សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋាភិបាលអាមេរិក ប្តឹងក្រុមហ៊ុន Google លើការធ្វើជំនួញផ្តាច់មុខ
21, Oct 2020 , 1:59 pm        
រូបភាព
ក្រុមហ៊ុន Google។ រូបភាព៖ AFP
ក្រុមហ៊ុន Google។ រូបភាព៖ AFP
ដោយ:
រដ្ឋាភិបាលអាមេរិក នៅថ្ងៃទី២០ ខែតុលា បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំងនឹងក្រុមហ៊ុនGoogle។ ក្រសួងយុត្តិធម៌អាមេរិកអះអាងថា ក្រុមហ៊ុនGoogle ប្រើប្រាស់ទីផ្សាររបស់ខ្លួនដើម្បីរារាំងមិនឲ្យមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនដទៃ។ បើបណ្តឹងរបស់រដ្ឋាភិបាលអាមេរិកជោគជ័យ នោះក្រុមហ៊ុន Google ទំនងនឹងត្រូវបំបែកជាក្រុមហ៊ុនតូចៗ។



ក្រុមហ៊ុនGoogle ដែលមានតម្លៃសរុបជាង១លានលានដុល្លារ ត្រូវបានរដ្ឋាភិបាលសហព័ន្ធអាមេរិកប្តឹង ដោយក្រោមហេតុផលថា Google ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធានាការរកស៊ីលើជំនួញអ៊ីធឺណិត។ បណ្តឹងខាងលើនេះក៏ត្រូវបានចូលរួមពីសំណាក់រដ្ឋចំនួន១១ផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters។

នៅក្នុងបណ្តឹងដែលដាក់ជូនតុលាការ រដ្ឋាភិបាលអាមេរិកបានអះអាងថា៖« ដោយមិនមានដីការបស់តុលាការ ក្រុមហ៊ុនGoogle នឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រប្រឆាំងការប្រកួតប្រជែងទីផ្សារ ប៉ះពាល់ដល់ដំណើរការប្រកួតប្រែង កាត់បន្ថយជម្រើសរបស់អ្នកប្រើប្រាស់ និងបង្អាក់គំនិតបង្កើតថ្មី»។

បណ្ដឹងដដែលបន្តថា Google មានវត្តមានចំនួន៩០ភាគរយក្នុងការស្វែងរកជាទូទៅ និងចំនួន៩៥ភាគរយក្នុងការស្វែងរកតាមរយៈទូរស័ព្ទនៅអាមេរិក។ ត្រង់នេះ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr អះអាងថា អ្នកស៊ើបអង្កេតរបស់រដ្ឋាភិបាលរកឃើញថា Google មិនមែនប្រកួតប្រជែងលើគុណភាពលទ្ធផលនៃការស្វែងរកលើអ៊ីនធឺណិតឡើយ តែជោគជ័យរបស់ក្រុមហ៊ុននេះអាស្រ័យលើការបង់ប្រាក់ឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ និងកត្តាដទៃទៀត។

តាមបណ្តឹងខាងលើ Google បង់ប្រាក់រាប់ពាន់លានដុល្លារទៅឲ្យក្រុមហ៊ុនផលិតទូរស័ព្ទដូចជា Apple Samsung និងក្រុមហ៊ុនដទៃទៀត ដើម្បីឲ្យ Google ក្លាយជាឧបករណ៍ស្វែងរកដោយស្វ័យប្រវត្តិក្នុងទូរស័ព្ទទាំងនោះ។ ការធ្វើបែបនេះ ពុំអនុញ្ញាតឲ្យក្រុមហ៊ុនដទៃទៀតអាចពង្រីកខ្លួន និងអភិវឌ្ឍកម្មវិធីស្វែងរកឡើយ។ លោក Barr លើកឡើងថា ជាលទ្ធផល គ្មានក្រុមហ៊ុនណាអាចប្រកួតនឹងGoogle ក្នុងតួនាទីស្វែងរក និងពាណិជ្ជកម្មឡើយ។

ចំណែកក្រសួងពាណិជ្ជកម្មអាមេរិក បង្ហាញជំហរថា ខ្លួនទាមទារឲ្យមានការកែប្រែរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់ផលប៉ះពាល់ដោយសារសកម្មភាពប្រឆាំងនឹងការប្រកួតប្រជែង។ ការកែប្រែរចនាសម្ព័ន្ធមានន័យស្មើនឹងឲ្យ Google លក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។

ជាការឆ្លើយតបក្រុមហ៊ុន Google អះអាងថា បណ្តឹងរបស់ក្រសួងយុត្តិធម៌មានចន្លោះប្រហោងជាច្រើន។ ក្រុមហ៊ុននេះសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់ជ្រើសយក Google ព្រោះវាជាជម្រើសរបស់ពួកគេ មិនមែនដោយសារតែត្រូវបានបង្ខំ ឬគ្មានជម្រើសដទៃឡើយ។

ជុំវិញបណ្តឹងទាក់ទងនឹងការធ្វើជំនួញផ្តាច់មុខ រដ្ឋាភិបាលអាមេរិកធ្លាប់ប្តឹងក្រុមហ៊ុនទូរគមនាគមន៍ AT&T កាលពីឆ្នាំ១៩៧៤ ដែលឈានដល់ការបំបែកក្រុមហ៊ុននេះ និង ក្រុមហ៊ុនMicrosoft  កាលពីឆ្នាំ១៩៩៨ ផងដែរ ចំពោះសកម្មភាពអាជីវកម្មដែលប្រឆាំងនឹងការប្រកួតប្រជែង៕

Tag:
 Google
© រក្សាសិទ្ធិដោយ thmeythmey.com