ជាតិ
សង្គមជាតិ
មរណភាព​Chef រិទ្ធី គណកម្មការក​ម្ម​វិធី Master Chef khmer ជាការ​បាត់បង់​ធនធាន​ចុងភៅ​មួយរូប
21, Oct 2020 , 12:11 pm        
រូបភាព
លោក ស៊ឺ សោ​ភ័​ណ្ឌ​រិទ្ធី ដែល​គេ​និយម​ស្គាល់​ថា «Judge រិទ្ធី​» ក្នុង​កម្មវិធី Master Chef Khmer
លោក ស៊ឺ សោ​ភ័​ណ្ឌ​រិទ្ធី ដែល​គេ​និយម​ស្គាល់​ថា «Judge រិទ្ធី​» ក្នុង​កម្មវិធី Master Chef Khmer
ដោយ:
​ភ្នំពេញ​៖ លោក ស៊ឺ សោ​ភ័​ណ្ឌ​រិទ្ធី ដែល​គេ​និយម​ស្គាល់​ថា «Judge រិទ្ធី​» ក្នុង​កម្មវិធី Master Chef Khmer ទាំង​រដូវ​កាល​ទី​១ និង​រដូវ​កាល​ទី​២​នេះ បានទទួល​មរណភាព វេលា​ម៉ោង​២​យប់ ឈានចូល​ថ្ងៃទី​២១ ខែតុលា ដោយសារ​ជំងឺ​ប្រចាំកាយ ។

 
​ភរិយា​របស់លោក ស៊ឺ សោ​ភ័​ណ្ឌ​រិទ្ធី បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក រិទ្ធី បាន​មរណភាព​កាលពី​ម៉ោង​២​យប់ ឈានចូល​ថ្ងៃទី​២១ ខែតុលា ដោយសារ​ជំងឺ​លើស​ជាង​ស្ករ ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​ផ្សេងៗ​ទៀត​។ ភរិយា​លោក ស៊ឺ សោ​ភ័​ណ្ឌ​រិទ្ធី​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ប្តី​ខ្ញុំ​គាត់​ឈឺ​ជំងឺ​ទាំងនេះ​អស់​រយៈពេល​២​ឆ្នាំ​ហើយ​។ ហើយ​គាត់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​អស់​រយៈពេល​១០​ថ្ងៃ​មក​ក្រោយ ដោយ​ធ្វើទុក្ខ​ខ្លាំង​រយៈពេល​២ ទៅ​៣​ថ្ងៃមុន​។ ហើយ​គាត់​ក៏​ស្លាប់​នៅ​យប់មិញ​នៅ​មន្ទីរពេទ្យ​ខេ​មា​»​។ 
 
​បើតាម​ភរិយា​លោក ស៊ឺ សោ​ភ័​ណ្ឌ​រិទ្ធី ពិធី​បុណ្យសព​របស់លោក រិទ្ធី កំពុងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
 
​លោក រិ​ន ណា​រ៉ា ដែល​និយាយ​តំណាង​ឲ្យ​កម្មវិធី Master Chef Khmer មានការ​សោកស្តាយ និង​ទុក្ខព្រួយ​ជាខ្លាំង ចំពោះ​ការបាត់បង់​លោក ស៊ូ ភណ្ឌ​រិទ្ធី​។ លោក រិ​ន ណា​រ៉ា ចាត់ទុកថា​ការបាត់បង់​សមាជិក​គណៈកម្មាការ​ក​ម្ម​វិធី​Master Chef Khmer​មួយរូប​នេះ ប្រៀបដូចជា​បាត់បង់​ធនធាន​ផ្នែក​ចុងភៅ​ខ្មែរ​ដ៏​មាន​សមត្ថភាព​មួយរូប​ផងដែរ​។ 
 
«​ការស្លាប់​របស់គាត់ ជា​មហា​ទុក្ខសោក​របស់​ក្រុមគ្រួសារ​របស់គាត់ និង​របស់​សមាជិក​ទាំ​ង​អស់​ក្នុង​កម្មវិធី Master Chef Khmer​។ គាត់​ជា​ចុងភៅ​ឯក​មា្ន​ក់​ដែលមាន​សមត្ថភាព​ខ្ពស់ ព្រោះ​គាត់​មាន​សមត្ថភាព និង​បទពិសោធន៍​លើស​ខ្ញុំ​ច្រើន​ឆ្នាំ​ឯណោះ​។ ខ្ញុំ​ចាត់ទុក​ដូចជា​បងប្រុស​បង្កើត​អ៊ីចឹង​។ នេះ​ជាការ​រៀបរាប់​របស់លោក រិ​ន ណា​រ៉ា​។ 
 
