ជាតិ
ទឹកទន្លេ​មេគង្គ​ខាងលើ​នឹង​បន្ត​ហក់​ឡើង ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​
21, Oct 2020 , 8:59 am        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២០ ខែតុលា នេះ​ថា ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ភ្ជាប់​នឹង​វិ​សម្ពាធ បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ និង​តំបន់​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។​

 
​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​កើនឡើង​ជា​លំដាប់ ដោយនៅ​ថ្ងៃទី​២៤ ខែតុលា ស្ថានីយ​ជលសា​ស្ត្រ មេគង្គ​ស្ទឹងត្រែង អាច​ឡើងដល់​កម្រិត​៩.៥០​ម៉ែត្រ​។ នៅ​ថ្ងៃទី​២៥ ខែតុលា ទឹក​អាច​ឡើងដល់​កម្រិត​២០​ម៉ែត្រ​នៅ​ស្ថានីយ​ជលសា​ស្ត្រ​មេគង្គ​-​ក្រចេះ ហើយ​នា​ថ្ងៃទី​២៦ ខែកក្កដា កម្ពស់​ទឹក​អាច​ដល់​១៤.១០​ម៉ែត្រ​នៅ​ស្ថានីយ​មេគង្គ​-​កំពង់ចាម​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួង​បាន​បញ្ជាក់ថា ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ​ខាងលើ នៅមាន​សភាព​ទាប​ជាង​កម្រិត​ខ្ពស់​ប្រកាសអាសន្ន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ ប៉ុន្តែ​ក្រសួង​នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​៕

Tag:
 អាកាសធាតុ​
  ទឹកជំនន់​
  មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com