Hamilton បំបែក​កំណត់ត្រា Schumacher ឈ្នះ F1 ច្រើនជាងគេ​លើ​លោក
កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton បំបែក​កំណត់ត្រា Schumacher ឈ្នះ F1 ច្រើនជាងគេ​លើ​លោក
26, Oct 2020 , 8:19 pm        
រូបភាព
Lewis Hamilton បាន​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រណាំង Formula One ច្រើនជាងគេ​លើ​លោក​ចំនួន​៩១​លើក​របស់ Michael Schumacher ក្រោយ​ឈ្នះ​ក្នុង​នៅ​ទីលាន Grand Prix ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។

 
​ជ័យជម្នះ​របស់ Lewis Hamilton នៅ​ទីលាន​ព័រ​ទុយ​ហ្គា​ល់ ជាការ​ឈ្នះ​ការប្រណាំង​លើក​ទី​៨​ក្នុង​រដូវ​កាល​នេះ និង​ជា​លើក​ទី​៩២​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Hamilton​។ ម្ចាស់​ការពារ​តំណែង​ជើងឯក​ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បានបញ្ចប់​ទី​មុនគេ ក្នុង​កម្មវិធី Portuguese Grand Prix ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ២៩​នាទី និង​៥៦​វិនាទី នា​ការប្រណាំង​លើ​ទីលាន​ទី​១២ នៅ​ថ្ងៃទី​២៥ ខែតុលា​។ 
 
​មិត្ត​រួម​ក្រុម Mercedes កីឡាករ Valtteri Bottas ទទួលបាន​ចំណាត់ថ្នាក់​ទី​ពីរ ខណៈ​លេខ​៣ ធ្វើបាន​ដោយ​កីឡាករ Max Verstappen ដែល​បើកបរ​ឲ្យ​ក្រុម Red Bull​។​
 
​ជ័យជម្នះ​របស់ Hamilton លើក​ទី​៩២​នេះ បាន​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រណាំង​រថយន្ត​ពិភពលោក F1 ច្រើនជាងគេ​របស់​អតីត​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ Schumacher ដែល​បានឈ្នះ​ចំនួន ៩១​ដង​។ មុន​បំបែក​កំណត់ត្រា​នេះ កំពូល​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំនេះ បាន​តាម​ស្មើ​កំណត់ត្រា Schumacher នៅឯ​ទីលានប្រណាំង​ប្រទេស​អាល្លឺម៉ង់ ក្នុង​កម្មវិធី Eifel Grand Prix​។ 
 
​ក្រោយ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ Hamilton បានបង្ហាញ​ក្តី​ត្រេកអរ​ចំពោះ​សមិទ្ធផល​ខ្លួន ហើយ​រូបគេ​ក៏​មិន​ភ្លេច​អរគុណ​ក្រុមការងារ​របស់ Mercedes ដែរ​។ «​ខ្ញុំ​ជំពាក់​ពួកគេ ដែល​នៅទីនេះ និង​ក្រុមការងារ​ទាំងអស់​។ យើង​មាន​ការងារ​ដ៏​អស្ចារ្យ​រួមគ្នា​។ ធ្វើការ​ជាមួយ​ពួកគេ​គឺជា​ការលើកទឹកចិត្ត​»​។​
 
​ជាមួយ​ជ័យជម្នះ​ទី​៩២​ក្នុង​អាជីព និង​ទី​៨​រដូវ​កាល​នេះ Hamilton ក៏​កំពុង​ឆ្ពោះទៅ​កាន់ការ​គ្រង​តំណែង​ជើងឯក​លើក​ទី​៧ របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ ឆ្លងកាត់​ការប្រណាំង​១២​លើក ម្ចាស់​ការពារ​ជើងឯក រកបាន​២៥៦​ពិន្ទុ នាំមុខ​មិត្ត​រួម​ក្រុម Mercedes កីឡាករ​ហ្វាំ​ង​ឡង់ Bottas ចំនួន​៧២​ពិន្ទុ​។ Max Verstappen អ្នក​ប្រណាំង​សញ្ជាតិ​ហូ​ឡង់​ដែល​បើក​ឲ្យ​ក្រុម Red Bull ឈរ​លេខ​៣ មាន​១៦២​ពិន្ទុ ខណៈ Daniel Ricciardo នៅ​លេខ​រៀង​ទី​៤​មាន​៨០​ពិន្ទុ​។​
 
​ជំនួប​បន្ទាប់​នឹងធ្វើ​នៅ​ប្រទេស​អ៊ីតាលី ក្នុង​កម្មវិធី Emilia Romagna Grand Prix នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ខណៈ​ការប្រណាំង​នៅសល់​ចំនួន​៥​លើក​ទៀត​នឹង​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០២០​នេះ​៕


 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com