អន្តរជាតិ
នាយក​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​ថា ចិន​ជាការ​គំរាមកំហែង​ធំ​បំផុត​ក្នុង​រយៈពេល​វែង​សម្រាប់​ប្រទេស​អង់គ្លេស​
22, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ទង់ជាតិ​ចិន​ត្រូវ​បានដាក់​នៅក្បែរ​បង្គោល​ដែលមាន​បំពាក់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​តាមដាន​នៅក្បែរ​ទីលាន Tiananmen ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ទង់ជាតិ​ចិន​ត្រូវ​បានដាក់​នៅក្បែរ​បង្គោល​ដែលមាន​បំពាក់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​តាមដាន​នៅក្បែរ​ទីលាន Tiananmen ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​។​
ដោយ: VOA
​នាយក​ទីភ្នាក់ងារ​ប្រឆាំង​ចារកម្ម​ក្នុងស្រុក​របស់​ប្រទេស​អង់គ្លេស​បានលើកឡើង កាលពី​ថ្ងៃទី ១៥ ខែតុលា​កន្លងទៅ ពី​ការគំរាមកំហែង​ផ្សេងៗ​ដែល​ប្រទេស​អង់គ្លេស​កំពុង​ប្រឈមមុខ​នោះ រួមមាន​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម និង​ក្រុម​ស្តាំ​ជ្រុលនិយម ដែល​កំពុងតែ​កើនឡើង ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ការគំរាមកំហែង​ដ៏​ធំ​បំផុត ក្នុង​រយៈពេល​វែង​នោះ គឺ​ប្រទេស​ចិន​នោះទេ​។​

 
​លោក Ken McCallum នាយក​ទីភ្នាក់ងារ​ប្រឆាំង​ចារកម្ម MI5 ក្នុងប្រទេស​អង់គ្លេស បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រុង​ឡុង​ដ៍ ក្នុងការ​ថ្លែង​ជា​សាធារណៈ​លើកដំបូង​របស់លោក ក្នុងឋានៈ​ជា​ប្រធាន​ទីភ្នាក់ងារ​នេះ​ថា ពេលបច្ចុប្បន្ន​ប្រទេស​រុស្ស៊ី​បង្ក​ជាការ​គំរាមកំហែង​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ប្រទេស​អង់គ្លេស បើ​និយាយ​ក្នុង​បរិបទ​រវាង​រដ្ឋ​និង​រដ្ឋ​នោះ​។ ក៏ប៉ុន្តែ​ប្រទេស​ចិន​វិញ​នឹង​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ជាង​នេះ សម្រាប់​ប្រទេស​អង់គ្លេស​ក្នុងពេល​អនាគត​។​
 
​លោក​បាន​បន្តថា ខណៈពេលដែល​ប្រទេស​រុស្ស៊ី​បង្ក «​ព្យុះភ្លៀង​ម្តងម្កាល​នោះ​» រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង «​ផ្លាស់ប្តូរ​អាកាសធាតុ​ទាំងមូល​តែម្តង​»​។​
 
​លោក McCallum វ័យ ៤៥​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ក្រុង Glasgow បាន​និយាយថា លោក​គ្រោង​នឹង​ពង្រីក​ប្រតិបត្តិការ​នៃ​ទីភ្នាក់ងារ​របស់លោក ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ខុសច្បាប់​រប​ស់​ប្រទេស​ចិន​។ លោក​បាន​ចូលកាន់​តួនាទី​នៅក្នុង​ផ្នែក​នេះ ចាប់តាំងពី​ខែមេសា​មក​។ 
 
​លោក McCallum បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​លួច​យ​កក​ម្មសិ​ទិ្ធ​បញ្ញា​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានា ក្នុងប្រទេស​អង់គ្លេស ដែល​រួមមាន​គ្រឹះស្ថាន​ឱសថ និង​សាកលវិទ្យាល័យ​ផ្សេងៗ​ជាដើម​។​
 
​លោក​បាន​បន្តថា​៖ «​ចក្រភព​អង់គ្លេស​ចង់​សហការ​ជាមួយ​ប្រទេស​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ជា​សាកល ដូចជា​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជាដើម ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ត្រូវមាន​ភាព​រហ័សរ​ហួស ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ដ៏​គឃ្លើន​នានា ពេលដែល​យើង​ជួបប្រទះ​»​។​
 
