COVID-19
អន្តរជាតិ
កំណើនសេដ្ឋកិច្ច​ចិន បន្ត​មាន​សន្ទុះ​ក្នុង​ត្រីមាស​ទី​៣
19, Oct 2020 , 9:19 pm        
រូបភាព
ទូរកុងតឺន័រ នៅកំពង់ផែទឹកជ្រៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ។ រូបភាព៖ Reuters
ទូរកុងតឺន័រ នៅកំពង់ផែទឹកជ្រៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ។ រូបភាព៖ Reuters
ដោយ:
​សេដ្ឋកិច្ច​ចិន បន្ត​ធូរស្រាល​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ជាមួយ​កំណើនសេដ្ឋកិច្ច​ចន្លោះ​ខែកក្កដា​និង​កញ្ញា កើនឡើង​៤,៩​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំមុន​។ នេះ​បើតាម​តួលេខ​ផ្លូវការ​ចុងក្រោយ​។ យ៉ាងណាមិញ តួលេខ​នេះ គឺ​ទាប​ជាង​ការ​ព្យាករ​ទុក ៥,២​ភាគរយ​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​ខ្លះ​។

 
​វិបត្តិ​កូ​វីដ​-១៩ ដែល​បាន​ផ្ទុះឡើង​ដំបូង​ក្នុង​ចុងឆ្នាំ​២០១៩ បាន​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ចិន​។ ៣​ខែ​ដើមឆ្នាំ​២០២០ សេដ្ឋកិច្ច​ចិន​ដាំ​ក្បាល​ចុះ ៦,៨​ភាគរយ នៅពេល​សកម្មភាព​រោង​ចក្រ​និង​ឧស្សាហកម្ម​នៅ​ទូទាំងប្រទេស​ផ្អាក​ដំណើរការ​។ នេះ​ជា​លើកដំបូង​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង​បែបនេះ​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ 
 
​យោងតាម​ទិន្នន័យ​ពី​កា​រិ​យា​លល័យ​ស្ថិតិ​ជាតិ​របស់​ចិន នៅ​ថ្ងៃទី ១៩ ខែតុលា ផលិតផល​ក្នុងស្រុក​សរុប (GDP) ចិន បាន​កើន ៤,៩​ភាគរយ​ក្នុង​ចន្លោះ​ខែកក្កដា​-​កញ្ញា ហើយ​លឿន​ជាង​កំណើនសេដ្ឋកិច្ច ៣,២​ភាគរយ​ក្នុង​ត្រីមាស​ទី​២ ។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​យ៉ាងណាមិញ កំណើនសេដ្ឋកិច្ច​ចិន​នេះ គឺ​ទាប​ជាង​ការ​ព្យាករ​ទុក ៥,២​ភាគរយ របស់​អ្នកជំនាញ​សេដ្ឋកិច្ច​ក្នុង​ការស្ទង់មតិ​របស់​ទីភ្នាក់ងារ Reuters ។ ចំណែក ក្នុងពេល​៩​ខែ​ដើមឆ្នាំ​២០២០ សេដ្ឋកិច្ច​របស់​យក្ស​អាស៊ី​មួយ​នេះ កើន ០,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។ ទិន្នន័យ​ផ្លូវការ​ដដែល​នេះ បង្ហាញ​បែបនេះ​។ 
 
​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន​នេះ កើតឡើង​ក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ចេញ​ចំណាត់ការ​ជាច្រើន​ក្នុងឆ្នាំនេះ រួមមាន បង្កើន​ការចំណាយ​ថវិកាជាតិ បន្ធូរ​បន្ថយពន្ធ ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់​លើក​ម្ចី និង​តម្រូវការ​បម្រុង​របស់​ធានា​ដើម្បី​ស្ដារ​សេដ្ឋកិច្ច និង​គាំទ្រ​ការងារ​។ 
 
​ម្យ៉ាងទៀត សេដ្ឋកិច្ច​ចិន​សម្រាប់​ត្រីមាស​ក្រោយ ក៏​រំពឹង​មាន​សន្ទុះ​អំឡុង «​សប្ដាហ៍​មាស​» ដែលជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ក្នុង​ខែតុលា ពោលគឺ​ចាប់ផ្ដើម​ពីថ្ងៃ​១ ដល់​ថ្ងៃទី​៧ ខែតុលា​។ ខណៈ​ការធ្វើដំណើរ​អន្តរជាតិ​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ ប្រជាជន​ចិន​រាប់លាន​នាក់ បានធ្វើ​ដំណើរ និង​ចាយវាយ​ក្នុងស្រុក​ជំនួស​វិញ អំឡុងពេល​ឈប់សម្រាក​នេះ​។ 
 
 
​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាង នៅ​ដើមខែ​តុលា បាន​ព្រមាន​ថា ចិន​ត្រូវការ​ប្រឹងប្រែង​ខ្លាំង​បន្ថែមទៀត​ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​ពេញ​មួយឆ្នាំ​របស់ខ្លួន ខណៈ​បរិយាកាស​សេដ្ឋកិច្ច​បរទេស​និង​ក្នុងស្រុក​មាន​ភាពស្មុគស្មាញ​៕ 
 
 

Tag:
 ចិន​
  សេដ្ឋកិច្ច​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com