អន្តរជាតិ
ថៃ ទទួលភ្ញៀវ​ទេស​ចរប​រទេស​ជា​លើកដំបូង​ក្នុង​រយៈពេល​៧​ខែ​
21, Oct 2020 , 8:29 pm        
រូបភាព
ភ្ញៀវទេសចរចិនដែលទៅដល់ថៃជាលើកដំបូងក្នុងពេល៧ខែ។ រូបភាព Bangkok Post
ភ្ញៀវទេសចរចិនដែលទៅដល់ថៃជាលើកដំបូងក្នុងពេល៧ខែ។ រូបភាព Bangkok Post
​ដោយ៖កង ម៉េង​ហុង​
 
​ឧស្សាហកម្ម​ទេសចរណ៍​របស់​ថៃ បាន​បោះជំហាន​សន្សឹមៗ​ឆ្ពោះទៅរក​ការ​ងើប​ដំណើរការ​ឡើងវិញ តាមរយៈ​ការទទួល​ភ្ញៀវទេសចរ​ពី​ចិន​។ ភ្ញៀវទេសចរ​ចំនួន​៣៩​នាក់ នៅ​ថ្ងៃទី ២០ ខែតុលា បាន​ជាន់​ទឹកដី​ថៃ ដែលជា​ការមកដល់​ដំបូងបង្អស់​របស់​ទេស​ចរ​បរទេស​ក្រោយ​ការហាមឃាត់​៧​ខែ​មកនេះ​។​

 
​ទេសចរ​ចំនួន​៣៩​នាក់​ដែល​ហោះហើរ​ពី​ទីក្រុង​សៀង​ហៃ បាន​ទៅដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្រុង​បាងកក​នៅ​ថ្ងៃទី​២០ ខែតុលា​។ ការមកដល់​របស់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​នេះ ស្ថិតក្រោម​កម្មវិធី “ ទិដ្ឋាការ​ទេសចរណ៍​ពិសេស​” ដែល​បង្កើតឡើង​ដោយ​អាជ្ញាធរ​ថៃ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ 
 
​កាលពី​ឆ្នាំមុន ថៃ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ជិត ៤០ លាន​នាក់ និង​តាម​ការប៉ាន់ស្មាន​មួយចំនួន​មាន​ច្រើនជាង​នេះ ដែល​ស្មើ​ទៅនឹង​ជាង ១០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ថៃ​។ ប៉ុន្តែ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​ធ្លាក់ចុះ​យ៉ាងគំហុក មិន​ថា​នៅ​ថៃ ឬ​ប្រទេស​ផ្សេង​ឡើយ​។ 
 
​បើតាម​ផែនការ​ដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ខែកញ្ញា ទេសចរ​បរទេស ត្រូវ​ទាញយក​ពាក្យ​កម្មវិធី​តាមដាន COVID-19 ដើម្បី​ប្រើប្រាស់​ក្នុងអំឡុងពេល​ស្នាក់នៅ​។ បន្ទាប់ពី​មកដល់ ពួកគេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ ឬ​មន្ទីរពេទ្យ​ដែល​រៀបចំ​ដោយ​រដ្ឋ​ចំនួន​១៤​ថ្ងៃ ហើយ​ត្រូវ​លិខិតបញ្ជាក់​កន្លែង​ស្នាក់នៅ​រយៈពេល​យូរ​ផងដែរ​។ ជាមួយគ្នានេះ​ផងដែរ ពួកគេ ក៏ត្រូវ​មានការ​ធានារ៉ាប់រង​ពិសេស​និង​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​វីរុស​មុនពេល​ចាកចេញ​។ 
 
​ចំពោះ ភ្ញៀវទេសចរ​បរទេស​ដែល​ស្នាក់នៅ​ថៃ​យ៉ាងតិច ៣០ ថ្ងៃ នឹង​ទទួលបាន​ទិដ្ឋាការ​មាន​សុពលភាព​ចំនួន​៩០​ថ្ងៃ​ដែល​អាច​បន្ត​ជាថ្មី​បាន​ពីរដង​។ ប៉ុន្តែ​ទេសចរ​បរទេស​ទាំងនោះ ក៏​មិនអាច​ដើរហើរ​ក្នុង​ទឹកដី​ថៃ​ដោយ​សេរី​ឡើយ​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ អាកាសយានដ្ឋាន​ថៃ បាន​ត្រៀម​រួចរាល់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាមួយនឹង​ប្រព័ន្ធ​ធ្វើតេស្ត​រក COVID-19 ដែល​ផ្តល់​លទ្ធផល​ក្នុង​រយៈពេល​ត្រឹមតែ ៩០ នាទី​ប៉ុណ្ណោះ​។ ពេល​ឆ្លង​ការ​ព្រលាន ពួកគេ ត្រូវតែ​ឆ្លងកាត់​ការ​ស្កេ​ន​កម្ដៅ​ចំនួន​៣​លើក​។ លើសពីនេះ ក្រុម​អ្នកសារព័ត៌មាន​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ជួប​ជាមួយ​ភ្ញៀវទេសចរ​ដែល​មកដល់​នោះទេ​។​
 
​យ៉ាងហោចណាស់ ជើងហោះហើរ​ពីរ​ផ្សេងទៀត​មកពី​ចិន ត្រូវបាន​គេ​រំពឹងថា នឹង​ទៅដល់​ថៃ​នៅ​ចុងខែ​នេះ​។ ក្រសួងទេសចរណ៍​និង​កីឡា​ថៃ​រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ៤០០ នាក់​នៅ​ដើមខែ​វិច្ឆិកា​។ នាពេល​អនាគត យន្តហោះ​ដឹក​អ្នកទេសចរ ក៏​អាច​ចុះចត​នៅក្នុង​ទិសដៅ​ពេញនិយម​ផ្សេងទៀត​ដូចជា​កោះ​ភូ​កេ​ត​ផងដែរ​៕
 
 

Tag:
 ថៃ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com