កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ថា​ព័ត៌មាន​ចូល​និវត្ត​ន៍​ពី​ជម្រើសជាតិ​បារាំង​ដើម្បី​ប្រឆាំង Macron ជា Fake News
27, Oct 2020 , 9:29 pm        
រូបភាព
Paul Pogba ខ្សែបម្រើ​ក្រុម Manchester United នៅ​ថ្ងៃទី​២៦ ខែតុលា អះអាងថា របាយការណ៍​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង ដើម្បី​តវ៉ា​ប្រឆាំង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ជា​ព័ត៌មាន​ក្លែងក្លាយ «Fake News»​។​


​យោងតាម​កាសែត​អង់គ្លេស The Sun ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៦​តុលា Pogba ដែល​ជួយ​ក្រុម​មាន់គក​បារាំង​ឈ្នះ World Cup ឆ្នាំ​២០១៨ ចង់​បញ្ចប់​អាជីព​ពី​ជម្រើសជាតិ បន្ទាប់ពី​លោក Macron បាន​ប្តេជ្ញា​ប្រឆាំង​ក្រុម​ឥស្លាម​ជ្រុលនិយម​។ ការអះអាង​របស់​ប្រធានាធិបតី​បារាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​កាត់​ក្បាល​គ្រូ​ប្រវត្តិវិទ្យា​លោក Samuel Paty កាលពី​ថ្ងៃទី​១៦ ខែតុលា​កន្លងទៅ​។​
 
​ជុំវិញ​ករណីនេះ ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Man Utd វ័យ​២៧​ឆ្នាំ បាន​បដិសេធ​ដាច់ខាត ហើយ​ថែមទាំង​ហៅ​ការចុះផ្សាយ​ព័ត៌មាន​របស់ The Sun ថា​ជា Fake News ទៀតផង​។ «​ព័ត៌មាន​ក្លែងក្លាយ​ដែល​មិនអាច​ទទួលយកបាន​»​។ Pogba ដែលជា​អ្នក​កាន់សាសនា​ឥស្លាម​បាន screenshot ចំណងជើង​របស់ The Sun យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ដូច្នេះ​។​
 
​ឃាតកម្ម​សម្លាប់​ដោយ​កាត់​ក្បាល ទៅលើ​គ្រូបង្រៀន​ឈ្មោះ Paty ក្នុង​ក្រុងប៉ារីស កើតឡើង​ដោយសារតែ​គ្រូ​អនុវិទ្យាល័យ​រូបនេះ បាន​យក​រូប​ត្លុក​បង្ហាញ​ពន្យល់​សិស្ស​ក្នុង​ថ្នាក់រៀន​។ អំពើ​ឃោ​ឃៅ​នេះ បានធ្វើ​ឲ្យ​ក្តុកក្តួល​ចិត្តខ្លាំង​ពី​សំណាក់​ប្រជាជន ក៏ដូចជា​អ្នកនយោបាយ​បារាំង​ផង​។ រដ្ឋាភិបាល​បារាំង​លោក Macron បាន​ប្តេជ្ញា​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព​បំផុត​ដើម្បី​ប្រឆាំង​ឥស្លាម​ជ្រុលនិយម ក៏ដូចជា​ទប់ស្កាត់ កុំ​ឲ្យ​មាន​អំពើ​ព្រៃផ្សៃ​ដូច្នេះ​កើតឡើង​ទៀត​។​
 
​យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយ​របស់​លោក Macron ខាងលើ​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​ជន​មូស្លីម​ភាគច្រើន​។ នៅក្នុង​ប្រទេស​ស៊ី​រី ជន​មូស្លីម​ខ្លះ បាន​ដុត​រូបលោក Macron ខណៈ​ប្រជាជន​លី​ប៊ី​នាំគ្នា​ដុត​ទង់ជាតិ​បារាំង​នៅក្នុង​រដ្ឋធានី​របស់​ពួកគេ​។​
 
Pogba ទើប​បង្ហាញខ្លួន​ឲ្យ​ក្រុម​លោក Didier Deschamps ក្នុងការ​ប្រកួត​ពានរ​ង្វាន់ Nations League កាលពី​ថ្ងៃទី​១៥ តុលា​កន្លងទៅ ក្នុង​ជ័យជម្នះ​លើ​ក្រូ​អាស៊ី​ក្នុង​លទ្ធផល ២-១​។ រូបគេ​ក៏​នៅតែមាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​ដដែល សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហ្វាំ​ង​ឡង់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា មុន​បន្តទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់ និង​ស៊ុយអែត ពាន Nations League នៅ​ថ្ងៃទី​១៥ និង​១៨ ខែវិច្ឆិកា​៕

Tag:
 Paul Pogba
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com