គម្រោងអភិវឌ្ឍ«កោះនរា»ក្នុងទំហំផ្ទៃដី១២៥ហិកតា ដែលមានតម្លៃវិនិយោគប្រមាណ៥៥០លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប(GDP) ចំនួន២២៥លានដុល្លារក្នុងមួយឆ្នាំៗ ដែលជិតស្មើ០.៩ភាគរយនៃ GDP ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦តុលា លោក ពុង ឃាវសែ បានបញ្ជាក់ថា សម្រាប់ថវិកាវិនិយោគ ៥៥០លានដុល្លារនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេល៣ឆ្នាំដំបូង ពោលចាប់ពីខែមករាឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម និងសេដ្ឋកិច្ចជាតិ។
សម្តេច ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ របស់ក្រុមហ៊ុន OCIC នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦តុលា។
បច្ចុប្បន្នគម្រោងអភិវឌ្ឍ«កោះនរា» កំពុងប្រើប្រាស់កម្លាំងពលកម្មប្រមាណ៧០០នាក់ហើយកើនដល់៧,០០០នាក់ ពេលគម្រោងមានការសាងសង់ពេញទំហឹង។ នេះបើតាមលោកពុង ឃាវសែ ដោយបន្តមានប្រសាសន៍ថា បន្ទប់ពីបញ្ចប់ការដ្ឋានសាងសង់ស្ពានក្នុងគម្រោងអភិវឌ្ឍ«កោះនរា»នេះ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ បានប្រមាណ១ម៉ឺនកន្លែង ក្នុងដំណើរប្រតិបត្តិការប្រចាំថ្ងៃ។
អគ្គនាយកក្រុមហ៊ុន OCIC រូបនេះ បានអះអាងដូច្នេះ៖«គម្រោងអភិវឌ្ឍ«កោះនរា»នេះ អាចអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅបានចំនួន៥ម៉ឺននាក់ ដោយគ្រោងចំណាយថវិកាសរុបចំនួន២,៥០០លានដុល្លារអាមេរិក»។
សព្វថ្ងៃនេះ ក្រុមហ៊ុន OCIC កំពុងសាងសង់ស្ពានបេតុងឆ្លងទន្លេចំនួន២ខ្សែ ដោយស្ពានទី១មានតម្លៃ១,៦លានដុល្លារ ដែលជាប្រភេទស្ពានបេតុងយោងខ្សែកាប ហើយតភា្ជប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍកោះនរា។ ស្ពាននេះ មានបណ្តោយ៦០ម៉ែត្រ និងទទឹង២១ម៉ែត្រ។
ស្ពានបេតុងយោងខ្សែកាបទី២ មានតម្លៃ៣៨លានដុល្លារ ដែលតភ្ជាប់ពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងកោះពេជ្រ។ ស្ពាននេះមានបណ្តាយ៨២៤ម៉ែត្រ ទទឹង២៤,៥ម៉ែត្រ ហើយបណ្ដោយស្ពានបេតុងអារមេ ប្រវែង៤៨៣ម៉ែត្រ និងគម្លាតនៃសសរស្ពាន ២០ម៉ែត្រ+២១ម៉ែត្រ+១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ។ ផ្លូវក្បាលស្ពានខាងកោះពេជ្រ នឹងត្រូវភ្ជាប់ដោយប្រវែង២៤៩ម៉ែត្រ ចំណែកឯ ក្បាលស្ពានកោះនរា ត្រូវភ្ជាប់ដោយប្រវែង ៩២ម៉ែត្រ។
គម្រោងស្ពានបេតុងនេះ ធ្វើឡើងជាស្ពានមានលក្ខណៈទ្វេទិស ដែលមានគន្លងសម្រាប់រថយន្ត២ទៅ និងគន្លងសម្រាប់រថយន្ត២មក មានប្រវែង ៣.២៥ម៉ែត្រ ក្នុងមួយគន្លង។ ក្រៅពីរថយន្ត ស្ពានថ្មីនេះ ក៏មានគន្លងទទឹងប្រវែង១.២៥ម៉ែត្រ សម្រាប់ទោចក្រយានទៅមកផងដែរ៕