ជាតិ
​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា តេស្ត Real Time RT-PCR រក​កូ​វីដ​-១៩ បាន​ជាង​១០​ម៉ឺន​ដង​ហើយ​
26, Oct 2020 , 9:59 pm        
រូបភាព
ទីស្នាក់ការកណ្ដាលរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានី ភ្នំពេញ។ រូបភាពពីហ្វេសប៊ុករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
ទីស្នាក់ការកណ្ដាលរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានី ភ្នំពេញ។ រូបភាពពីហ្វេសប៊ុករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
ដោយ:
​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC)  បញ្ជាក់​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន​ក្នុង​ការបន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ក្នុងប្រទេស​កម្ពុជា ទោះ​ស្ថានភាព​ជំងឺ​ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មាន​ភាពល្អប្រសើរ​ច្រើន​ក៏ដោយ​។ គិត​មក​ត្រឹម​ថ្ងៃទី ២៦ ខែតុលា  កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩​តែ​៤​នាក់​ទៀត​ប៉ុណ្ណោះ​។

 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ២៦ ខែតុលា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រៀបរាប់​ពី​ការចូលរួម​យ៉ាងសកម្ម​របស់ខ្លួន​ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ក្នុងប្រទេស​កម្ពុជា ដែល​សហការ​ទាំង​ជាមួយ​រាជរដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក  (WHO)​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល សរសេរថា វិទ្យាស្ថាន​បាន​ត្រៀមលក្ខណៈ​ធ្វើតេស្ត​កូ​វីដ​-១៩ នៅ​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០២០ ហើយ​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ទីមួយ កាលពី​ថ្ងៃទី ២៧ ខែមករា​។ បន្ថែម​ពីលើ​នេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏បាន​ចូលរួម​ក្នុងការ​ឆ្លើយតប និង​ធ្វើតេស្ត​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍ Westerdam ក្នុង​ខែកុម្ភៈ​ផងដែរ​។ 


បុគ្គលិកសុខាភិបាលនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងធ្វើពិសោធន៍ ។រូបភាពពី IPC 

​ជាពិសេស ក្នុង​ខែមេសា​ឆ្នាំនេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា «​មន្ទីរពិសោធន៍​បង្អែក​សកល​របស់ WHO សម្រាប់​កូ​វីដ​-១៩ (WHO Global Referral Laboratory for COVID-19) ដែលជា​តួនាទី​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​ហានិភ័យ​សុខភាព​សាធារណៈ ដែល​កើតចេញពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ 
 
​ម្យ៉ាងវិញទៀត វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC)  អះអាងថា វិទ្យាស្ថាន​បានធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩​ជាង​១០​ម៉ឺន​ដង​ហើយដោយ​ប្រើ​បច្ចេកទេស Real Time RT-PCR ក្នុង​មន្ទីរពិសោធន៍​វីរុស​របស់ខ្លួន​។ តេស្ត​ទាំង​ជាង​១០​ម៉ឺន​ដង​នេះ បានរួម​ចំណែក​ក្នុងការ​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​២៨៧​នាក់​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​
 
​សូមបញ្ជាក់ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺជា​ស្ថាប័ន​ស្រាវជ្រាវ​មិន​រកប្រាក់​ចំណេញ​កម្ពុជា​មួយ ដែល​បាន​ប្រសូត្រ​ឡើង​ក្នុង​ឆ្នាំ​១៩៥៣​។ វិទ្យាស្ថាន​នេះ បាន​បើក​ប្រតិបត្តិ​លើ​កិច្ចការ​ស្រាវជ្រាវ​សុខភាព​លើ​ជំងឺឆ្លង និង​គាំទ្រ​ការឃ្លាំមើល​សុខភាព​សាធារណៈ​តាមរយៈ​មន្ទីរពិសោធន៍​លំដាប់​ខ្ពស់ និង​សមត្ថភាព​ស្រាវជ្រាវ​ផ្នែក​វីរុស​រាតត្បាត​ជាដើម​។ 
 
​ក្នុងនាម​ជា​សមាជិក​នៃ​បណ្ដាញ​អន្តរជាតិ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ (IPIN) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក៏​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ជាតិ​និង​អន្តរជាតិ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា និង​លើសពីនេះ​ផងដែរ​៕ 
 
 
 

Tag:
 ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​
  ក្រសួងសុខាភិបាល​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com