កីឡាអន្តរជាតិ
អន្តរជាតិ
Khabib ប្រកាស​ចូលនិវត្តន៍​ពី UFC ទាំង​ទឹកភ្នែក ដោយសារ​គ្មាន​វត្តមាន​ឪពុក
26, Oct 2020 , 10:59 pm        
រូបភាព
Khabib Nurmagomedov ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ស្រាល UFC បានធ្វើ​ឲ្យ​ពិភព​ក្បាច់គុន​ចម្រុះ (MMA) ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តាមរយៈ​ការប្រកាស​ចូលនិវត្តន៍​ភ្លាមៗ​បន្ទាប់ពី​ឈ្នះ Justin Gaethje​។ Khabib អះអាង​ទាំង​ទឹកភ្នែក​ថា ខ្លួន​មិនអាច​ឡើង​សង្វៀន​ដោយ​គ្មាន​វត្តមាន​ឪពុក​តទៅ​ទៀតឡើយ​។​

 
​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​រុស្ស៊ី​រូបនេះ បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្លួន​ភ្លាមៗ​ដោយ​ស្នើ​មិត្ត​រួម​ក្រុម​កាត់​ស្រោមដៃ​ទុក​នៅលើ​សង្វៀន បន្ទាប់ពី​ឈ្នះ​កីឡាករ​អាមេរិក Gaethje ក្នុង​ជ័យជម្នះ​លើក​ទី​២៩ នា​កម្មវិធី​ប្រកួត UFC 254 ដែល​ធ្វើឡើង​ក្នុង​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ថ្ងៃទី​២៥ ខែតុលា​។​
 
Khabib វ័យ ៣២​ឆ្នាំ ដែល​បង្កើត​កំណត់ត្រា​ឈ្នះ​ទាំង​២៩​លើក​ក្នុង​អាជីព ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ MMA ដ៏​អស្ចារ្យ​បំផុត​គិត​ត្រឹម​ឆ្នាំ​២០២០​។ មូលហេតុ​នៃ​ការចូលនិវត្តន៍​នេះ គឺ​ដើម្បី​ជាការ​ផ្តល់​កិត្តិយស និង​ការចងចាំ​ឪពុក​ខ្លួន លោក Abdulmanap និង​ជា​គ្រូបង្វឹក​ផង ដែល​បានទទួល​មរណភាព​កាលពី​ខែកក្កដា ដោយសារ​ឆ្លង COVID-19​។​
 
«​នេះ​ជាការ​ប្រកួត​ចុងក្រោយ​របស់ខ្ញុំ​។ គ្មាន​វិធី​ណា​ផ្សេង ដើម្បី​ឲ្យ​ខ្ញុំ​ឡើង​សង្វៀន​ដោយ​គ្មាន​ឪពុក​របស់ខ្ញុំ​ឡើយ​។ នេះ​ជា​លើកដំបូង​បន្ទាប់ពី​ឪពុក​ខ្ញុំ​មរណៈភាព ដែល​ស្ថាប័ន UFC ហៅ​ខ្ញុំ​ទៅ​វ៉ៃ​ជាមួយ Gaethje​។ រឿងនេះ ខ្ញុំ​បាន​និយាយ​ជាមួយ​ម្តាយ​ខ្ញុំ​៣​ថ្ងៃ​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់ Khabib ទាំង​ក្តុកក្តួល នៅលើ​សង្វៀន​។​
 
​រូបគេ​បន្ថែម​ទាំង​ទឹកភ្នែក​ទៀតថា​៖ «​ម្តាយ​ខ្ញុំ មិន​ចង់​ឲ្យ​ខ្ញុំ​ឡើង​វ៉ៃ​ដោយ​គ្មាន​ឪពុក​ខ្ញុំ​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​នេះ​ជាការ​ប្រកួត​ចុងក្រោយ ហើយ​អ្វីដែល​ខ្ញុំ​និយាយ​គឺត្រូវធ្វើ​ឲ្យ​បាន​។ នេះ​ជាការ​បង្ហាញខ្លួន​ចុងក្រោយ​របស់ខ្ញុំ​នៅទីនេះ ដោយ​គ្មាន​ឪពុក​ខ្ញុំ​»​។​
 
​ស្របពេល​ការប្រកាស​ចូលនិវត្តន៍​នេះ Khabib បានស្នើ UFC ឲ្យ​ដាក់​រូបគេ​ជា​អ្នក​ប្រយុទ្ធ MMA​លំដាប់​លេខ​១​លើ​លោក ដោយ​អះអាងថា​ខ្លួន​សម​នឹង​ទទួលបាន​ការតែងតាំង​នេះ​។​
 
​ដោយឡែក Conor McGregor ដែលជា​គូសត្រូវ​ស៊ីសាច់ហុតឈាម​នឹង Khabib ក៏បាន​បង្ហាញ​ការសោកស្តាយ​ផងដែរ​ជុំវិញ​ការប្រកាស​នេះ​។ កំពូល​កីឡាករ MMA សញ្ជាតិ​អៀរ​ឡង់ បាន​សរសេរ​លើ​បណ្តាញ​សង្គម twitte របស់ខ្លួន​ថា​៖ «​អ្នក​បានបង្ហាញ​ខ្លួន​យ៉ាង​អស្ចារ្យ Khabib​។ ខ្ញុំ​សូម​គោរព និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណៈភាព​ឪពុក​អ្នក​។ សូម​ជូនពរ​អ្នក និង​ក្រុមគ្រួសារ ពី​ខ្ញុំ McGregors»៕
 
 

Tag:
 Khabib Nurmagomedov
  UFC
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com