សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រសួងការបរទេស​អា​មេ​រិ​ក អនុញ្ញាត​ជា​ផ្លូវការ​គម្រោង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​តម្លៃ​១,៨​ពាន់​លាន​ដុល្លារ​
22, Oct 2020 , 5:29 pm        
រូបភាព
រូបភាព៖ Petra News Agency
រូបភាព៖ Petra News Agency
​ក្រសួងការបរទេស​អា​មេ​រិ​ក បានផ្ដល់​ភ្លើង​បៃតង​លើ​គម្រោង​លក់​សព្វាវុធ​បី​ប្រភេទ​ទៅ​ឲ្យ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​មន្ទីរ​បញ្ច​កោណ​អាមេរិក​នៅ​ថ្ងៃទី​២២ ខែតុលា ប៉ុន្មាន​ថ្ងៃក្រោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ពី​គម្រោង​មួយ​នេះ​។ អាវុធ​ដែល​ត្រូវ​លក់​មាន​ឧបករណ៍​សម្រាប់​ផ្តល់​សញ្ញា (Sensor), មី​ស៊ី​ល និង​រថយន្ត​បាញ់​គ្រប់​រ៉ុក្កែត​ជាដើម​។

 
​ក្នុង​សេចក្តីជូនដំណឹង​ផ្លូវការ​ទៅ​សភា ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ឯកភាព​លក់​អាវុធ​ចំនួន ៣​ប្រភេទ​ឲ្យ​តៃវ៉ាន់​។ សម្ភារ​ទាំងនោះ​មាន​រថយន្ត​បាញ់​គ្រាប់​រ៉ុក្កែត​ប្រភេទ High Mobility Artillery Rocket System ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ចំនួន​១១​គ្រឿង ក្នុងតម្លៃ​ជាង ៤៣៦​លាន​ដុល្លារ​, មី​ស៊ី​ល​ប្រដេញ​ដែល​បាញ់​ពីលើ​អាកាស AGM-84H ចំនួន​១៣៥​គ្រាប់ និង​សម្ភារ​ផ្សេងទៀត​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ និង​ឧបករណ៍​ផ្តល់ដំណឹង​(Sensor) បំពាក់​លើ​យន្តហោះ​ស៊ើបការណ៍​ចំនួន​៦​គ្រឿងក្នុង​តម្លៃ​ប្រមាណ​៣៦៧,២​លាន​ដុល្លារ​។ 
 
​ទន្ទឹមនឹងនេះ អាមេរិក អាច​នឹង​យល់ព្រម​លក់​អាវុធ​ផ្សេងទៀត ដូចជា​ដ្រូ​ន​ជាដើម ឲ្យ​តៃវ៉ាន់ នៅ​ថ្ងៃ​បន្តបន្ទាប់​។ ក្រោយ​ការជូនដំណឹង​ក្រសួងការបរទេស​នេះ សភា​អាមេរិក​មាន​រយៈ ៣០​ថ្ងៃ​ដើម្បី​ពី​និត្យ​ថា អនុញ្ញាត​ឲ្យ​លក់​ឬ​អត់​ក្នុង​ការលក់​អាវុធ ឬក៏​អត់​។ ជា​នីតិវិធី គម្រោង​លក់​អាវិធ​ទាំងអស់ ត្រូវមាន​អនុញ្ញាត​ពី​ក្រសួងការបរទេស​អាមេរិក​សិន មុន​ដល់​សភា​។​
 
​ទាក់ទិន​ព័ត៌មាន​ខាងលើ ក្រសួងការបរទេស និង​ការពារជាតិ​តៃវ៉ាន់ បាន​សំដែង​ស្វាគមន៍ ចំពោះ​ដំណឹង​ល្អ​មួយ​នេះ ព្រោះ​វា​នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​តៃវ៉ាន់​។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ លោក Yen De-fa បាន​និយាយ​ការពារ​ថា ការទិញ​អាវុធ និង​គ្រឿង​បរិក្ខារ​យោធា​ពី​អាមេរិក មិនមែនជា​ការរត់​ប្រណាំង​អាវុធ​ជាមួយ​ទីក្រុង​ប៉េកាំង​ឡើយ ប៉ុន្តែ​តៃវ៉ាន់​គ្រាន់តែ​ត្រូវការ​សមត្ថភាព​ប្រយុទ្ធ ដែល​អាច​ទុកចិត្តបាន​។ 
 
​ដោយឡែក​ទីក្រុង​ប៉េកាំង មិនទាន់មាន​ប្រតិកម្ម​ជុំវិញ​បញ្ហា​នេះ​ទេ​។ កន្លងមក​ចិន ក៏បាន​ប្រាប់​អាមេរិក​ឲ្យ​ផ្អាក​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​ផងដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន និង​អាមេរិក ក៏ដូចជា ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ 
 
​នៅ​សប្តាហ៍​មុន​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ក៏បាន​ចុះផ្សាយ​ពី​ការលក់​អាវុធ​ខាងលើ​ឲ្យ​តៃវ៉ាន់​ដែរ ប៉ុន្តែ​ពេលនោះ​វា​មិនទាន់​ផ្លូវការ​នៅឡើយ​ទេ​។  រហូតដល់​ថ្ងៃទី​២២ ខែតុលា ទើប​ក្រសួងការពារជាតិ​អាមេរិក បាន​បញ្ចេញ​ព័ត៌មាន​ជា​ផ្លូវការ​។ ការយល់ព្រម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ ធ្វើឡើង​ស្រប​ពី​ចិន​កំពុង​ធ្វើ​សកម្មភាព​អុង​អាត់​យ៉ាងខ្លាំង ដើម្បី​ដាក់​សម្ពាធ​លើ​តៃវ៉ាន់ ដែល​កំពុងតែ​បង្កើត​ទំនាក់ទំនង​ជាមួយ​អាមេរិក​៕ 

Tag:
 ​អាមេរិក​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com