កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​សន្សំ​ពិន្ទុ​៖ ទោះ​យឺត​ពេល​ប្រកួត​១​ខែ ដោយសារ COVID-19 តែ​ការប្រកួត​ត្រូវ​បញ្ចប់​ធម្មតា​
19, Oct 2020 , 11:00 pm        
រូបភាព
​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខណ្ឌ UEFA Champions League រដូវ​កាល ២០២០-២១ នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅ​ដើម​សប្តាហ៍​នេះហើយ ពោលគឺ​ចាប់ពី​យប់​ថ្ងៃទី​២០ ខែតុលា​តទៅ​។



​ដោយសារ​បញ្ហា​ជំងឺ COVID-19 បានធ្វើ​ឲ្យ​ក្រុម​ទាំង ៣២ ត្រូវ​យឺតយ៉ាវ​ក្នុងការ​ប្រកួត​រយៈពេល​មួយខែ ខុសពី​កាលវិភាគ​ឆ្នាំ​មុខៗ​។ យ៉ាងណាក៏ដោយ​វគ្គ​សន្សំ​ពិន្ទុ​ពី​ពូ​ល A ដល់ H នេះ តម្រូវ​ឲ្យ​បញ្ចប់​ដូច​ធម្មតា នា​ដើមខែ​ធ្នូ​ដដែល​។ 
 
​ក៏មាន​ជំនួប​គូ​ពិសេស​ផងដែរ​នៅ​វគ្គ​ជម្រុះ​នេះ ដោយ​ក្នុងនោះ Paris St Germain នឹងត្រូវ​ទទួលភ្ញៀវ Manchester United ក្នុង​ពូ​ល H នៅ​រាត្រី​ថ្ងៃទី​២១ ខែតុលា វេលា​ម៉ោង ២:០០​នាទី អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ទាំងពី​ធ្លាប់​ប៉ះគ្នា​រួចមកហើយ​កាលពី​ឆ្នាំ​ទៅមួយ ដោយ​បិសាច​ក្រហម​បានធ្វើ​ឲ្យ​ក្រុម​យក្ស​បារាំង​ខកចិត្ត​នៅ​វគ្គ​១៦​ក្រុម​។​
 
Barcelona ត្រូវ​ទទួលភ្ញៀវ Ferencvaros នៅ​ជំនួប​បើកឆាក​ពូ​ល G ខណៈ​ការប្រកួត​នៅ​ថ្ងៃ​បន្ទាប់​មានការ​ជួបគ្នា​រវាង​ម្ចាស់​ការពារ​ជើងឯក Bayern Munich ទល់ Atletico Madrid នៅ​ពូ​ល A ហើយ Ajax ទទួល Liverpool ពូ​ល D​។​
 
​រហូតមកទល់​ពេលនេះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ក៏ដូចជា​ក្លិប​ធំៗ​ក្នុងចំណោម ៣២ នេះ​នៅតែ​មានការ​ព្រួយ​ខ្លះ អំពី​កីឡាករ​របស់​ពួកគេ​ដែល​កំពុង​អនុវត្តន៍​ពិធីសារ​សុខាភិបាល និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​ឆ្លង​ជំងឺ​រាតត្បាត​សកល COVID-19​។​
 
​ក្នុងនោះដែរ ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ក៏​ស្ថិត​ក្នុងចំណោម​កីឡាករ​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន COVID-19 ផងដែរ ហើយ​រូបគេ​ត្រូវ​ខកខាន​ការប្រកួត​បើកឆាក​របស់ Juventus ពេល​ប៉ះ Dynamo Kie នៅ​យប់​ថ្ងៃទី​អង្គារ​នេះដែរ​៕

Tag:
 Champions League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com