ជាតិ
សង្គមជាតិ
អ្នកមាន​ស្នាដៃ​និង​ឥស្សរជន​៥​រូប ទទួលបាន​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​
19, Oct 2020 , 9:39 pm        
រូបភាព
ជួរខាងលើពីឆ្វេងដៃទៅ គឺអ្នកស្រី ឡាយ ហ៊ុនគី ហៅ ត្រឹង ងា និង អ្នកស្រី អ៊ឹង កន្ថាផាវី (រូយដោយសហការី)។ ជួរខាងក្រោមពីឆ្វេងដៃទៅ គឺលោក វង្សី វិស្សុត (រូបពីក្រសួងព័ត៌មាន) លោក ឡុង វិសាលោ (រូបពីរាជបណ្ឌិត្យសភា) និង លោក ខេង សុមេធ (រូបពីគណនីហ្វេសប៊ុក Cheal Pat)
ជួរខាងលើពីឆ្វេងដៃទៅ គឺអ្នកស្រី ឡាយ ហ៊ុនគី ហៅ ត្រឹង ងា និង អ្នកស្រី អ៊ឹង កន្ថាផាវី (រូយដោយសហការី)។ ជួរខាងក្រោមពីឆ្វេងដៃទៅ គឺលោក វង្សី វិស្សុត (រូបពីក្រសួងព័ត៌មាន) លោក ឡុង វិសាលោ (រូបពីរាជបណ្ឌិត្យសភា) និង លោក ខេង សុមេធ (រូបពីគណនីហ្វេសប៊ុក Cheal Pat)
​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានចេញ​សេចក្តីសម្រេច​៥​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ គឺ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ ស្តីពី​ការផ្តល់​សញ្ញាបត្រ​កិត្តិ​បណ្ឌិត​នៃ​រាជបណ្ឌិត្យ​កម្ពុជា ដល់​មនុស្ស​៥​រូប ដែលជា​បញ្ញវន្ត ជា​អ្នកមាន​ស្នាដៃ​បម្រើ​ប្រទេសជាតិ និង ជា​ឥ​ស្សជន​។​

 
​បុគ្គល​ទាំង​៥​រូបនោះ​គឺ​៖

​អ្នកស្រី ឡាយ ហ៊ុន​គី ដែល​គេ​ស្គាល់​ជាទូទៅ​ថា អ្នកស្រី ត្រឹង ងា ម្ចាស់​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​ក្បាល គឺ​សៀវភៅ​អរិយធម៌​ខ្មែរ ទទួលបាន​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។​
 
​អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ច​ការនារី ទទួលបាន​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​រដ្ឋបាល​សាធារណៈ​។ 
 
​លោក ឡុង វិ​សា​លោ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបាន​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។ 
 
​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទទួលបាន​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​សេដ្ឋកិច្ច​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ភូមិភាគ​ទី​៤​និង​ទី​៥ ទទួលបាន​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​វិស្វកម្ម​។ 
 
​ដោយឡែក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បានទទួល​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធនធានទឹក កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។ 
 
​សញ្ញាបត្រ​កិត្តិ​បណ្ឌិត គឺជា​សញ្ញាបត្រ​កិត្តិយស​ថ្នាក់បណ្ឌិត សម្រាប់​ជូន​ដល់​បុគ្គល​ណា ដែល​គេ យល់ថា មានគុណ​បំណាច់​ដល់​ប្រទេសជាតិ​។ ក្រៅពី​សញ្ញាបត្រ​កិត្តិ​បណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជា ក៏មាន​គោរមងារ​កិត្តិយស​ដែរ ដូចជា គោរមងារ​ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរមងារ​ជា​កិត្តិ​បរិរក្ស​បណ្ឌិត គោរមងារ​ជា​កិត្តិ​នីតិ​កោ​លស​បណ្ឌិត គោរមងារ​ជា​កិត្តិ​សេដ្ឋា​បណ្ឌិត និង គោរមងារ​ជា កិត្តិ​សង្គហ​បណ្ឌិត ជាដើម​។ 
 
​កន្លងមក ឥស្សរជន​នានា បានទទួល​គោរមងារ​កិត្តិយស​ទាំងនេះ រាប់​ចាំ​តាំងពី​សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ទទួល​បានដែរ គឺ​គោរមងារ​ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​
 
​ឥស្សរជន​ផ្សេងទៀត រួមមាន លោក គាត ឈន់ ប្រធានកិត្តិយស​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ទទួលបាន​គោរមងារ​ជា​កិត្តិ​បរិរក្ស​បណ្ឌិត លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង លោក ប៉ែន បញ្ញា តំណាងរាស្ត្រ ជាដើម សុទ្ធតែ​ទទួលបាន​គោរមងារ​ដូចគ្នា គឺ​កិត្តិ​នីតិកោសល​បណ្ឌិត​៕ 

Tag:
 សញ្ញាបត្រ​កិត្តិ​បណ្ឌិត​
  ត្រឹង ងា​
  អ៊ឹង កន្ថាផាវី​
  ខេង សុមេធ​
  ឡុង វិ​សា​លោ​
  វ​ង្សី វិស្សុត
© រក្សាសិទ្ធិដោយ thmeythmey.com