ជាតិ
កសិករ​និង​អាជីវករ​បន្លែ​៖ បន្លែ​ស្លឹក​ឡើងថ្លៃ​គុណ​នឹង​ពីរ ក្រោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​
31, Oct 2020 , 11:29 am        
រូបភាព
បន្លែរបស់កសិករដែលប្រមូលផលនៅអំឡុងពេលជំនន់ទឹកភ្លៀង។ (រូបពីទំព័រហ្វេសប៊ុករបស់លោក សុភ័ក្រនិងក្រសួងកសិកម្ម)
បន្លែរបស់កសិករដែលប្រមូលផលនៅអំឡុងពេលជំនន់ទឹកភ្លៀង។ (រូបពីទំព័រហ្វេសប៊ុករបស់លោក សុភ័ក្រនិងក្រសួងកសិកម្ម)
​ភ្នំពេញ​៖ កសិករ​និង​អាជីវករ​បន្លែ​អះអាងថា បន្លែ​ក្នុងស្រុក ពិសេស​ប្រភេទ​បន្លែ​ស្លឹក​ឡើងថ្លៃ​ខ្ពស់​រហូតដល់​គុណ​នឹង​ពីរ ក្រោយ​មាន​គ្រោះទឹកជំនន់​។ ពូក​គាត់​បញ្ជាក់​បន្ថែមថា បន្លែ​ស្លឹក មានដូចជា ស្ពៃក្តោប ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃ​តឿ ស្ពៃចង្កឹះ និង​ស្លឹក​ខ្ទឹម​ជាដើម ភាគី​ច្រើន​ត្រូវ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​។


​កសិករ​ដាំ​បន្លែ​នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង លោក អ៊ឹម សុ​ភ័​ក្រ ដែល​រង​ផលប៉ះពាល់​បន្លែ​ដោយសារ​ភ្លៀង​ជន់​ជោរ​បាន​បញ្ជាក់ថា ទោះបី​ស្លឹក​ខ្ទឹម​របស់លោក​ខូច​មិនសូវ​ល្អ ក៏​លក់បាន​តម្លៃ​ថ្លៃ​ដែរ​។ លោក​បញ្ជាក់ថា តម្លៃ​លក់​ចេញ​ជាទូទៅ​គឺ​ប្រមាណ​៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ឥឡូវ​គឺ​ឡើងថ្លៃ​ដល់ ១២០០០​រៀល​។ 
 
«​ដើម​ខ្ទឹម​ខ្ញុំ​ជោរ​ទឹកភ្លៀង ក្រហម​ស្លឹក ប៉ុន្តែ​លក់បាន​១២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ឡើងថ្លៃ​ខ្លាំង​ទូទៅ​ខ្ញុំ​លក់​បានតែ​៦០០០​រៀល​ទេ​។ នេះ​ព្រោះ​បន្លែ​ដែលមាន​អាយុ​ខ្លី​ដូចជា​ស្លឹក​ខ្ទឹម ស្ពៃ វា​ឆាប់​ខូច មិនចាំបាច់​លិច​ទឹក​ក៏​អាច​ខូច​បានដែរ ឲ្យ​តែ​ភ្លៀង​ជាប់​ហើយ​ជោរ​ទឹក​ក៏​អន់​និង​ខូច​ដែរ​។ អ៊ីចឹង​បាន​បន្លែ​ប្រភេទ​នេះ​ឡើងថ្លៃ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ឹម សុ​ភ័​ក្រ ដែល​ដាំ​បន្លែ​លើ​ផ្ទៃដី​រាបស្មើ ទើប​ទឹក​ជន់​លិច​។  
 
​ដោយឡែក លោក លន សាវុធ ជា​កិ​សករ​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ក៏​អះអាង​ដែរ​ថា បន្លែ​ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃ​តឿ និង​សាលាដ​ជាដើម គឺ​ឡើងថ្លៃ​ខ្ពស់​គ្រប់មុខ ខណៈ​កសិករ​ដទៃទៀត​ត្រូវ​ខូចខាត​បន្លែ​នៅពេល​មាន​ជំនន់​ទឹកភ្លៀង​។ ជាក់ស្ដែង​សាលាដ​របស់លោក កាលពី​មិនទាន់មាន​ទឹក​ជន់​លិច​លក់បាន​៥​ពាន់​ទៅ​៦​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រា ប៉ុន្តែ​ឥឡូវ​លក់បាន​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 
 
