ការជជែកដេញដោលចុងក្រោយរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក បៃឌិន បេក្ខជនបក្សប្រជាធិបតេយ្យក្នុងសប្ដាហ៍នេះ នឹងដាក់បញ្ចូលច្បាប់ថ្មីមួយដោយការបិទសំឡេងមេក្រូហ្វូនចោល ដើម្បីអនុញ្ញាតឲ្យបេក្ខជននីមួយៗនិយាយដោយគ្មានការរំខាន។ អ្នករៀបចំកម្មវិធីនេះ បញ្ជាក់បែបនេះ នៅថ្ងៃទី ១៩ ខែតុលា ក្រោយការតស៊ូមតិលើកទី១ មានភាពអនាធិបតេយ្យខ្លាំង។
ការជជែកដេញចោលចុងក្រោយ នឹងរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ក្នុងទីក្រុង Nashville រដ្ឋ Tennessee ។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងធ្វើតេស្តកូវីដ-១៩ មុនឡើងឆាកទល់មុខនឹងលោក ចូ បៃឌិន ខណៈលោក បៃឌិន ក៏នឹងធ្វើតេស្តដូចគ្នា។
ក្រោយមានប្រវត្តិជូរចត់នាការជួបមុខដោយផ្ទាល់លើកទី១ គណៈកម្មការរៀបចំការជជែកដេញដោលប្រធានាធិបតីអាមេរិក បានបញ្ជាក់នៅថ្ងៃទី ១៩ ខែតុលាថា មីក្រូហ្វូនរបស់បេក្ខជនដែលមិនទាន់ដល់វេននិយាយ នឹងត្រូវបិទសំឡេងចោល ដើម្បីអនុញ្ញាតឲ្យបេក្ខជនម្នាក់ទៀតនិយាយដោយគ្មានការរំខាន។ ច្បាប់នេះ អនុវត្តសម្រាប់២នាទីដំបូងនៃវគ្គ១៥នាទី នីមួយៗ។ ២នាទីនេះ គឺបេក្ខជនត្រូវឆ្លើយសំនួររបស់អ្នកសម្របសម្រួល។
យ៉ាងណាមិញ មីក្រូហ្វូនបេក្ខជនទាំងពីរនាក់ នឹងត្រូវបើកសំឡេងឡើងវិញ ក្រោយ២នាទីដំបូងនេះចប់ ដើម្បីឲ្យពួកគេជជែកឆ្លើយឆ្លងទៅវិញទៅមក។
លោក ដូណាល់ ត្រាំ បាននិយាយរំខានលោក បៃឌិន អំឡុងការជជែកដេញដោលប្រធានាធិបតីលើកទី១ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ហើយលោក បៃឌិន បានឆ្លើយតបដោយស្រែកគំហកទៅកាន់លោកត្រាំ។
ក្រុមឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានបង្ហាញការជំទាស់ចំពោះការផ្លាស់ប្តូរនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកចាត់ការយុទ្ធនាការ Bill Stepien លើកឡើងថា ប្រធានាធិបតី ត្រាំ តាំងចិត្តជជែកដេញដោលជាមួយលោកចូ បៃឌិន ប្រសិនបើគ្មានការផ្លាស់ប្តូរវិន័យនៅនាទីចុងក្រោយ ពីសំណាក់គណៈកម្មាការ ដែលលម្អៀងទៅរកបេក្ខជនដែលពួកគេពេញចិត្ត។
ក៏ប៉ុន្តែ ខាងក្រុមឃោសនាបោះឆ្នោតរបស់លោកបៃឌិន ពុំទាន់ប្រតិកម្មអ្វីនឹងការផ្លាស់ប្តូរវិន័យនេះឡើយ។ ម្យ៉ាងទៀត ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ក៏មិនពេញចិត្តនឹងប្រធានបទដែលគ្រោងដាក់ឲ្យពិភាក្សាផងដែរ ដោយពួកគេចង់ឲ្យផ្តោតសំខាន់លើគោលនយោបាយការបរទេស។
សម្រាប់ការតស៊ូមតិនេះ ប្រធានបទគឺមានដូចជា ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្រុមគ្រួសារអាមេរិក បញ្ហាពូជសាសន៍ បម្រែបម្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ។ អ្នកស្រី Kristen Welker អ្នកសារព័ត៌មាននៃទូរទស្សន៍ NBS នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធីជជែកដេញដោលប្រធានាធិបតីលើកទី៣នេះ ។
លោក ត្រាំ បានបដិសេធចូលរួមការជជែកដេញដោលប្រធានាធិបតីលើកទី២ ដែលបានកំណត់រៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយហេតុតែមិនពេញចិត្តនឹងទម្រង់តាមអនឡាញរបស់កម្មវិធី។ កាលនោះ លោកបារម្ភថាគេនឹងបិទសំឡេងមីក្រូហ្វូនលោកចោលស្រេចតែចិត្ត។
ខណៈការបោះឆ្នោតអាមេរិកនៅសេសតែ១៤ថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនអាមេរិកជាង៣០លាននាក់បានបោះឆ្នោតរួចរាល់ហើយ។ តួលេខនេះ តំណាងឲ្យ១ភាគ៥នៃសន្លឹកឆ្នោតសរុបក្នុងឆ្នាំ២០១៦។ សម្រាប់ពេលវេលាស្ដួចស្ដើងនេះ លោក ត្រាំ ដែលទើបជាសះស្បើយពីជំងឺកូវីដ-១៩ ហាក់ពិបាករកសំឡេងគាំទ្រក្នុងរដ្ឋសំខាន់ៗ ស្របពេលដែលលោកបៃឌិនកំពុងនាំមុខ។
ការបោះឆ្នោតមុនពេលកំណត់ ទំនងជាមានសន្ទុះខ្លាំងក្នុងសប្ដាហ៍នេះ ខណៈរដ្ឋកាន់តែច្រើនបានបើកមណ្ឌលបោះឆ្នោត សម្រាប់ចៀសវាងការប្រមូលផ្ដុំមនុស្សកកកុញពេកអំឡុងថ្ងៃបោះឆ្នោតធំ។ តួយ៉ាង ក្នុងរដ្ឋ Florida ដែលសន្លឹកឆ្នោត២,៥លានសន្លឹកបានផ្ញើតាមប្រៃសណីយ៍រួចរាល់ហើយនោះ ពលរដ្ឋអាមេរិកយ៉ាងច្រើន បានចាប់ផ្ដើមតម្រង់ជួរបោះឆ្នោតមុនពេលកំណត់ដោយផ្ទាល់នៅមណ្ឌលបោះឆ្នោតពួកគេ៕