​ចំពោះ​សមាជិក​គណៈកម្មាការ​មា្ន​ក់ទៀត​គឺ Jessica ក៏បាន​ចូលរួម​រំលែក​ទុក្ខ​លោក​រិទ្ធី​ផងដែរ​។  «​គាត់​ប្រៀបដូចជា​គ្រូ ជា​បង ជា​ដៃគូរ​ការងារ​ដ៏​ល្អ ហើយក៏​ជា Chef មួយរូប​ដែលមាន​សម្ថ​ភាព​ខ្ពស់​ផងដែរ​។  ប្អូន​សូម​ឲ្យ​បង​ទៅកាន់​សុគតិភព ហើយ​សូម​បួងសួង​ដល់​បង បើ​មាន​ជាតិ​ក្រោយ​ពិត​សូមកុំ​ឲ្យ​បង​ដូច​ជាតិ​នេះ​អី សូមអោយ​មាន​សុខ​ភាពល្អ​ព្រមទាំង​អាយុ​វែង​ផងដែរ​។ ប្អូន​ពិតជា​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ការបាត់បង់​រូប​បង​ប្រៀបដូចជា​ការបង់​ធនធានមនុស្ស​ដែលមាន​សម្ថ​ភាព​ដ៏​ល្អ​មួយរូប ជា​ចុងក្រោយ​បង​រិទ្ធី​នៅតែ​ស្ថិតក្នុង​ការចងចាំ​ប្អូន និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​»​។ នេះ​ជាការ​រំលែក​ទុក្ខ​របស់​គណៈកម្មការ Jessica ។​
 
​ការបាត់បង់​ចុងភៅ​ខ្មែរ​មួយរូប​នេះ មាន​ពលរដ្ឋ​ដែល​និយម​តាមដាន​កម្មវិធី​ការប្រឡង​ប្រកួត​ធ្វើ​ម្ហូប​នេះ បានបង្ហាញ​ការសោកស្តាយ ដោយ​អ្នកខ្លះ​សឹងតែ​មិន​ជឿថា​គាត់​ស្លាប់​ទៅទៀត ពីព្រោះ​ហាក់បីដូចជា​រយៈពេល​ខ្លី​ពេក ខណៈ​គេ​ឃើញ​វត្តមាន​គាត់ ក្នុង​កម្មវិធី​ប៉ុន្មាន​ថ្ងៃមុន​នៃ​ការស្លាប់​នេះ​។​
 
​បេក្ខជន​ប្រកួត​ធ្វើ​ម្ហូប​ម្នាក់ ក្នុងចំណោម​បេក្ខជន​១៦​នាក់​ទៀត ដែលមាន​ឈ្មោះថា យូ​រ៉ា បាន​សរសេរ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​បង្ហាញ​ការតក់ស្លុត​នូវ​ដំណឹង​មរណភាព​របស់​គណៈកម្មាកា​រ​រិទ្ធី​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ពិតជា​តក់ស្លុត​ខ្លាំងណាស់​Chef ពេល​ដឹងថា​Chef នៅ​ពេទ្យ​ខ្ញុំ​ធ្វើ​អ្វី​មិនកើត​ទេ រត់​ទៅ​ពេទ្យ​ទាំងយប់ បាន​ជូន​ដំណើរ​Chef​ទៅផ្ទះ​លើកចុងក្រោយ​RIP Chef​។ ទើប​និយាយ​ការងារ​ជាមួយ​Chef រួចហើយ​កំពុង​រង់ចាំ​គំរោង​ទាំង​៣​របស់​Chef​ធ្វើ​រួមគ្នា​តែ​គួរអោយ​សោកសៅ​ណាស់​Chef​បាន​ទៅ​ចោល​ខ្ញុំ​ហើយ​ទៅដោយ​គ្មាន​ការ​ត្រលប់​វិញ​ទេ ខ្ញុំ​ចាំ​ទូរ​សព្ទ​Chef ចេះតែ​បាត់​សូន្យឈឹង​ទាល់​ឃើញ​ដំណឹង​នេះ​ធ្វើអោយ​ខ្ញុំ​ទទួលយក​មិន​បានទេ​Chef​។ 
 
​ក្រៅពី​លោក ស៊ូ សុ​ភណ្ឌ​រិទ្ធី ជា​គណៈកម្មាការ​កម្មវិធី Master Chef Khmer ដែលមាន​បទពិសោធន៍​ចំអិនម្ហូប​ជាង​១០​ឆ្នាំ​មកហើយ លោក ក៏​ជា​មេ​ចុងភៅ​ម្នាក់​នៅ​ភោជនីយដ្ឋាន One More Restaurant ផងដែរ​៕ 
 
 
 
 
 

Tag:
 Master Chef khmer
 ​ចុងភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com