អន្តរជាតិ
​រាជបុត្រ​ស្តេច​ព្រុយ​ណេ ចូល​ទិវង្គត​ក្នុង​ព្រះជន្ម​៣៨​វស្សា មេដឹកនាំ​អាស៊ាន​ផ្ញើ​សារ​រំលែក​ទុក្ខ​
27, Oct 2020 , 11:18 am        
រូបភាព
ដោយ:
ព្រះអង្គម្ចាស់ Haji Abdul Azim របស់​ព្រុយ​ណេ (Prince Azim of Brunei ) បាន​ចូល​ទិវង្គត​កាលពី​២៤ ខែតុលា ក្នុង​ទីក្រុង​បាន​ដា​ស៊េរី បេ​ហ្កា​វ៉ាន់ ក្នុង​ព្រះជន្ម​៣៨​វស្សា​។ ទ្រង់​ជា​បុត្រា​ទី​២​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់​ព្រុយ​ណេ ហា​ស្សា​ណា​ល់ បុល​គៀ​។ មេដឹកនាំ​នៃ​ប្រទេសជិតខាង​ព្រុយ​ណេ​មួយចំនួន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ការចូល​ទិវង្គត​របស់​ទ្រង់ Azim ។

 
​រដ្ឋាភិបាល​ព្រុយ​ណេ បានប្រកាស​កាន់ទុក្ខ​ថ្នាក់ជាតិ​រយៈពេល​៧​ថ្ងៃ​ចំពោះ​ការចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់ Azim ចាប់ពី​ចុង​សប្ដាហ៍​នេះ​មក​។ មូលហេតុ​នៃ​ការចូល​ទិវង្គត​របស់​បុត្រ​ព្រះ​ចៅ​ស៊ុ​លត​ង់​អង្គ​នេះ ពុំ​ត្រូវបាន​បញ្ជាក់​ឡើយ តែបើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ព្រះអង្គម្ចាស់ Azim ប្រឈួន​ធ្ងន់ធ្ងរ​យូរ​មក​ហើយពី​ជំងឺមហារីក​ថ្លើម​។ 
 
​មេដឹកនាំ​អាស៊ាន​ចំនួន​៣ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់ Azim ក្នុងនោះ​មាន​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin,  នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ 


(ឆ្វេង) ព្រះអង្គម្ចាស់ Azim, ព្រះអង្គម្ចាស់ Abdul Malek (កណ្ដាល) និងព្រះអង្គម្ចាស់ Abdul Mateen នៅព្រះរាជវង្សក្នុងទីក្រុង បានដាស៊េរី បេហ្កាវ៉ាន់ កាលពីខែកញ្ញា ឆ្នាំ២០១៤ ។រូបភាព៖ AFP  

​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាយករដ្ឋមន្ត្រី លី សៀន​ឡុង បានសរសេរថា ព្រះអង្គម្ចាស់ Azim ត្រូវបាន​ស្គាល់​ថា​មាន​ព្រះទ័យ​ទូលាយ និង​ចំពោះ​ការ​ពលី​កម្ម​សម្រាប់​បុព្វហេតុ​យុវជន ការអប់រំ និង​សប្បុរស​។ ចំណែក ទាំង​លោក ប្រា​យុទ្ធ និង​លោក Yassin បានបង្ហាញ​ការសោកស្ដាយ​ពន់ពេក​ចំពោះ​ការចូល​ទិវង្គត​នេះ ហើយ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ព្រះ​ចៅ​ស៊ុ​លត​ង់ សែ​រាជវង្ស និង​ប្រជាជន​ព្រុយ​ណេ​ទាំងអស់​។ 
 
​សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Azim ក៏​ជា​ផលិតករ​ភាពយន្ត​ហូលីវូដ ដែល​រាប់អាន​ស្និទ្ធស្នាល​ជាមួយ​តារា​ល្បីៗ​ផងដែរ​។ ទ្រង់ ធ្លាប់​ថតរូប​កៀក​ស្មា​ជាមួយ  Michael Jackson, Mariah Carey និង Pamela Anderson ជាដើម ហើយ​ធ្លាប់​ទាំង​ចាយលុយ​១០​លាន​ដុល្លារ​ឲ្យ​តារាចម្រៀង Michael Jackson ចូលរួម​ពិធី​ខួបកំណើត​២៥​វស្សា​របស់​ទ្រង់​ទៀតផង​។ 
 
​ក្នុង​ឧស្សាហកម្ម​ហូលីវូដ ព្រះអង្គម្ចាស់ Azim បាន​បោះទុន​ជាង​៤​លាន​ដុល្លារ​បង្កើត​ផលិតកម្ម​ភាពយន្ត​ផ្ទាល់ខ្លួន ហើយ​ទ្រង់​បាន​ផលិត​ភាពយន្ត​៣​រឿង រួមមាន You're Not You (២០១៤), The Time of Their Lives (២០១៧) និង The Happy Prince (២០១៨) ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com