ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​សក់​ភ្លឺរលោង​រលាស់ កុំ​រំលង​អត្ថបទ​នេះ​
27, Oct 2020 , 6:59 pm        
រូបភាព
​ចង់ឱ្យ​សក់​ស្រស់ស្អាត​ភ្លឺរលោង​រលាស់​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ងាយៗ​ជួយ​ឱ្យ​សក់​ស្រស់ស្អាត ៖

 
១. ប្រេង​អូ​លីវ​និង​ទឹកខ្មេះ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ​ជាមួយ​ទឹកខ្មេះ​ដែលមាន​គុណភាព​ខ្ពស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​ពី​ចុង​សក់​ទៅកាន់​ស្បែកក្បាល​។ ក្រោយពេល​លាប​ម៉ាស្សា​ពេញ​សក់​និង​ស្បែកក្បាល​ហើយ​នោះ ចូរ​ប្រើប្រាស់​ច្រាស​ដុសធ្មេញ​ធំ​បន្តិច​សិតសក់ និង​ពាក់មួក​ផ្លា​ស្ទិ​ក​សម្រាប់​រយៈពេល​ប្រហែល ៣០ នាទី​។ បន្ទាប់មក​ប្រើប្រាស់​សាប៊ូកក់សក់​កម្រិត​ស្រាល​ដើម្បី​កក់​សម្អាត​ចេញ​និង​លាប​ក្រែ​ម​បន្ទន់​សក់​។ លាង​សម្អាត​សក់​ជា​ចុងក្រោយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ ចៀសវាង​ប្រើប្រាស់​ផលិតផល​លេង​ស្ទា​យល៍​សក់​សម្រាប់​រយៈពេល ៣ ថ្ងៃ​។​
 
២. ចេក ស៊ុត និង​ផ្លែ​បឺ​រ​
 
​ជាដំបូង​ត្រូវ​កិន​ចេក​និង​ផ្លែ​បឺ​រ​ចូលគ្នា​។ បន្ទាប់មក​បន្ថែម​ស៊ុត​ដែល​កូរ​វឹក​រួច​ចូល ហើយ​ចាប់ផ្ដើម​កូរ​ឱ្យ​សព្វ​ក្លាយជា​ដូច​គ្រី​ម​។ ប្រសិនបើ​អ្នកមាន​ស្បែកក្បាល​ខ្លាញ់ ចៀសវាង​លាប​ល្បាយ​ច្រើនពេក​លើ​ស្បែកក្បាល​។ ម៉ាស្សា​ល្បាយ​លើ​សក់​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ៣០ នាទី ឬ​រហូតដល់​ស្ងួត​។ ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហៗ​លាង​សម្អាត​ចេញ​។ ចៀសវាង​ប្រើប្រាស់​ឧបករណ៍​កម្ដៅ​ណាមួយ ឬ​កក់សក់​ជាមួយ​សាប៊ូ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២៤ ម៉ោង​។ អ្នក​អាចអនុវត្ត​ល្បាយ​នេះ​ម្ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ផ្ដល់​សំណើម​និង​កាត់បន្ថយ​ការខូចខាត​។​
 
៣. ប្រេងដូង​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង​ជាមួយ​ទឹកឃ្មុំ​ឱ្យ​ក្លាយជា​ល្បាយ​រាវ​មួយ​ដោយ​បរិមាណ​អាស្រ័យ​លើ​ប្រវែង​នៃ​សក់​។ លាប​ល្បាយ​ពី​ចុង​សក់​ទៅ​ស្បែកក្បាល​។ ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ប្រហែល ៥ នាទី ប្រសិនបើ​អ្នកមាន​បញ្ហា​អង្គែ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី ទៅ ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com