ជាតិ
ប្រទះឃើញ​ក្រពើ​មួយ​ក្បាល​ងាប់ នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ស្របពេល​ទឹកជំនន់​
22, Oct 2020 , 2:43 pm        
រូបភាព
ក្រពើមួយក្បាលងាប់ នៅក្បែរស្ពានមួយកន្លែង ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប (រូបពីហ្វេសប៊ុករដ្ឋបាលស្រុកអង្គរជុំ ខេត្តសៀមរាប)
ក្រពើមួយក្បាលងាប់ នៅក្បែរស្ពានមួយកន្លែង ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប (រូបពីហ្វេសប៊ុករដ្ឋបាលស្រុកអង្គរជុំ ខេត្តសៀមរាប)
​សៀមរាប​៖ សត្វ​ក្រពើ​មួយ​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ងាប់ និង​ហើម​ស្ទើរ​រលួយ​ទៅហើយ នៅ​ចំណុច​ស្ពាន​មួយកន្លែង​ក្នុង​ទីរួមស្រុក​អង្គរជុំ ខេត្តសៀមរាប​។ នេះ​បើតាម​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ ។​

 
​លោក លុក ផុស ពន្យល់ថា សត្វ​ក្រពើ​នោះ​មាន​សភាព​ហើម និង​ស្ទើរ​រលួយ ដែល​តាម​ការសន្និដ្ឋាន​របស់​អាជ្ញាធរ​អាច​អណ្ដែត​មកពី​ភូមិសាស្ដ្រ​ដទៃ​មក​។ លោក លុក ផុស បន្តថា ក្រពើ​នោះ​មាន​ឆែម​មាត់​លើ និង​ដាច់​ដៃ​ម្ខាង ដែល​តាម​ការពិចារណា វា​ត្រូវបាន​កន្លែង​ចិញ្ចឹម​មួយ​យក​បោះចោល​តាម​ទឹក​។​
 
​យ៉ាងណាក៏ដោយ អភិបាលស្រុក​អង្គរជុំ សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ ដោយ​មិនត្រូវ​ចុះ​ទឹក​ជ្រៅៗ​ទេ ដោយ​បារម្ភ​ពី​ហានិភ័យ​ផ្សេងៗ​។ «​យើង​មិនដឹងថា សត្វ​ក្រពើ​វា​មកពី​ទីណា​ឱ្យ​ប្រាកដ​ទេ អាចជា​ក្រពើ​ព្រៃ​ក៏​មិនដឹង ដូច្នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ដែរ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​»​។ លោក លុក ផុស បន្ថែម​។​
 
​ស្រុក​អង្គរជុំ​ជា​ស្រុក​មួយ​ក្នុង​ខេត្តសៀមរាប ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​តំបន់​ខាងលើ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​ក្នុងស្រុក​មួយ​នេះ ក្នុង​សភាព​ខ្លាំងក្លា​នា​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ និង​២០ តុលា ។​បច្ចុប្បន្ន ទឹកបាន​ស្រក​ជា​បណ្ដើរៗ​ខ្លះ​ហើយ​។ តាម​ការបញ្ជាក់​ពី​លោក​អភិបាលស្រុក លោក លុក ផុស ឃុំ​ចំនួន​៦​ក្នុងចំណោម​៧​នៃ​ស្រុក រង​ផលប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នា​រយៈពេល​ខ្លី​នេះ និង​ប៉ះពាល់​ដល់​គ្រួសារ​ជាង​៣​ពាន់​គ្រួសារ​៕
 
 

Tag:
 ទឹកជំនន់​
  ស្រុក​អង្គរជុំ​
© រក្សាសិទ្ធិដោយ thmeythmey.com