អន្តរជាតិ
UN៖ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងចូលជាធរមាននៅ៩០ថ្ងៃទៀត
25, Oct 2020 , 10:27 am        
រូបភាព
ប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)  នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត បន្ទាប់ពីប្រទេសទី៥០ ហុងឌូរ៉ាស បានផ្តល់សច្ចាប័ន។ នេះបើតាមការអះអាងរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា។

 
ដើម្បីអាចចូលជាធរមានបាន សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ត្រូវការប្រទេសចំនួន៥០ ក្នុងការផ្តល់សច្ចាប័ន។ ប្រទេសចុងក្រោយ គឺហុងឌូរ៉ាស ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិមួយនេះ។ នៅក្នុងខែមករា ឆ្នាំ២០២១ ខាងមុខ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងចូលជាធរមាន។
 
ទាក់ទិននឹងការផ្តល់សច្ចាប័នគ្រប់ចំនួននេះ អង្គការអន្តរជាតិបានអបអរសាទរ ចំពោះដំណឹងល្អមួយនេះ។ សរសេរលើបណ្តាញសង្គមTwitter របស់ខ្លួន យុទ្ធនាការអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) បានលើកឡើងថា ហុងឌូរ៉ាស គឺជាប្រទេសទី៥០ ដែលបានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ ដែលនេះគឺការបង្កើតប្រវត្តិសាស្រ្តថ្មីមួយ។ 
 
ចំណែកប្រធានគណៈកម្មាធិការអន្តរជាតិរបស់អង្គការកាកបាទក្រហម លោក Peter Maurer ក៏បានសាទរដំណឹងល្អនេះដែរ ដោយលោក បានលើកឡើងថា ថ្ងៃនេះ គឺជាជោគជ័យមួយសម្រាប់មនុស្សជាតិ ហើយពិភពលោក នឹងកាន់តែមានសុវត្ថិភាពជាងមុន។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះ មានប្រទេសចំនួន៨៤ បានចុះហត្ថលេខា ប៉ុន្តែមានតែប្រទេសចំនួន ៥០ប៉ុណ្ណោះ ដែលបានផ្តល់សច្ចាប័ន។ បន្ថែមពីលើនេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ដែលមានបារាំង អង់គ្លេស អាមេរិក រុស្ស៊ី ចិន មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិនេះទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com