«​ខ្ញុំ​ដាំ​បន្លែ​មាន​ស្ពៃ​គ្រប់​ប្រភេទ ក្នុងផ្ទះ​សំណាញ់ លើក​រោង​ខ្ពស់ តាម​បច្ចេកទេស ទើប​បន្លែ​ខ្ញុំ​មិន​ខូចខាត​។ ហើយ​បន្លែ​អ្នកផ្សេង​នៅ​ម្ដុំ​ខ្ញុំ ភាគច្រើន​ខូច​ទាំងអស់ ព្រោះ​លើ​រោងបន្លែ​ផ្ទាល់​ដី​ធម្មតា ឆាប់​ត្រូវ​ទឹក​ឬ​លិច​ទឹក​ខូច​ណាស់​។ បន្លែ​សឹក ដូចជា​ស្ពៃ​គ្រប់​ប្រភេទ​ដែល​ខ្ញុំ​ដាំ​គឺ​តម្លៃ​ឡើង​គ្រប់មុខ​ហ្នឹង គ្រាន់​ខ្លះ​ឡើង​គុណ​នឹង​ពីរ ហើយ​ខ្លះ​ខ្ពស់​ទាប​ជាង​គ្នា​តិចតួច​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សាវុធ​។ 
 
​ទន្ទឹមនេះ អាជីវករ​ដែល​ប្រម​មូល​ទិញ​បន្លែ​ពី​តំបន់​ផ្សេងៗ​ក្នុងប្រទេស បាន​ត្អូញត្អែរ​ពី​ការខ្វះ​បន្លែ ផ្គត់ផ្គង់​ដល់​អតិថិជន ខណៈដែល​បន្លែ​ខ្លះ​បន្ត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​។ អ្នកស្រី ឃ្លាំង តេង​អាំ​ម៉ា​រ៉ា ម្ចាស់​ហាង​បន្លែ​ធម្មជាតិ​សង្កាត់​បៃតង​នៅ​រាជធាន​ភ្នំពេញ ពោល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ហាង​របស់ខ្លួន​កំពុង​ខិតខំ​ស្វែងរក​បន្លែ​សុវត្ថិភាព​ពី​តំបន់​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​ដល់​អតិថិជន​។ ជាមួយគ្នា​ដែរ អ្នកស្រី​ក៏បាន​ដំឡើង​តម្លៃ​បន្លែ​ដល់​កសិករ​ដែរ ដើម្បី​ជួយ​សម្រួល​ការខូចខាត​ដល់​កសិករ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹក​ជន​ន់​លិច​។ 
 
«​ខាង​ខ្ញុំ​បន្លែ​ខ្លះ អតិថិជន​សួររក​អត់​មាន​ប្រហែល​មួយអាទិត្យ តាំងពី​មាន​ទឹកជំនន់​មក ពិសេស​បន្លែ​ស្លឹក ប្រភេទ​ស្ពៃ ហើយ​បន្លែ​មើម​មួយចំនួន​ក៏​ខ្លះ​ដែរ ដោយសារ​ហាង​ខ្ញុំ​លក់​តែ​បន្លែ​ក្នុងស្រុក​។ ប្រភេទ​បន្លែ​ស្លឹក ដូច​ស្ពៃ​ក្រ​ញ៉ា​ញ់​ឡើង​មួយ​គីឡូ​១​ម៉ឺន​រៀល រក​ទិញ​មិនបាន​ទៀត​។ ហើយ​បន្លែ​ស្លឹក​ខ្លះ អ្នកប្រមូល​ទិញ​ឡើង​ថ្ងៃ​បន្តបន្ទាប់​គ្នា ហើយ​ខ្លះ​គេ​យកមក​លក់​បន្ត​ចំណេញ​តិច ចំណេញ​ច្រើន ព្រោះ​ភាគច្រើន​បន្លែ​ឥឡូវ​ខូចខាត​ដោយ​ទឹកជំនន់​...»​។ នេះ​បើតាម​ការបញ្ជាក់​អ្នកស្រី តេង​អាំ​ម៉ា​រ៉ា​។ 
 
