សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រៅពី​ប្រធានាធិបតី តើ​ពលរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​អ្វី​ផ្សេងទៀត​ថ្ងៃ ៣ ខែវិច្ឆិកា​ខាងមុខ​?
30, Oct 2020 , 9:19 am        
រូបភាព
អាគារសភាតំណាង និងព្រឹទ្ធសភាអាមេរិក។ រូបភាព៖ AFP
អាគារសភាតំណាង និងព្រឹទ្ធសភាអាមេរិក។ រូបភាព៖ AFP
ដោយ:
​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៣ វិច្ឆិកា ឆ្នាំ​២០២០​នេះ​ត្រូវបាន​អ្នកតាមដាន​នយោបាយ​អាមេរិក ក៏ដូចជា​សារព័ត៌មាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងសំខាន់​ទៅលើ​បេក្ខជន​ប្រធានាធិបតី​ចូ បៃ​ឌិន និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​ថ្ងៃ​ដដែល​នោះ ពលរដ្ឋ​អាមេរិក​ក៏​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធិ​សភា និង​សមាជិកសភា​តំណាងរាស្ត្រ​ថ្មី​ដែរ​។​

 
​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​៤៣៥​រូប​សម្រាប់​នីតិកាល​ថ្មី​
 
​នៅ​ថ្ងៃទី​០៣ វិច្ឆិកា ពលរដ្ឋ​អាមេរិក​ក៏​នឹងត្រូវ​បោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ​ចំនួន​៤៣៥​នាក់ ពី​រដ្ឋ​ចំនួន​៥០ សម្រាប់​នីតិកាល​ទី​១១៧​នៃ​សភា​តំណាង​អាមេរិក​។ សភា​តំណាង​អាមេរិក មាន​សមាជិក​ចំនួន​៤៣៥​រូប ក្នុងន័យនេះ​បក្ស​សាធារណៈរដ្ឋ ឬ​ប្រជាធិបតេយ្យ ចាំបាច់​ត្រូវមាន​តំណាងរាស្ត្រ​របស់ខ្លួន​ចាប់ពី ២១៨​នាក់​ឡើងទៅ​។​
 
​បច្ចុប្បន្ន សភា​តំណាង​អាមេរិក​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ដោយ​បក្ស​នេះ​ឈ្នះ​ការបោះឆ្នោត​សភា​នីតិកាល​ទី​១១៦ នា​ឆ្នាំ​២០១៨ កាន់កាប់​អាសនៈ​ចំនួន​២៣៥ រីឯ​បក្ស​សាធារណរដ្ឋ​ទទួលបាន​ត្រឹមតែ​១៩៩​អាសនៈ​ប៉ុណ្ណោះ​។ តំណាងរាស្ត្រ​នៃ​សភា​តំណាង​អាមេរិក មាន​អាណត្តិ​ចំនួន​២​ឆ្នាំ​។​
 
​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​៣៥​រូប​
 
​ផ្ទុយ​ពីស​ភា​តំណាង ព្រឹទ្ធសភា​អាមេរិក នឹង​បោះឆ្នោត​រើស​សមាជិក​ថ្មី​ចំនួន​តែ​១​ភាគ​៣​នៃ​សមាជិក​សរុប​ដែលមាន ចំនួន​១០០​រូប ប៉ុណ្ណោះ​។ ក្នុងន័យនេះ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣៣​រូប​ត្រូវអស់​អាណត្តិ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២០ មាន​អាសនៈ​២​ទៀត​ដែលជា​ការបោះឆ្នោត​ពិសេស ដ្បិតអី​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទទួលអនិច្ចកម្ម និង​មួយរូប​ទៀត​ចូល​និវត្ត​ទាំង​មិនទាន់​អស់​អាណត្តិ​។​សរុប​ទាំងអស់ វា​មាន​អាសនៈ​ចំនួន​៣៥​ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ​។​
 