​លោក McCallum បាន​ចោទប្រកាន់​រដ្ឋ​បង្ក​អរិភាព​នានា ដូចជា​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី​ជាដើម​នោះ ថា​មិន​ត្រឹមតែ​ធ្វើ​សកម្មភាព​ចារកម្ម​លួច​រឿង​សម្ងាត់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំណត់​គោលដៅ​ចារកម្ម​លើ​វិស័យសេដ្ឋកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ និង​ការព្យាយាម​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អង់គ្លេស​ផងដែរ​។​
 
​លោក McCallum បាន​គូសបញ្ជាក់​យ៉ាង​ដូចនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​សម្តែង​ពី​ក្តីបារម្ភ​ជុំវិញ​សកម្មភាព​ចារកម្ម​ពី​ប្រទេស​ខាងក្រៅ ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​និង​ការបង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​អង់គ្លេស ដោយ​លោក​លើកឡើងថា ទីភ្នាក់ងារ​របស់លោក​កំពុង​ព្យាយាម​បង្អាក់​នូវ​សកម្មភាព​ចូល​លួច ឬ​បំផ្លាញ​ទិន្នន័យ​ស្រាវជ្រាវ​វ៉ាក់សាំង​នោះ​។​
  

​លោក Ken McCallum នាយក​ទីភ្នាក់ងារ​ប្រឆាំង​ចារកម្ម MI5 ក្នុងប្រទេស​អង់គ្លេស ចូលរួម​ក្នុង​សន្និសីទ​មួយ នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។​

​លោក​បាន​បន្ថែមថា​៖ «​វា​ប្រាកដ​ណាស់ លាភសក្ការៈ​ជា​សាកល​ពី​ការរកឃើញ​វ៉ាក់សាំង ដែល​អាច​ប្រើប្រាស់​បាន​ប្រឆាំងនឹង​វីរុស​ដ៏​ប្រល័យ​នេះ គឺមាន​ទំហំធំធេង​ណាស់​»​។​
 
​លោក​មានប្រសាសន៍​បន្ថែ​ម​ក្នុង​សម្តី​ដើម​ថា​៖ «​ខ្ញុំ​គិតថា វា​មាន​ចំណុច​ពីរ ដែល​យើង​កំពុង​ប្រយ័ត្នប្រយែង​នោះ​។ ទីមួយ គឺ​ការប៉ុនប៉ង​លួច​យក​កម្មសិទ្ធិបញ្ញា​ផ្តាច់មុខ​របស់​យើង ដែលជា​សមិទ្ធផល​នៃ​ការស្រាវជ្រាវ​ផលិត​វ៉ាក់សាំង ឬ​ការ​លួច​ចូល​ដើម្បី​បំផ្លាញ​ទិន្នន័យ​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​ហើយ​បន្ទាប់មក​ហានិភ័យ​ទី​ពីរ ដែល​យើង​ត្រូវ​ប្រយ័ត្នប្រយែង​ដែរនោះ គឺ​លទ្ធភាព​ដែល​ការស្រាវជ្រាវ កំពុងមាន​សុចរិត​ភាព​និង​អំណោយផល​ខ្ពស់​នោះ ប៉ុន្តែ​ស្រាប់​តែមាន​ជនណាម្នាក់​ព្យាយាម​បង្ក​ឲ្យ​មាន​ភាព​សង្ស័យ​ទៅលើ​សុចរិត​ភាព​នេះ​ទៅវិញ​»​។​
 
​កាលពី​បី​ខែ​មុន មន្ទីរ​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាតិ​អង់គ្លេស បាន​និយាយថា ក្រុម​ជន​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​នោះ បាន​ព្យាយាម​ចូល​លួច​ទិន្នន័យ​នៃ​ការស្រាវជ្រាវ​វ៉ាក់សាំង​ពី​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឱសថ​មួយចំនួន ក្នុងប្រទេស​អង់គ្លេស​។​
 
​លោក McCallum បាន​និយាយថា​៖ «​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០២០ នេះ បញ្ហា​ប្រ​ឈ​បម​ដ៏​លំបាក​បំផុត​ដែល​ទីភ្នាក់ងារ​ចារកម្ម MI5 និង​រដ្ឋាភិបាល​អង់គ្លេស​កំពុង​ជួបប្រទះ​នោះ គឺ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ជាតិ​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ប្រទេស​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​បណ្តា​ប្រទេស​ដទៃ​ផ្សេងៗ​ទៀត​កំពុងមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ ខណៈពេលដែល​ការគំរាមកំហែង​ពី​ភេរ​វករ ក៏​កើតមាន​ស្របពេល​ជាមួយគ្នានេះ​ផងដែរ​»​។​
 
