ជាតិ
សង្គមជាតិ
ភូមិ​ស្ទឹង​ជ្រៅ ព្រែក​តា​ពៅ ព្រែក​អញ្ចាញ ព្រែ​កឡុង និង ប​ត្តា​ជី នៅ​តាខ្មៅ ត្រូវ​ស្នើ​ដាក់​ជា​ទឹកដី​ភ្នំពេញ​
26, Oct 2020 , 9:19 pm        
រូបភាព
រូបសំណាកតាខ្មៅនៅរង្វង់មូល ដែលតំណាងឲ្យក្រុងតាខ្មៅ
រូបសំណាកតាខ្មៅនៅរង្វង់មូល ដែលតំណាងឲ្យក្រុងតាខ្មៅ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ទៅ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​កំពុង​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ក្នុងអំឡុង​នៃ​ព្រះ​អវត្តមាន​របស់​ព្រះមហាក្សត្រ សុំ​ឲ្យ​ចេញ​ព្រះរាជក្រឹត្យ​កែសម្រួល​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខេត្តកណ្តាល ដោយ​កាត់​ភូមិ​៥ នៃ​សង្កាត់​៤ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​តែមួយ​របស់​រដ្ឋបាល​ស​ង្កា​ត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

 
​ភូមិ​ទាំង​៥​នោះ គឺ ភូមិ​ស្ទឹង​ជ្រៅ​និង​ភូមិ​ព្រែ​កតា​ពៅ នៃ​សង្កាត់​ដើម​មៀន ភូមិ​ព្រែក​អញ្ចាញ​នៃ​សង្កាត់​ឫស្សី ភូមិ​ព្រែ​កឡុង​នៃ​សង្កាត់​តា​ក្តុល និង ភូមិប​ត្តា​ជី​នៃ​សង្កាត់​ព្រែក​ហូរ​។ សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ធ្វើឡើង​តាំងពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ហើយ​ផ្ញើជូន​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ឲ្យ​ដឹងថា ភូមិ​ទាំង​៥​នោះ មាន​ទំហំ​ជិត​៣០៣​ហិកតា មាន​លំនៅឋាន​១៣៤​ខ្នង ហើយ​មាន​ប្រជាជន​១៧៧​គ្រួសារ ស្មើនឹង​៧៥៣​នាក់​។​
 
​សម្តេច​ប្រមុខ​រដ្ឋាភិបាល ជម្រាប​សម្តេច​ប្រមុខរដ្ឋស្តីទី ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខេត្តកណ្តាល បានធ្វើ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ស្តីពី​ការសុំ​កាត់​ភូមិ​ទាំង​៥ ឲ្យ​ចូលទៅក្នុង​ទឹកដី​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​គម្រោង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍ​ទីក្រុង​របប​បឹងទំពុន​និង​បឹង​ជើងឯក ក៏ដូចជា​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល កិច្ចការ​អភិវឌ្ឍ ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ការផ្តល់​សេវាសាធារណៈ និង ការងារ​សង្គម​ផ្សេងៗ​។ 
 
​ជាមួយគ្នានេះ សម្តេច​ប្រមុខ​រដ្ឋាភិបាល បានស្នើ​ឲ្យ​កាត់​ផ្ទៃដី​ទំហំ​ជាង​២,៥​ហិកតា ដែលជា​ចំណែក​ដី​វត្ត​បទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ ពី​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ សម្តេ​ច​ប្រមុខ​រដ្ឋាភិបាល ជម្រាប​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា ការសុំ​កាត់​ផ្ទៃដី​ដែលជា​ចំណែក​នៃ​ដី​វត្ត​បទុម​សាគរ​នេះ ជា​សំណើ​របស់​រដ្ឋបាលខេត្ត​កណ្តាល ដើម្បី​ឲ្យ​ផ្ទៃដី​វត្ត​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​តែមួយ និង​ងាយស្រួល​ក្នុងការ​ចុះបញ្ជី​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូន​វត្ត​។ 
 
​បច្ចុប្បន្ន ក្រុង​តាខ្មៅ មាន​១០​សង្កាត់ គឺ សង្កាត់តាខ្មៅ សង្កាត់តាក្តុល សង្កាត់ព្រែកឫស្សី សង្កាត់ដើមមៀន សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់​ ​សង្កាត់​ស្វាយ​រលំ សង្កាត់​កោះអន្លង់ចិន សង្កាត់​សិត្បូ និង សង្កាត់​រកា​ខ្ពស់។ ក្រុង​តាខ្មៅ ដែល​ជាទី​រួម​ខេត្តនៃខេត្តកណ្តាល គឺ​ស្ថិតនៅ​ខាងត្បូង​រាជធានី​ភ្នំពេញ ហើយ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​រាជធានី​ភ្នំពេញ​។ 
 
​ក្នុងចំណោម​សង្កាត់​ទាំង​១០ មាន​៤​សង្កាត់ គឺ​សង្កាត់​ស្វាយ​រលំ សង្កាត់​កោះអន្លង់ចិន សង្កាត់​សិត្បូ និង សង្កាត់​រកា​ខ្ពស់ ជា​អតីត​ឃុំ ក្នុងស្រុក​ស្អាង​។ កាល​ដើមខែ​មករា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​ការ​កាត់​ឃុំ​ទាំង​៤​ក្នុងស្រុក​ស្អាង ឲ្យ​ចូលទៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង​តាខ្មៅ ហើយ​ក្លាយជា​សង្កា​ត់នៃ​ក្រុង​តាខ្មៅ​ពី​ពេល​នោះមក​៕
 

Tag:
 ក្រុងតាខ្មៅ
  កាត់ភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com