​រីឯ លោក ហម គ្រឹ​ស្នា ម្ចាស់​ហាង​បន្លែ កសិដ្ឋាន​ធម្មជាតិ ក៏​លើកឡើង​ដូច​អ្នកស្រី​អាំ​ម៉ា​រ៉ា​ដែរ ដោយ​អះអាងថា បន្ទាប់ពី​មាន​ទឹកជំនន់ បន្លែ​ឡើងថ្លៃ​ខ្ពស់​ដោយសារ​បន្លែ​ភាគច្រើន​ត្រូវ​ខូចខាត​។ ប៉ុន្តែ​លោក គ្រឹ​ស្នា ថា ការដំឡើងថ្លៃ​បន្លែ​ឲ្យ​កសិករ គឺជា​ផ្នែក​ក្នុងការ​ទប់ទល់​ដល់​ការខាតបង់​របស់​ក​សិរ​។ 
 
«​ជាក់ស្ដែង​កន្លង​គាត់​ធ្លាប់​ដាំ​បាន​១០០​គីឡូក្រាម ហើយ​មកដល់ពេលនេះ រង​ការខូចខាត​សល់​ត្រឹម​១០​ទៅ​២០​គីឡូក្រាម​។ អ៊ីចឹង​ចង់​មិន​ចង់​ត្រូវ​ដំឡើង​តម្លៃ​ឲ្យ​គាត់ ហើយ​កសិករ​ខ្លះ​សុំ​ឡើងថ្លៃ​តែម្ដង ឡើង​ទប់ទល់​ការខាតបង់​។ បែបនេះហើយ​បាន បន្លែ​ស្លឹង​ដែល​ធ្លាប់តែ​សម្បូរ ខ្លះ​ឡើងថ្លៃ​គុណ​នឹង​ពីរ គុណ​នឹង​បី ហើយ​បន្ត​ឡើង​រហូត​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក គ្រឹ​ស្នា ហើយ​បន្ថែមថា បញ្ហា​នេះ ក៏បង្ក​ផលប៉ះពាល់​ដល់​អាជីវកម្ម​របស់ខ្លួន​ដែរ ព្រោះ​ផ្គត់ផ្គង់​បន្លែ​ដល់​អតិថិជន​មិន​គ្រប់គ្រាន់​។ 
 
​ជុំវិញ​ការខូចខាត​ក្នុង​វិស័យ​កសិកម្ម ដោយ​គ្រោះទឹកជំនន់​នេះ សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បាន​ឲ្យ ក្រសួងកសិកម្ម​រៀបចំ​អនុវត្ត​ផែនការ​ស្ដារ​ការខូចខាត​ជាបន្ទាន់ ដោយ​ឲ្យ​ម​ន្រី្ត​កសិកម្ម​ទាំងអស់​ចុះ​ពិនិត្យ​និង​វាយតម្លៃ​លើ​ផលប៉ះពាល់​។ លើសពីនេះ ម​ន្រី្ត​ជំនាញ​កសិកម្ម​ដែល​បាន​រក្សា​គ្រាប់​ពូជស្រូវ បន្លែ និង​ដំណាំ​ផ្សេងៗ ត្រូវ​នាំយក​ពូជ​ទាំងនោះ ទៅ​ចែកជូន​ពលរដ្ឋ​តាម​តំបន់​រងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​។ 
 
​បើតាម​របាយការណ៍​ដ​ដែល គិត​ត្រឹម​ថ្ងៃទី​២៨​តុលា​នេះ ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម ដំណាំ​ឧស្សាហកម្មរ​រយៈពេល​ខ្លី រង​ផលប៉ះពាល់​ជាង​៣៨​ម៉ឺន​ហិកតា​។ ទន្ទឹមនឹងនេះ ក្នុងចំណោម​ដំណាំ​ដែល​រង​ផលប៉ះពាល់​ជាង​៣៨​ម៉ឺន​ហិកតា គឺ​បាន​ខូចខាត​អស់​ប្រមាណ​១៣​ម៉ឺន​ហិកតា ក្នុង​ស្រូវ​ខូចខាត​ជាង​ម៉ឺន​ហិកតា ដំណាំ​សាកវប្បកម្ម​ខូចខាត​ជាង​៧​ហិកតា និង​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​ខូចខាត​ជាង​ម៉ឺន​ហិកតា​៕ 
 

Tag:
 កសិកម្ម​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com