ចៅក្រម​តុលាការ​កំពូល​ដែល​លោក​ត្រាំ​ជ្រើសរើស នឹង​ស្បថ​ចូលកាន់​តំណែង​១​សប្តាហ៍ មុន​ការបោះឆ្នោត​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចៅក្រម​តុលាការ​កំពូល​ដែល​លោក​ត្រាំ​ជ្រើសរើស នឹង​ស្បថ​ចូលកាន់​តំណែង​១​សប្តាហ៍ មុន​ការបោះឆ្នោត​
28, Oct 2020 , 8:29 am        
រូបភាព
លោកស្រីAmy Coney Barrett (ឆ្វេង) លោកប្រធានាធិបតីដូណាល់ត្រាំ(កណ្តាល) ។ រូបភាព៖ AFP
លោកស្រីAmy Coney Barrett (ឆ្វេង) លោកប្រធានាធិបតីដូណាល់ត្រាំ(កណ្តាល) ។ រូបភាព៖ AFP
​ព្រឹទ្ធសភា​អាមេរិក ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃទី​២៦ ខែតុលា បាន​បោះឆ្នោត​យល់ព្រម​លើ​បេក្ខភាព លោកស្រី​Amy Coney Barrett ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក​។ សំណើ​ជ្រើសតាំង​បេក្ខភាព​លោកស្រី Barrett ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ គឺជា​រឿងចម្រូងចម្រាស់ ដ្បិតអី​បក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​អនាគត​ប្រធានាធិបតី​ដែល​ឈ្នះឆ្នោត ជ្រើសតាំង​បេក្ខភាព​នេះ​។​



​បើទោះបី​ជាមាន​ការតវ៉ា​ពី​បក្ស​ប្រជាធិបតេយ្យ​ក្តី បក្ស​សាធារណរដ្ឋ​នៅតែ​ជម្នះ​ក្នុង​ការបន្ត​នីតិវិធី​បោះឆ្នោត​យល់ព្រម​បេក្ខភាព​លោកស្រី​Amy Coney Barrett ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក​។ បេក្ខភាព​របស់លោក​ស្រី Barret នៅក្នុង​តុលាការ​កំពូល​អាមេរិក នឹងធ្វើ​ឲ្យ​ចៅក្រម​ដែលមាន​និន្នាការ​អភិរក្សនិយម​កើន​ដល់​៦ និង​សេរីនិយម​សល់​ត្រឹមតែ​៣​ប៉ុណ្ណោះ​។ 
 
​នៅ​ថ្ងៃទី​២៦ តុលា ព្រឹទ្ធសភា​អាមេរិក​យល់ព្រម​ដោយ​សម្លេង​៥២ ទល់នឹង​៤៨ លើ​បេក្ខភាព​លោកស្រី Amy Coney Barrett ចៅក្រម​តុលាការ​ឧទ្ធរណ៍​។ ក្នុងការ​បោះឆ្នោត​នេះ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​សឹងតែ​ទាំងអស់​បោះឆ្នោត​គាំទ្រ ខណៈ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ទាំងអស់​បោះឆ្នោត​មិន​យល់ព្រម​។ បក្ស​ប្រជាធិបតេយ្យ​អះអាងថា គេ​មិនគួរ​បោះឆ្នោត​ផ្តល់​ការយល់ព្រម​លើ​បេក្ខភាព​ចៅក្រម នៅពេល​គៀក​ការបោះឆ្នោត​ឡើយ​។​នេះ​យោងតាម​សារព័ត៌មាន CNN​។ 
 
​សម្រាប់​លោក​ប្រធានាធិបតី​ត្រាំ វត្តមាន​របស់លោក​ស្រី Barrett ជា​ជ័យជំនះ​មួយ​យ៉ាង​ធំធេង​។ លោក​ត្រាំ​ចង់​ឲ្យ​លោកស្រី Barrett ដែលមាន​វត្តមាន​ក្នុង​តុលាការ​កំពូល​ចូលរួម​សម្រេចសេចក្តី​លើ​ជម្លោះ​ទាំងឡាយ​ដែល​ជាប់ទាក់ទង​នឹង​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​។ ចំណែក​បក្ស​ប្រជាធិបតេយ្យ​វិញ ទទូច​ហើយ​ទទូច​ទៀត​ឲ្យ​លោកស្រី Barrett ដកខ្លួន​ពី​ការជំនុំជម្រះ​រឿងក្តី​ទាំង​ទង​នឹង​លទ្ធផល​ឆ្នោត​។​
 