​លោក​បាន​បន្ថែមទៀតថា​៖ «​យើង​ក៏​ឃើញ​មានការ​លូកដៃ​ចូលក្នុង​ឆាកនយោបាយ​ផងដែរ​។ ឧទាហរណ៍ ដូចជា​ការជះឥទ្ធិពល​ទៅលើ​ការពិភាក្សា​ផ្សេងៗ នៅក្នុង​សហគមន៍​អឺរ៉ុប​។ ក្នុងពេល​ថ្មីៗ​នេះ យើង​បាន​បង្អាក់​សកម្មភាព​ចារកម្ម​ចិន ដែល​ទំនង​ដូចជា​សំដៅ​មកលើ​សហគមន៍​អឺរ៉ុប​ទាំងមូល​»​។​
 
​លោក McCallum ដែល​ធ្លាប់​ធ្វើជា​ភ្នាក់ងារ​បង្កប់ខ្លួន​ឲ្យ​ទីភ្នាក់ងារ​ចារកម្ម MI5 អស់​រយៈពេល ២៤ ឆ្នាំ មុនពេល​លោក​ទទួលបាន​តំណែង​ជានា​យក​ទីភ្នាក់ងារ​នេះ បានស្នើ​ឲ្យ​មាន​ការចុះបញ្ជីឈ្មោះ​ភ្នាក់ងារ​បរទេស ដែល​តម្រូវ​ឲ្យ​អ្នកចរចារ​បញ្ចុះបញ្ចូល​ទីប្រឹក្សា​ផ្នែក​ជំនួញ​មេធាវី និង​ជន​ដទៃទៀត​ដែល​ទទួលបាន​ការផ្គត់ផ្គង់​ថវិកា​ពី​បរទេស​នោះ ចុះបញ្ជី​ស្តី​សកម្មភាព​របស់ខ្លួន​។ នាពេល​បច្ចុប្បន្ននេះ​ការចុះបញ្ជី​នេះ​មានតែ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​។​
 
​លោក​បញ្ជាក់ថា​៖ «​ការចុះបញ្ជី​នេះ​នឹង​ជួយ​ឲ្យ​ប្រទេស​អង់គ្លេស​អាច​ប្រយុទ្ធ​តទល់​លើ «​ការ​លូកដៃ​និង​ឥទ្ធិពល​បរទេស​ដែល​គ្មាន​សុចរិត​ភាព ហើយ​មាន​លក្ខណៈ​ខុសពី​ហានិភ័យ​ចារកម្ម​។​
 
​នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ កាលពី​ខែកក្កដា​ឆ្នាំមុន គណៈកម្មការ​ទទួលបន្ទុក​ចារកម្ម​អន្តរ​គណបក្ស និង​សន្តិសុខ​នៃ​សភា​អង់គ្លេស បាន​ព្រមាន​ថា «​ឥទ្ធិពល​រុស្ស៊ី​ក្នុងប្រទេស​អង់គ្លេស គឺមាន​ស្ថានភាព​ថ្មី​ជាធម្មតា​»​។ គណៈកម្មការ​នេះ​ក៏បាន​រិះគន់ «​ជន​គំនិតអាក្រក់​និង​ជន​អន្តរាគមន៍​ខុសច្បាប់​» ក្នុងប្រទេស​អង់គ្លេស ដែល​រួមមាន​សមាជិកសភា​ជាន់ខ្ពស់​របស់​អង់គ្លេស ដែល​បាន​ជួយ​សម្រួល​លំហូរ​លុយ​ពី​រុស្ស៊ី ចូលទៅក្នុង​ប្រទេស​អង់គ្លេស អស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដោយ​ទទួលបាន​នូវ​ភាព​មាន​ស្តុកស្តម្ភ​ពី​ទង្វើ​នេះ និង​បានប្រែក្លាយ​ទីក្រុង​ឡុង​ដ៍​ទៅជា​«​កន្លែង​លាងលុយកខ្វក់​» សម្រាប់​ប្រទេស​រុស្ស៊ី​។​
 
