COVID-19
អន្តរជាតិ
មហាក្សត្រ​ម៉ាឡេស៊ី ច្រានចោល​សំណើ​នាយករដ្ឋមន្ត្រី​ក្នុង​ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​
26, Oct 2020 , 1:29 pm        
រូបភាព
មហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah។ រូបភាព៖ Bernama
មហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah។ រូបភាព៖ Bernama
​ម៉ាឡេស៊ី មិនត្រូវ​ការដាក់​ស្ថានភាព​អាសន្ន​នៅក្នុងពេល​នេះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកគ្រប់គ្រង​កិច្ចការ​រាជវាំង​ម៉ាឡេស៊ី ដែល​បាន​ស្រង់​ព្រះបន្ទូល​របស់​មហាក្សត្រ​ម៉ាឡេស៊ី Al-Sultan Abdullah នៅ​ថ្ងៃទី​២៥ ខែតុលា​។ ការបញ្ជាក់​របស់​មហា​ក្សត្រ​ម៉ាឡេស៊ី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានស្នើ​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ដោយសារ​ការកើនឡើង​នៃ COVID-19 ។​



 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោ​កមូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន នៅ​ថ្ងៃទី​២៣ ខែតុលា​កន្លងទៅ បានស្នើ​ទៅ​ព្រះមហាក្សត្រ ជុំវិញ​បញ្ហា​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ សំណើ​នេះ ត្រូវបាន​មហាក្សត្រ​ម៉ាឡេស៊ី យកមក​ពិភាក្សា​ជាមួយ​អ្នកតំណាង​រដ្ឋ​ម៉ាឡេស៊ី ដែលមាន​សមាជិក​ចំនួន​៩​រូប នៅ​ថ្ងៃទី​២៥ ខែតុលា​។ បន្ទាប់​កិច្ចពិភាក្សា​នេះ មហាក្សត្រ បាន​បដិសេធ​ការដាក់​ស្ថានភាព​អាសន្ន​នៅ​ម៉ាឡេស៊ី ឬ​តំបន់​ណាមួយ​នៅក្នុង​ម៉ាឡេស៊ី​។ 
 
«​ព្រះមហាក្សត្រ ទ្រង់​មានបន្ទូលថា នៅពេលនេះ ម៉ាឡេស៊ី​មិន​ត្រូវការ​ការដាក់​ស្ថានភាព​អាសន្ន​នៅក្នុង​ប្រទេស ឬ​តំបន់​ជាក់លាក់​ណាមួយ​នៃ​ប្រទេស​ឡើយ​»​។ អ្នកគ្រប់គ្រង​កិច្ចការ​រាជវាំង​ម៉ាឡេស៊ី លោក Ahmad Fadil Shamsuddin បានលើកឡើង​បែបនេះ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​រាជវាំង​ម៉ាឡេស៊ី ដោយ​បន្ថែមថា មហាក្សត្រ ទ្រង់​ក៏បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ទាំងអស់ រួមទាំង​សមាជិកសភា​មួយចំនួន បញ្ឈប់​សកម្មភាព​នយោបាយ​ទាំងអស់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ផងដែរ​។​
 
​សេចក្តីថ្លែងការណ៍​ដដែល​នេះ  បាន​បន្ថែមថា សម្រាប់​ការអនុម័ត​ថវិកាជាតិ​ឆ្នាំ​២០២១ សមាជិកសភា​ត្រូវ​គិតគូរ​ពី​បញ្ហា​ប្រជាជន និង​សេដ្ឋកិច្ច ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​COVID-19 ពោលគឺ​មិនមែន​ផលប្រយោជន៍​សមាជិកសភា​ខ្លួនឯង​ឡើយ​។ បន្ថែម​ពីលើ​នេះ អ្នកគ្រប់គ្រង​កិច្ចការ​រាជ​រាំង បាន​បន្ថែមថា ការបែងចែក​ហិរញ្ញវត្ថុ គឺ​សំខាន់​ណាស់​សម្រាប់​បុគ្គលិក ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​COVID-19 នៅ​ជួរមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​Channel News Asia​។ 
 
​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​របស់​រាជវាំង​បានចេញ​ដូចខាងលើ​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​យ៉ា​ស៊ីន បាន​ថ្លែងសេចក្តី​អរគុណ​លើ​សេចក្តីទុកចិត្ត និង​យោបល់​របស់​មហាក្សត្រ ដែល​ជួយ​ការពារ​រដ្ឋាភិបាល​ពី​អស្ថិរភាព​ផ្សេងៗ​។ 
​កន្លងមក សំណើ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ ត្រូវបាន​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ប្រធាន​សម្ព័ន្ធភាព​បក្សប្រឆាំង Pakatan Harapan រិះគន់ថា ជា​ចេតនា​ផ្អាក​នីតិវិធី​របស់​សភា​។ លោក អាន់​វ៉ា បាន​អះអាងថា លោក​មាន​សំឡេង​គ្រប់គ្រាន់​នៅក្នុង​សភា​ដើម្បី​អាច​ទម្លាក់​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​។ នៅក្នុង​ច្បាប់​ម៉ាឡេស៊ី ប្រសិនបើ​ស្ថានភាព​អាសន្ន​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស សភា​មិនអាច​បើក​កិច្ចប្រជុំ​បានឡើយ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែតុលា ម៉ាឡេស៊ី មាន​ករណី​COVID-19 សរុប​ចំនួន ២៦៥៦៥​ករណី អ្នកស្លាប់​មាន​ចំនួន ២២៩​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៧១៣៤​នាក់​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com