​ការដែល​លោកស្រី Barrett ត្រូវបាន​ជ្រើសតាំង​ដោយ​លោក​ត្រាំ​ឲ្យ​បំពេញការងារ​ជា​ចៅ​ក្រុម​នៅ​តុលាការ​កំពូល​អាមេរិក គឺ​ដោយសារ​លោកស្រី Ruth Bader Ginsburg ចៅក្រម​តុលាការ​កំពូល​អាមេរិក​ទទួលអនិច្ចកម្ម​។ ចៅក្រម​តុលាការ​កំពូល​អាមេរិក​មាន​ចំនួន​៩​រូប និង​បំពេញការងារ​មួយជីវិត​។​
 
​វត្តមាន​របស់លោក​ស្រី​ក្នុង​តុលាការ​កំពូល​អាមេរិក នាំ​ឲ្យ​គេ​បារម្ភ​ថា​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​លម្អៀង​ទៅ​និន្នាការ​ស្តាំ និង​អភិរក្សនិយម ដែល​នាំ​ឲ្យ​មានការ​កាត់សេចក្តី​រឹតត្បិត​សិទ្ធិ​ក្នុងការ​រំលូតកូន កំណត់​សិទ្ធិ​ក្នុងការ​បោះឆ្នោត ការកំណត់​សិទ្ធិ និង​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ពង្រីក​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​កាំភ្លើង​។ អ្វីដែល​បក្ស​ប្រជាធិបតេយ្យ​កាន់តែ​បារម្ភ​ថែមទៀត​នោះ គឺ​ការដែល​លោក​ត្រាំ​ចង់​ប្រើប្រាស់​តុលាការ​កំពូល​ដើម្បី​លុបចោល​ច្បាប់​គាំពារ​សុខភាព​(Obamacare) ដែល​ផ្តល់​ការធានារ៉ាប់រង​សុខភាព​ដល់​ពលរដ្ឋ​អាមេរិក​ដែល​មិនមាន​លទ្ធភាព ទិញ​ធានារ៉ាប់រង​សុខភាព​ពី​ក្រុមហ៊ុន​ឯកជន​បាន​។ លោក​ត្រាំ ព្យាយាម​លុប​ច្បាប់​នេះ​ចោល​ម្តង​តាមរយៈ​ការបោះឆ្នោត​ព្រឹទ្ធសភា ប៉ុន្តែ​បរាជ័យ​ដោយ​ស្វែងរក​សម្លេង​មិន​គ្រប់​។​
 
​ជម្លោះ​នៃ​លទ្ធផល​បោះឆ្នោត ក៏​ជា​កត្តា​មួយ​ដែល​បក្ស​ប្រជាធិបតេយ្យ​មិន​ចង់​ឲ្យ​មាន​ចៅក្រម​តុលាការ​កំពូល​ថ្មី​មុន​ការបោះឆ្នោត ដ្បិតអី​នៅពេល​មាន​ជម្លោះ​លទ្ធផល​បោះឆ្នោត បក្ស​នេះ​បារម្ភ​ថា​ចៅក្រម​នឹង​សម្រេចសេចក្តី​ទៅតាម​បក្សនយោបាយ​ដែល​តែងតាំង​ខ្លួន ឬ​មាន​ទំនោរ​ដូច​ខ្លួន​។ ករណីនេះ ធ្លាប់​កើតឡើង​ម្តង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០០០ រវាង លោក​George W. Bush និង Albert Gore លើ​ការរាប់​សន្លឹកឆ្នោត​សារជាថ្មី​នៅ​រដ្ឋ​ផ្លរីដា​។ ការកាត់ក្តី​នាពេលនោះ​ត្រូ​បាន​គេ រិះគន់ថា​លម្អៀង​ទៅតាម​និន្នាការ​មនោគមវិជ្ជា​នយោបាយ និង​បក្ស​។ ពេលនោះ​ចៅ​ក្រុម​តុលាការ​កំពូល​៥​នាក់​ត្រូវបានតែងតាំង​ដោយ​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ ទល់នឹង​៤​នាក់​ពី​បក្ស​ប្រជាធិបតេយ្យ​។​
 
​ចៅក្រម​តុលាការ​កំពូល​អាមេរិក ត្រូវបាន​ជ្រើសតាំង​ដោយ​ប្រធានាធិបតី​អាមេរិក បន្ទាប់មក​ចាំបាច់​ត្រូវ​ទទួល​ការបោះឆ្នោត​យល់ព្រម​ដោយ​ព្រឹទ្ធសភា​អាមេរិក​៕
 
 

Tag:
 អាមេរិក​
  នយោបាយ​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com