បានកាត់បន្ថយសំរាមដោយខ្លួនឯង។ «យើងមានជាង៨០នាក់ដែលបានទិញឈុតជីកំប៉ុស្ត អីចឹងមាន៨០គ្រួសារជាងដែលមានចំណេះដឹងពីការធ្វើជីកំប៉ុស្តពីកាកសំណល់ផ្ទះបាយ អីចឹងពួកគាត់ខ្វាយខ្វាយច្រើនពីសំរាម និងពួកគាត់បានប្រាប់យើងថាពួកគាត់ចាប់ផ្ដើមធ្វើសួនដាំដំណាំ ពេលចាប់ផ្ដើមធ្វើជីកំប៉ុស្តហ្នឹង»។ 
 
និយាយក្នុងសម្ដីជឿជាក់ នាពេលខាងមុខកញ្ញា មនោរម្យ ចង់ដឹកនាំCompost City ឱ្យមានសក្ដានុពលខ្លាំងជាងនេះ ដោយមិនត្រឹមតែលក់សម្ភារធ្វើជីកំប៉ុស្តប៉ុណ្ណោះទេ តែកញ្ញាក៏ចង់បើកវគ្គបណ្ដុះបណ្ដាលពីការធ្វើជីកំប៉ុស្ដ និងការកែច្នៃសំរាមផងដែរ៕

Tag:
 ចៅ មនោរម្យ
  ជីកំប៉ុស្ត
 SME
© រក្សាសិទ្ធិដោយ thmeythmey.com