ជាតិ
បើឃើញរូបស្លាកយីហោ និងប៉ាណូដែលសរសេរអក្សរខ្មែរខុស សូមថតផ្ញើទៅក្រុមប្រឹក្សាជាតិភាសាខ្មែរបាន!
25, Oct 2020 , 6:59 pm        
រូបភាព
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
ដោយ:
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាប្រកាសពីការបង្កើត App សម្រាប់ឲ្យមហាជនដែលមើលឃើញពីកំហុសការប្រើភាសាខ្មែរខុសនៅលើស្លាកយីហោ ផ្ទាំងប៉ាណូ ផ្លាកពាណិជ្ជកម្ម បណ្ណប្រកាស ខិត្តបណ្ណ ប៉ង់កាត និងសញ្ញាបដានានា អាចថត ហើយផ្ញើចូលក្នុងកម្មវិធី App របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីឲ្យម្ចាស់ស្លាកសញ្ញាផ្សេងៗបានឃើញ ហើយកែតម្រូវអក្សរខ្មែរឡើងវិញ។

 
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើភាសាខ្មែរលើរូបសញ្ញាតាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ ដើម្បីឲ្យមានឯកភាពការប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនាថ្ងៃទី២០ ខែតុលា បានពិគ្រោះយោបល់លើសេចក្តីព្រាងនោះឡើងវិញ និងបង្កើតApp សម្រាប់ឲ្យពលរដ្ឋអាចផ្ញើរូបស្លាកសញ្ញាណាដែលសរសេរអក្សរខ្មែរខុសពីក្បួនភាសាខ្មែរ។ ក្រោយមក ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងរាយការណ៍ទៅអ្នកពាក់ព័ន្ធឲ្យចុះត្រួតពិនិត្យ និងកែតម្រូវឡើងវិញ។ 
 
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានបញ្ជាក់ប្រាប់ ThmeyThmey តាមទូរសព្ទថា កម្មវិធី App ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងបង្កើត និងដាក់ឲ្យដំណើរការនៅរយៈពេលមួយខែទៀតនេះនឹងជាមធ្យោបាយឲ្យពលរដ្ឋ ជាពិសេសម្ចាស់ស្លាកសញ្ញាយីហោ និងផ្ទាំងផ្សព្វផ្សាយផ្សេងៗ ប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងពញ្ញាក់សា្មរតីឲ្យម្ចាស់រូបសញ្ញាផ្សេងៗដែលប្រើភាសាខ្មែរខុស ត្រឡប់មកកែជាត្រូវវិញ ដើម្បីជាគំរូដល់អ្នកជំនាន់ក្រោយបានប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ និងលើកតម្កើងភាសាខ្មែរឲ្យកាន់តែនិរន្តរភាព។ 
 
លោក សន ពៅ បានពន្យល់ពីដំណើរការប្រើប្រាស់App ដូច្នេះថា៖«មហាជនអាចចុះឈ្មោះចូល ហើយអាចផ្ញើរូបដែលសរសេរអក្សរខុសនៅទីតាំងណាមួយ។ ពេលបង្ហោះចូលហើយ ខាងក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងត្រួតពិនិត្យថាតើការបង្ហោះរូបនោះពិតជាត្រឹមត្រូវដែរឬទេ ដែលគេថាពាក្យហ្នឹងសរសេរខុសនៅលើស្លាកសញ្ញា ប៉ាណូ ស្ប៉ុតពាណិជ្ជកម្ម។ ក្នុងApp ហ្នឹងយើងបញ្ចូលលេខស្ថាប័នពាក់ព័ន្ធ ការិយាល័យទីចាត់ការអន្តរវិស័យ  អាជ្ញាធរ និងក្រុមក្រសួងពាក់ព័ន្ធទាំង២៨ បញ្ចូលក្នុងApp ហើយពួកគាត់នឹងមើលឃើញ ហើយដឹងថាខុសនៅកន្លែងណា តំបន់ណាគឺពួកគាត់នឹងប្រាប់ទៅម្ចាស់ផ្ទាំងសញ្ញាដែលសរសេរខុសនោះ ឲ្យកែមកត្រូវវិញ»។ 
 
លោក សន ពៅ បញ្ជាក់ថា បន្ទាប់ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងពាក់ព័ន្ធបានត្រួតពិនិត្យថាពាក្យដែលនៅលើផ្ទាំង ឬយីហោណាមួយពិតជាសរសេរខុសមែននោះ ខាងក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអាជ្ញាធរដែនដីនឹងចុះទៅណែនាំឲ្យពួកគេកែតម្រូវឡើងវិញ។ 
 
«យើងមិនអាចដាក់បង្គំ យើងមានវិធានការណែនាំទៅ យើងជឿថា ពេលយើងផ្សព្វផ្សាយ និងណែនាំទៅ ពួកគេនឹងចេះភ្ញាក់រលឹកកែពាក្យខុសលើស្លាកទាំងប៉ុន្មាននោះវិញ។ ប៉ុន្តែយើងដាក់លក្ខខណ្ឌដែរ ថាទុកពេលឲ្យកែក្នុងរយៈពេលមួយខែ ឬមួយឆ្នាំ។ បើយើងឲ្យគេកែភ្លាម ដោយប៉ាណូគេខ្លះមានតម្លៃ រាប់ពាន់ និងរាប់ម៉ឺនដុល្លារ គឺមិនអាចទៅរួចទេ គឺទាល់តែទុកពេលឲ្យគេកែ»។ នេះបើតាមការលើកឡើងរបស់លោក សន ពៅ។  
 
ដើម្បីឲ្យមានឯកភាពគ្នាក្នុងការប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវ លោក សន ពៅ ណែនាំឲ្យពលរដ្ឋត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យក្នុងសទ្ទានុក្រមខ្មែរ និងសទ្ទានុក្រមរបស់ក្រសួងនានាដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរជាមុនសិន ដើម្បីជៀសវាងការប្រើពាក្យខុស៕ 
 
 

Tag:
 ភាសាខ្មែរ
 ស្លាក
© រក្សាសិទ្ធិដោយ thmeythmey.com