សង្គមអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋអាមេរិកជាង៧០លាននាក់បោះឆ្នោតមុនកំណត់រួចរាល់ហើយ ពលរដ្ឋអាមេរិកឈរតម្រង់ជួរ បោះឆ្នោតនៅថ្ងៃទីមួយនៃការអនុញ្ញាតឲ្យបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលឆ្នោត ក្នុងទីក្រុង Las Vegas កាលពីថ្ងៃទី ១៧ ខែតុលា ។ រូបភាព៖ AFP
× ពលរដ្ឋអាមេរិកជាង៧០លាននាក់ហើយ បានបោះឆ្នោតរួចរាល់សម្រាប់ជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលតួលេខនេះគឺលើសពាក់កណ្ដាលនៃចំនួនអ្នកចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៦ ខណៈនៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតធំ ។ នេះបើតាមរបាយការណ៍របស់ US Elections Project នៅថ្ងៃទី ២៨ ខែតុលា ។
តួលេខដែលបង្ហាញពីកំណើនយ៉ាងលឿនរហ័សរបស់អ្នកចេញទៅបោះឆ្នោតមុនកំណត់បែបនេះ គឺជាសញ្ញាចុងក្រោយមួយនៃការប្រកួតប្រជែងតានតឹងរវាងប្រធានាធិបតីបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ និងគូប្រជែងបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន។
ហើយវាក៏ស្ដែងចេញនូវបំណងរបស់អ្នកបោះឆ្នោត ដែលចង់កាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ-១៩ ខណៈជំងឺរាតត្បាតសកលមួយនេះ អាចមានសន្ទុះជាថ្មីនាពេលអាមេរិកឈានចូលដល់រដូវត្រជាក់។
ខាងបក្សប្រជាធិបតេយ្យ ហាក់ដូចជាមានប្រៀបគួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតមុនកំណត់ ដោយការស្ទាបស្ទង់មតិ ដែលចុះផ្សាយដោយទូរទស្សន៍ BCC បង្ហាញថា លោក បៃឌិន នាំមុខលោកត្រាំក្នុងពិន្ទុ ៥១ ភាគរយ ខណៈលោកត្រាំ ទទួលពិន្ទុ ៤៣ភាគរយ។
សន្ទុះខ្ពស់នៃការបោះឆ្នោតមុនកំណត់បែបនេះ បានធ្វើឲ្យអ្នកជំនាញរបស់ US Elections Project ព្យាករទុកថា អ្នកចេញទៅបោះឆ្នោតក្នុងការបោះឆ្នោតអាមេរិកនាថ្ងៃទី ៣ ខែវិច្ឆិកា អាចកើនដល់ ១៥០លាននាក់ ឬតំណាងឲ្យ ៦៥ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោតសរុបរបស់អាមេរិក។ នេះនឹងក្លាយជាតួលេខខ្ពស់បំផុត ចាប់តាំងពីឆ្នាំ១៩០៨មក។
ពីរដ្ឋ Georgia កាលពីថ្ងៃទី ២៧ ខែតុលា លោក ចូ បៃឌិន ចោទលោកត្រាំថាចុះចាញ់ចំពោះជំងឺរាតត្បាតសកល ដែលសម្លាប់ពលរដ្ឋអាមេរិកជាង ២២ម៉ឺននាក់ ហើយបានសន្យាថានឹងដោះស្រាយបញ្ហាកូវីដ-១៩ បើលោកជាប់ឆ្នោត។ «ប្រសិនបើអ្នកផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាប្រធានាធិបតីអ្នក […] យើងនឹងធ្វើឲ្យកូវីដ-១៩ស្ថិតក្រោមការគ្រប់គ្រង នៅថ្ងៃទីមួយនៃតំណែងជាប្រធានាធិបតី»។ លោក បៃឌិន ប្ដេជ្ញាបែបនេះ៕
Tag:
សហរដ្ឋអាមេរិក
បោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com