ជាតិ
សង្គមជាតិ
អ្នកស្រី ត្រឹង ងា បានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រពីរាជបណ្ឌិត្យសភាកម្ពុជា
19, Oct 2020 , 2:10 pm        
រូបភាព
អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ថ្នាក់បញ្ចប់
អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ថ្នាក់បញ្ចប់
ដោយ: ថ្មីៗ
អ្នកស្រី ត្រឹង ងា ឈ្មោះ ដើម ឡាយ ហ៊ុនគី បានទទួលសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រពីរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។



លោក ត្រឹង បញ្ចារុណ កូនទី៣របស់អ្នកស្រី ឡាយ ហ៊ុនគី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ក្នុងនាមជាកូន លោក ពិតជាសប្បាយនិងត្រេកអរណាស់ ដែលម្តាយរបស់លោក ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្រ្តខ្មែរ ពីរាជបណ្ឌិត្យសភាកម្ពុជា។ លោក ថ្លែងថា៖«គាត់ បានធ្វើការងារបម្រើប្រទេសជាតិយូរមកហើយ ទម្រាំតែគាត់ ចូលនិវត្ត។ គាត់ ស័ក្តិសមនឹងទទួលបាន [សញ្ញាបត្រកិត្តិបណ្ឌិតនេះ]។ វា ជាមោទនភាពសម្រាប់ខ្ញុំជាកូន និងសម្រាប់ខ្លួនគាត់ផ្ទាល់»។

លោក ត្រឹង បញ្ចារុណ ផ្តល់ព័ត៌មានថា ម្តាយរបស់លោក មានជំងឺពុកឆ្អឹងខ្នងនិងជំងឺលើសសម្ពាធឈាម ហើយគួបផ្សំនឹងវ័យជរាផងនោះ គឺធ្វើឲ្យសុខភាពរបស់ម្តាយ ទន់ខ្សោយ។ លោក បន្តថា ម្តាយរបស់លោក មិនអាចងើបដើរបានឡើយ។ និយាយមួយៗ និងសំឡេងក្នុងស្ថានភាពរវើយៗ លោក ត្រឹង បញ្ចារុណ មានប្រសាសន៍ថា៖«គាត់ នៅសម្រាកតែនៅលើក្រែ យើងបញ្ចុកបាយគាត់»។



អ្នកស្រី ឡាយ ហ៊ុនគី អាយុ៨៥ឆ្នាំ មានឈ្មោះល្បីល្បាញតាមរយៈស្នាដៃសៀវភៅ «អរិយធម៌ខ្មែរ» ថ្នាក់បញ្ចប់  ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៧៤។ អ្នកស្រីជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប។

ត្រឹង ងា ជាឈ្មោះស្វាមីរបស់អ្នកស្រី ដែលជាអតីតសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» ភាគទី១ និងទី២ ដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣។ សាស្ត្រារ្យត្រឹង ងា ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅមន្ទីរស-២១ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ១៩៧៥។



សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រដែលរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន អ្នកស្រី ឡាយ ហ៊ុនគី ហៅ ត្រឹង ងា ជាការលើកកម្ពស់សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ៕





© រក្សាសិទ្ធិដោយ thmeythmey.com