សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង សន្យា​ផ្ដល់ជំនួយ​មនុស្សធម៌​៣០​ម៉ឺន​ដុល្លារ​ឲ្យ​វៀតណាម​
22, Oct 2020 , 4:29 pm        
រូបភាព
ផ្ទះរបស់ពលរដ្ឋវៀតណាមដែលជន់លិច ក្នុងខេត្ត Quang Binh ។ រូបភាព៖ VIetnam Red Cross
ផ្ទះរបស់ពលរដ្ឋវៀតណាមដែលជន់លិច ក្នុងខេត្ត Quang Binh ។ រូបភាព៖ VIetnam Red Cross
ដោយ:
​រដ្ឋាភិបាល​កូរ៉េខាងត្បូង ប្រកាស​ផ្ដល់ជំនួយ​មនុស្សធម៌​ទំហំ​ទឹកប្រាក់ ៣០​ម៉ឺន​ដុល្លារ​ឲ្យ​វៀតណាម ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ២២ ខែតុលា ។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស​កូរ៉េខាងត្បូង បញ្ជាក់​ដូច្នេះ​ថា រដ្ឋាភិបាល​សង្ឃឹមថា ជំនួយ​គ្រាអាសន្ន​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​រួម​ច​ចំណែក​ជួយ​ស្ដារ​ជីវភាព​ពួកគេ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា​ក្នុងប្រទេស​វៀតណាម​ភាគ​កណ្ដាល បាន​ឆក់យក​ជីវិត​មនុស្ស​១១៤​នាក់ ខណៈ​២១​ផ្សេងទៀត​បាត់​ខ្លួន គិត​ត្រឹម​ថ្ងៃទី ២២ ខែតុលា​។ មនុស្ស​ប្រមាណ​១០​ម៉ឺន​នាក់​ទៀត ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង ហើយ​ផ្ទះ​ជាង​១៧​ម៉ឺន​ខ្នង ត្រូវ​ជន់​លិច​។ 
 
​យោងតាម​ទីភ្នាក់ងារ​ឧតុនិយម​វៀតណាម ព្យុះ «​សូ​ដែល​» បន្ត​មាន​ឥទ្ធិពល​ខ្លាំង​ដដែល​ក្នុងប្រទេស​វៀតណាម ហើយ​ទំនងជា​នាំយក​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ថែមទៀត​មកលើ​ប្រទេស​នេះ ជាពិសេស តំបន់​ភាគ​កណ្ដាល តែម្ដង​។ ព្យុះ​នេះ អាច​ ​បន្ត​វាយប្រហារ​វៀតណាម​រហូត​ដល់​ថ្ងៃអាទិត្យ​។ 
 
​និយាយ​ដល់​គ្រោះធម្មជាតិ​នៅ​ឥណ្ឌូណេស៊ី​វិញ ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ឲ្យ​មាន​ហេតុការណ៍​បាក់ស្រុត​ដី​នៅ​រ៉ែ​ធ្យូងថ្ម​មួយកន្លែង​លើ​កោះ ស៊ូ​ម៉ា​ត្រា ដែល​សម្លាប់​កម្មករ​ជីក​រ៉ែ​១១​នាក់​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ២២ ខែតុលា​។ 
 
​ហេតុការណ៍​បាក់​ដី បានកើត​ឡើង​នៅ​ថ្ងៃទី ២១ ខែតុលា ក្នុង​រូង​ជីក​រ៉ែ​មួយកន្លែង​ជម្រៅ ២០​ម៉ែត្រ នៅ​ភូមិ Tanjung Lalang ស្រុក Muara Enim ខេត្ត ស៊ូ​ម៉ា​ត្រា​ខាងត្បូង ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ទប់ស្កាត់​គ្រោះមហន្តរាយ​ជាតិ​របស់​ឥណ្ឌូណេស៊ី លោក Raditya Jati ។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ក្រុម​ជួយសង្គ្រោះ បាន​រកឃើញ​សាកសព​កម្មករ​ជីក​រ៉ែ​ទាំង​១១​នាក់​នោះ​ហើយ​៕ 
 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com