​សមាជិក​គណៈកម្មការ​ខាងលើ​បានលើកឡើង​នៅក្នុង​របាយការណ៍​ថា​៖ «​ការហូរចូល​លុយ​ពី​រុស្ស៊ី​បាន​ជំរុញ​ឲ្យ​ជន​ដែលមាន​គំនិតអាក្រក់​ដែល​រួមមាន​បុគ្គល និង​អង្គ​ការដែល​គ្រប់គ្រង និង​ចរចា​បញ្ចុះបញ្ចូល​សម្រាប់​ក្រុម​អភិជន​រុស្ស៊ី នៅក្នុង​ប្រទេស​អង់គ្លេស​។ មេធាវី គណនេយ្យករ និង​ទីភ្នាក់ងារ​ផ្នែក​អចលនទ្រព្យ និង​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន ទោះ​ចេតនា​ឬ​អ​ចេតនា​ក្តី នៅក្នុង​ការពង្រីក​ឥទ្ធិពល​របស់​រុស្ស៊ី ដែល​តែងតែ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការលើកស្ទួយ​ផលប្រយោជន៍​ខុសច្បាប់​របស់​រដ្ឋ​រុស្ស៊ី​នោះ​»​។​
 
​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​នាពេល​បច្ចុប្បន្ន​នេះ កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​ផ្នែក​សន្តិសុខ​សារ​ធារ​ណៈ និង​វិនិយោគ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​កិច្ចព្រមព្រៀង​អាជីវកម្ម និង​ការទទួល​គ្រប់គ្រង​ពាក់ព័ន្ធ​នឹង​ជំនួញ​លើ​វិស័យ​ការពារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ចម្បង ដែល​អាច​ត្រូវបាន​រាំងខ្ទប់​ដោយ​អាជ្ញាធរ ប្រសិនបើ​ពួកគេ​ព្រួយបារម្ភ​ថា វា​អាចមាន​ហានិភ័យ​ដល់​ទ្រព្យសម្បត្តិ​សំខាន់​របស់​អង់គ្លេស​នោះ​។​
 
​ទាក់ទង​នឹង​រឿង​ភេរវកម្ម​វិញ លោក McCallum បាន​លើកឡើងថា មានការ​គំរាមកំហែង​កាន់តែច្រើន​ពី​ក្រុម​ជ្រុលនិយម​ស្តាំ​។ ចាប់តាំងពី​ឆ្នាំ ២០១៧ មក ទីភ្នាក់ងារ​ចារកម្ម MI5 បាន​បង្អាក់​ផែនការ​វាយប្រហារ​ភេរវកម្ម​ចំនួន ២៧ លើក ដែល​ក្នុងនោះ​ផែនការ​ចំនួន​ប្រាំបី​លើក ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​ជ្រុលនិយម​ស្តាំ​។ លោក​បាន​ព្រមាន​ថា «​បច្ចុប្បន្ននេះ​ការគំរាមកំហែង​មិនមាន​ទំហំ​ធំ​ដូច​ក្រុម​ភេរវកម្ម​ឥស្លាម​ជ្រុលនិយម​នោះទេ​។ ប៉ុន្តែ​ការគំរាមកំហែង​នេះ​កំពុងតែ​រីកធំឡើងៗ​»​។​
 
​លោក McCallum បញ្ជាក់ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​បាន​បង្ក​ការលំបាក ដើម្បី​រក្សា​ការតាមដាន​លើ​ភេរវជន​ដែលមាន​ការសង្ស័យ ដោយ​លោក​កត់សម្គាល់ថា​ជាមួយនឹង​ចំនួន​អ្នក​ថ្មើរ​ជើងមាន​តិចជាង​មុន​នៅលើ​ដងផ្លូវ​នោះ «​ភ្នាក់ងារ​ឃ្លាំមើល​» អាច​ត្រូវគេ​ចំណាំបាន​ងាយស្រួល​ជាង​មុន​។​
 
​លោក​បាន​បន្ថែមថា ប៉ុន្តែ​រឿង​ដែល​ល្អ​ពី​ការ​រាតត្បាត​នៃ​វីរុស​នោះ គឺថា​មាន​ការធ្វើ​កម្មវិធី​តិចជាង​មុន ហើយ​កន្លែង​ដែលមាន​មនុស្សម្នា​កកកុញ​នោះ ក៏មាន​ចំនួន​តិចជាង​មុន សម្រាប់​ឲ្យ​ពួក​ជន​វាយប្រហារ​ធ្វើការ​កំណត់​ទីតាំង​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com