អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេ​ឌី​ត ប្រកាស​ប្តូរ​ម្ចាស់​ភាគហ៊ុន​ថ្មី​ជា​ផ្លូវការ​
19, Oct 2020 , 3:52 pm        
រូបភាព
​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន​ក្រេ​ឌី​ត បានប្រកាស​ប្តូរ​ម្ចាស់​ភាគហ៊ុន​ថ្មី​ជា​ផ្លូវការ បន្ទាប់ពី​ស្ថាប័ន​ក្នុងស្រុក​មួយ​នេះ លក់​ភាគហ៊ុន​១០០%​ទៅ​ឲ្យ​ក្រុមហ៊ុន CHENG FUNG INVESTMENT(CFI) និង​ក្រុមហ៊ុន​NETGOLD INVESTMENT (NETGOLD )​។ ការទិញ​លក់​នេះ ធ្វើឡើង​តាំងពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ និង​បាន​បិទ​បញ្ចប់​ការទិញ​លក់ នៅ​ថ្ងៃទី ០១​ខែ តុលា ឆ្នាំ​២០២០​។
 
​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី លោកស្រី ប៊ុត កេ​រ៉ា​ឌី បាន​មានប្រសាសន៍ថា ការសម្រេច​វិនិយោគ លើ​វិស័យ​ហិរញ្ញវត្ថុ​នាពេលនេះ គឺ​ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​មាន​សុខុមាលភាព​អាជីវកម្ម​ល្អ ក៏ដូចជា​ដើម្បី​រួមចំណែក លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា ទាំង​ទីក្រុង និង​ជនបទ​ដែល​កំពុងមាន​តម្រូវការ​ហិរញ្ញវត្ថុ យកទៅ​ពង្រីក ឬ​បង្កើត មុខរបរ​របស់​ពួកគាត់​។ លោកស្រី ប៊ុត កេ​រ៉ា​ឌី  បន្តទៀតថា ការវិនិយោគ​នេះ ក៏​ដើម្បី​រួម​ចំណ​ក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការរក្សា​ស្ថិរភាព​សេដ្ឋកិច្ចជាតិ​ផងដែរ​។ តាម​លោកស្រី ប៊ុត កេ​រ៉ា​ឌី  សម្រាប់​ឆ្នាំ​២០២១​ខាងមុខ ក្រុមហ៊ុន គ្រោង​បន្ថែម​ដើមទុន​វិនិយោគ ២៥ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។​


 
​លោក ញាណ វីរៈ ប្រធាន​អគ្គនាយក​របស់​គ្រឹះស្ថាន​បាយ័ន ក្រេ​ឌី​ត ម​.​ក បាន​មានប្រសាសន៍ថា  ភាព​ប៉ិនប្រសប់ និង​គុណ​វ​ឌ្ឍ​របស់​បុគ្គលិក ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាច្រើន​ឆ្នាំ នឹង​អាចធ្វើ​ឲ្យ​គ្រឹះស្ថាន​មាន​សមត្ថភាព ប្រកួតប្រជែង​នៅលើ​ទីផ្សារ​សម័យ​ទំនើប នៃ​វិស័យ​ហិរញ្ញវត្ថុ​ដូច​បច្ចុប្បន្ន​។ 
 
​តាម លោក ញាណ វីរៈ គ្រឹះស្ថាន​បាយ័ន​ក្រេ​ឌី​ត គឺ​ផ្តោត​យកចិត្តទុកដាក់​ខ្លាំង លើ​ការបម្រើ​សេវាកម្ម​អតិថិជន ក្នុងការ​ប្រកួតប្រជែង ស្របតាម​ពាក្យស្លោក​របស់ខ្លួន​គឺ «​ផ្តល់ជូន​លោកអ្នក​នូវ​សេវាកម្ម​ជាទី​គាប់ចិត្ត​” (BRING THE BEST)»​។ តាមរយៈ​ទិស​ស្លោក​នេះ ក្រុមហ៊ុន មានការ​រចនា​ផលិតផល តាម​តម្រូវការ​អត​ថិ​ជន បំពាក់​បច្ចេកវិទ្យា​ធនា​គារ​ថ្មី​ទំនើបៗ គឺ​ធ្វើយ៉ាងណា បំពេញ​តាម​ការចង់បាន​របស់​អតិថិជន និង​ផ្តល់​ល​ទ្ឋ​ផល​ជា​វិជ្ជមាន ជូន​ភាគហ៊ុន​និក ដោយ​អនុលោម​តាមច្បាប់ ជាពិសេស​ការប្រកាន់​ភ្ជាប់ និង​អនុវត្តតាម​សេចក្តីណែនាំ របស់​ធនាគារជាតិ ដែលជា​អាណាព្យាបាល​។ 
 


​លោក​ប្រធាន​អគ្គនាយក បាន​បន្ថែម​ដោយ​សុទិដ្ឋិនិយម​ទៀតថា​៖« គ្រឹះស្ថាន បាយ័ន ក្រេ​ឌី​ត បាន​រចនា​នូវ​ពាណិជ្ជសញ្ញា​ថ្មី ដែលជា​អត្តសញ្ញាណ​មួយ​យ៉ាង​ជាក់លាក់ ដល់​សាធារណជន ជាមួយនឹង​បេសកម្ម និង​ចក្ខុវិស័យ​យូរអង្វែង ផែនការអាជីវកម្ម​ច្បាស់លាស់ ការសហការ​គ្នា រវាង​បុគ្គលិក និង​បុគ្គលិក​គ្រប់​ឋានៈ ព្រមទាំង​គោលការណ៍​អភិបាលកិច្ច​ល្អ នឹងធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ដណ្តើមបាន​ការគាំទ្រ​យ៉ាងខ្លាំង នៅពេល​ដ៏​ខ្លី​ខាងមុខ​»​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ គ្រឹះស្ថាន បាយ័ន ក្រេ​ឌី​ត ក៏បាន​ធ្វើ​ពិធីសូត្រមន្ត ក្រុង​ពាលី ឡើង​អាគារ​ការិយាល័យ​ថ្មី ដែលមាន​អាស័យដ្ឋាន​ស្ថិត នៅ​អគារ​លេខ ៣៤២​មហាវិថី ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ អគារ​ថ្មី​នេះ មាន​កម្ពស់ ១៩​ជាន់ សាងសង់ឡើង តាម​បទដ្ឋាន​ស្តង់ដារ​ត្រឹមត្រូវ ហើយ​កន្លែង​បម្រើ​អតិថិជន​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​។ អគារ​ថ្មី​នេះ បាន​ចំណាយ​ទឹកប្រាក់​ក្នុងការ​រចនា ជិត​មួយ​លាន​ដុល្លារ​អាមេរិក​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេ​ឌី​ត ម​.​ក បាន​បង្កើត​តាំង ពី​ឆ្នាំ​២០១១​ដោយ​ទទួលបាន អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ហិរញ្ញវត្ថុ និង​ទទួលបាន​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម ភតិសន្យា​នៅ​ឆ្នាំ​២០១៧ ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ គិត​មកទល់​សព្វថ្ងៃ មាន​ការិយាល័យ​សាខា​ប្រតិបត្តិការ ចំនួន​៦​កន្លែង នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ និង​មាន​អតិថិជន​ប្រាក់កម្ចី ជាង​២,៩៣២​នាក់ និង​មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​ជិត​១០០​នាក់ មាន​ដើមទុន​ចុះបញ្ជី​ថ្មី ៣ លាន​ដុល្លារ​អាមេរិក​៕





 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com