​ចាប់​តាំងតែ​ពី​ឆ្នាំ​២០១០​មកម្ល៉េះ បក្ស​សាធារណៈរដ្ឋ​គ្រប់គ្រង​ព្រឹទ្ធសភា​។ ការបោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ​២០១៨ បក្ស​សាធារណៈរដ្ឋ​ទទួលបាន​៥៣​អាសនៈ រីឯ​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​ត្រឹមតែ​៤៧​អាសនៈ​ប៉ុណ្ណោះ​។ ការបោះឆ្នោត​លើក​នេះ​បក្ស​សាធារណៈរដ្ឋ​មាន​អាសនៈ​ត្រូវ​បោះឆ្នោត​ជាថ្មី​ចំនួន​២៣ ខណៈ​បក្ស​ប្រជាធិបតេយ្យ​មាន​ត្រឹមតែ​១២​ប៉ុណ្ណោះ​។​សមាជិក​ព្រឹទ្ធសភា​អាមេរិក មាន​អាណត្តិ​ចំនួន​៦​ឆ្នាំ​។​
 
​ហេតុអ្វី​សភា​តំណាង និង​ព្រឹទ្ធសភា​សំខាន់​សម្រាប់​ប្រធានាធិបតី​?
 
​សម្រាប់​ប្រធានាធិបតី​រូប​ណាក៏ដោយ ការណ៍​ដែល​បក្ស​របស់ខ្លួន​អាច​គ្រប់គ្រង​សភា​ទាំង​២​ថ្នាក់ ឬ​យ៉ាងហោចណាស់​១ មាន​សារៈសំខាន់​ណាស់​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​រុញ​សំណើ​ច្បាប់​បាន​ងាយស្រួល​។ ជាក់ស្តែង លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកា​ប្រចាំឆ្នាំ ត្រូវ​ឆ្លងកាត់ និង​ទទួល​ការអនុម័ត​ពីស​ភា​តំណាង​សិន មុននឹង​ត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា​។​
 
​ក្នុង​ឆ្នាំ​២០១៨ ក្រោយពេល​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​តំណាង រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ ពុំ​អាច​រុញ​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកា​បានឡើយ ដោយហេតុតែ​គ្មាន​សម្លេង​គ្រប់គ្រាន់ ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​មិនអាច​បើកប្រាក់​ចំណាយ​ជាច្រើន​ខែ​។​រៀង​ដដែល​នេះ ក៏​កើតឡើង​ផងដែរ​ក្នុង​ឆ្នាំ​២០១៩​ដែរ​។​
 
​ចំពោះ​ព្រឹទ្ធសភា​វិញ តួនាទី​ដែល​សំខាន់​ខ្លះ​រួមមាន​ការអនុម័ត​ច្បាប់ និង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ទៅលើ​បេក្ខភាព​ចៅក្រម ឧ​ត្ត​ម​សេនីយ៍ រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​ជាន់ខ្ពស់ ដែល​ស្នើ​ដោយ​ប្រធានាធិបតី​។ បើ​បក្ស​របស់​ប្រធានាធិបតី​មិនមាន​សម្លេង​ភាគច្រើន​ទេ នោះ​រដ្ឋបាល​របស់​ប្រធានាធិបតី​រូបនេះ​ពិបាក និង​អនុម័ត​ច្បាប់ និង​តែងតាំង​មន្ត្រី​។ 
​ទាំងនេះ​ជា​ឧទាហរណ៍​មួយ ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បក្ស​សាធារណរដ្ឋ​គ្រប់គ្រង​ព្រឹទ្ធសភា ជាហេតុ​នាំ​ឲ្យ​មានការ​រារាំង និង​ពន្យារ​សំណើ​តែងតាំង​បេក្ខភាព ចៅក្រម​តុលាការ​កំពូល និង​ចៅក្រម​សាលាឧទ្ធរណ៍ ដែល​ស្នើ​ដោយ​លោក អូ​បា​ម៉ា​៕

Tag:
 អាមេរិក​
  បោះឆ្នោត​
  ប្រធានាធិបតី​
  សភាតំណាងរាស្ត្រ​
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com