សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​បី ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​
27, Oct 2020 , 8:59 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian។ រូបភាព៖ AP
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian។ រូបភាព៖ AP
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នៅ​ថ្ងៃទី​២៦ ខែតុលា លើកឡើងថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​នាពេល​ថ្មីៗ​នេះ​។

 
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​២២ ខែតុលា បានអនុញ្ញាត​ជា​ផ្លូវការ​ក្នុង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ ក្នុងតម្លៃ​ប្រមាណ ១,៨​ពាន់​លាន​ដុល្លារ​។ អាវុធ​ប្រភេទ​នោះ​មានដូចជា ឧបករណ៍​សម្រាប់​ផ្តល់​សញ្ញា (Sensor), មី​ស៊ី​ល និង​រថយន្ត​បាញ់​គ្រប់​រ៉ុក្កែត​ជាដើម​។ បន្ទាប់ពី​សេចក្តីប្រកាស​ខាងលើ ចិន​បាន​ចេញមក​ព្រមាន​អាមេរិក​ឲ្យ​លុបចោល​ការលក់​អាវុធ និង​ព្រមាន​ចាត់វិធានការ​ឲ្យ​សមស្រប​បំផុត​។ 
 
​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ពោលគឺ​ថ្ងៃទី​២៦ ខែតុលា ក្រសួងការបរទេស​ចិន ប្រកាស​ពី​ចំណាត់ការ​លើ​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិចិន រដ្ឋាភិបាល​សម្រេច​ចាត់វិធានការ​ដ៏​សំខាន់បំផុត ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​ចូលរួម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​»​។ 
 
​បើតាម​ក្រសួងការបរទេស​ចិន ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​រួមមាន​ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon​។ ការដាក់ទណ្ឌកម្ម​នេះ គឺ​ផ្អែកលើ​កំណត់ត្រា​ដ៏​ច្រើន​លើសលុប ដែល​ក្រុមហ៊ុន​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន មិនបាន​បញ្ជាក់​ពី​ទំហំ​កំណត់ត្រា ឬ​ព័ត៌មាន​លម្អិត​នៃ​ទណ្ឌកម្ម​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ចិន CGTN​។ 
 
​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ទីក្រុង​ប៉េកាំង​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ នៅក្នុង​ខែកក្កដា​កន្លងទៅ ក្រសួងការបរទេស​ចិន ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin ដែរ បន្ទាប់ពី​អាមេរិក​យល់ព្រម​លក់​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល Patriot ឲ្យ​តៃវ៉ាន់ ក្នុងតម្លៃ ៦២០​លាន​ដុល្លារ​៕ 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com