ជាតិ
ព្រះមហាក្សត្រ
សម្តេចម៉ែ ព្រះរាជទានទានសៀវភៅ «ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍» ដល់សារព័ត៌មានថ្មីៗ
20, Oct 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈព្រះរាជខុទ្ទកាល័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ ស្តេចសព្វព្រះរាជហឫទ័យព្រះរាជទានសៀវភៅ «សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍» ដ៏មានសារសំខាន់បំផុតជាប្រវត្តិសាស្ត្រ ជូនដល់សារព័ត៌មានថ្មីៗ។





សៀវភៅ «សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍» ដែលមានកម្រាស៨០ទំព័រ ពណ៌នារំលេចនូវព្រះរាជហឫទ័យភក្តី និងបេ្តជ្ញាចំពោះព្រះរាជកាតព្វកិច្ចរបស់ព្រះអង្គ ដែលជាស្ត្រីដ៏ឆ្នើមមួយព្រះអង្គ នាឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ជន្មាយុ៨០ព្រះវស្សារបស់ព្រះអង្គ។



អមដោយរូបភាព និងឯកសារផ្សេងៗ សៀវភៅ «សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍» ចងក្រងដោយបណ្ឌិតឯកអគ្គរាជទូត ហូលីយ៉ូ អេ.ជែលដ្រេស (Julio A.Jeldres) ហើយមាតិកាដំបូងផ្តើមដោយការរៀបរាប់ពី «ព្រះរាជដំណើរជីវិត៨០ឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍» របស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ 



«អស់រយៈពេល៦០ឆ្នាំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមិនគ្រាន់តែបានបំពេញព្រះរាជតួនាទីជាព្រះមហេសី និងជាដៃគូជីវិតពោរពេញទៅដោយភក្តីភាពរបស់ព្រះកុរណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាទីស្រឡាញ់ កាលពីព្រះអង្គគង់នៅជានាយករដ្ឋមន្ត្រី ជាព្រះប្រមុខរដ្ឋ ជាមេដឹកនាំចលនាប្រឆាំង និងជាព្រះមហាក្សត្រ តែប៉ុណ្ណោះទេ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះអង្គតំណាងឲ្យ ព្រះវីរភាពនៃភាពរឹងមាំរបស់ព្រះរាជវង្សានុវង្ស ក្នុងការផ្តល់ការគាំទ្រស្មារតីដល់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ដែលព្រះអង្គត្រូវការចាំបាច់បំផុតក្នុងដំណាក់កាលមួយដ៏សែនលំបាកដើម្បីឲ្យព្រះអង្គអាចបំពេញព្រះរាជតួនាទីនយោបាយ និងការទូត ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាថែមទៀតផង»។ នេះជាព្រះរាជសំណេររបស់ព្រះករុណា ព្រះមហាក្សត្រ ដែលជាព្រះរាជបុត្រ។



មាតិកាបន្តបន្ទាប់​ទៀត លើកឡើងពី កំណត់ត្រាដ៏អស្ចារ្យមួយស្តីពីភក្តីភាព ការបរិច្ចាគ ការប្តេជ្ញាហឫទ័យរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា, ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន, ជីវិតនិរទេសក្នុងរយៈពេលដ៏យូរអង្វែង, ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា, ព្រះរាជពង្សាវតារនៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា។



ទូលព្រះបង្គំ យើងខ្ញុំដែលជាថ្នាក់ដឹកនាំ និងសហការីទាំងអស់របស់សារព័ត៌មានថ្មីៗ សូមថ្លែងនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជទានសៀវភៅដ៏មានសារប្រយោជន៍ជាប្រវត្តិសាស្ត្រនេះ និង​សូមលំឱនកាយថ្វាយព្រះពរជ័យ បវរសួស្តី សេរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តរ៍តរៀងទៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com