អន្តរជាតិ
មី​យ៉ាន់​ម៉ា​ពន្យារពេល​ទទួល​ទេសចរ​បរទេស ខណៈ​ការបោះឆ្នោត​ជិត​មកដល់​
28, Oct 2020 , 8:29 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ាដែលគាំទ្របក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុង Yangon។​​រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ាដែលគាំទ្របក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុង Yangon។​​រូបភាព៖ AFP
ដោយ៖​កង ម៉េង​ហុង​

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​សម្រេច​ពន្យារ​ការ​រឹតបន្តឹង​រាល់​ជើងហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ និង ការចេញ​ទិដ្ឋាការ​គ្រប់​ប្រភេទ​សម្រាប់​ទេសចរណ៍​រហូត​ដល់​ចុង​វិច្ឆិកា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 នៅមុន​ការបោះឆ្នោត​បាន​ចូលមក​ដល់​។​


​ក្រសួង​ដឹកជញ្ជូន​និង​គមនាគមន៍​របស់​មី​យ៉ាន់​ម៉ា​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ ២៦ ខែតុលា​ថា  ការហាមឃាត់​ជនបរទេស​ចូលក្នុង​ប្រទេស​នឹងត្រូវ​បាន​ពន្យារពេល​មួយខែ​ទៀត​រាប់​ចាប់​ពីថ្ងៃ​ប្រកាស​។​
 
​បើតាម​សារព័ត៌មាន​ថៃ Bangkok Post  ការពន្យារពេល​ទទួល​ជនបរទេស​ដែលជា​វិធានការ​ក្នុងការ​ទប់ស្កាត់​តាមពិតទៅ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែតុលា​នេះ ហើយ​វា​ត្រូវបាន​រៀបចំ​ដោយ​គណៈកម្មាធិការ​មួយ​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​
 
​ដោយឡែក នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មី​យ៉ាន់​ម៉ា​ឯណោះ​វិញ​បានប្រកាស​ដែរ​ថា វិធានការ​បន្ថែម​ក្នុងការ​ការហាមឃាត់​ការហោះហើរ​ក្នុងស្រុក​រយៈពេល ២ សប្តាហ៍​នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ផងដែរ​ពោលគឺ​ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​។ 
 
​យ៉ាងណាក៏ដោយ ធុរជន​ដែល​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ចាំបាច់​នោះ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ខាង​ក្រសួងការបរទេស និង​ត្រូវ​ធ្វើយ៉ាងណា​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ផង​។ 
​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា​បាន​បិទ​តំបន់​ជាច្រើន​នៅក្នុង​តំបន់ Yangon ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​យ៉ាងណាមិញ​រដ្ឋាភិបាល​បានសម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការប្រមូល​ផ្តុំគ្នា​ជា​សាធារណៈ​នៅ​ថ្ងៃទី ២៥ ខែតុលា​ដើម្បី​អនុញ្ញាតឱ្យ​គណបក្សនយោបាយ​ធ្វើ​យុទ្ធនាការ​មុនពេល​ប្រជាជន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​។​
​ប៉ុន្តែ​បទបញ្ជា​ស្នាក់នៅ​ក្នុងផ្ទះ​សម្រាប់ ៧៤ តំបន់ រួមទាំង​តំបន់ Yangon ទាំងមូល និង រដ្ឋ Rakhine នៅតែមាន​ប្រសិទ្ធភាព​៕
 
 
 
 

Tag:
 ​មី​យ៉ាន់​ម៉ា​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com