ជាតិ
ការច្នៃ​ឫស្សី​ជា​វត្ថុ​ប្រើប្រាស់ ផ្តល់​ចំណូល​បន្ថែម​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​មណ្ឌលគិរី​
01, Nov 2020 , 8:59 am        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ នៅ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន​២៧​គ្រួសារ ដែល​ស្ថិតនៅ​ក្នុងភូមិ​៣ គឺ​ភូមិ​ពូ​ចារ ភូមិ​ពូ​គង់ និង​ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ច្នៃ​ដើម​ឫស្សី​ធ្វើជា​វត្ថុ​ប្រើប្រាស់​សម្រាប់​លក់​ឲ្យ​ភ្ញៀវទេសចរ​។ តាមរយៈ​ការច្នៃ​ឫស្សី​ធ្វើជា​វត្ថុ​ប្រើប្រាស់​នេះ​បានធ្វើ​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់ និង​ជំរុញ​ឲ្យ​ពួកគេ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ដែន​ជម្រក​របស់​ពួកគេ​។

 
​វត្ថុ​ប្រើប្រាស់​ដែល​ច្នៃ​ពី​ឬ​ស្សី​មានដូចជា ប៉ាន់តែ កាទឹក កែវ​ទឹក កែវ​ទៀន​ក្រអូប ប្រអប់​ក្រដាស​ជូត​មាត់ ស្មា​ព្យូ​រ​ខោអាវ បំពង់​បំពង​សំឡេង​ទូរ​សព្ទ ពែង បំពង់​ដាក់​ប៊ិក សម្ភារ​ផ្ទះបាយ និង​ថូផ្កា​។ វត្ថុ​ប្រើប្រាស់​ទាំងនេះ​ត្រូវបាន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ទាំង​២៧​គ្រួសារ​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ទើបតែ​ផលិតឡើង​នៅ​ដើមឆ្នាំ​២០២០​នេះ ដោយបាន​ចេះ​ជំនាញ​ទាំងនេះ​ពី​វគ្គ​បណ្តុះបណ្តាល​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ 


 
​មុននឹង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​អាច​ផលិត​វត្ថុ​ប្រើប្រាស់​ពី​ដើម​ឫស្សី​នេះ​បាន កន្លងមក​ពួកគេ​បាន​កែច្នៃ​ដើម​ឫស្សី​ធ្វើជា​ជើងធូប និង​រនាត​ដែរ ប៉ុន្តែ​មិនសូវមាន​ទីផ្សារ​ឡើយ​។ នេះ​បើតាម​លោក លើស ភួ​ក ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ឃុំ​ស្រែ​ព្រះ ខេត្តមណ្ឌលគិរី ដែល​បញ្ជាក់ថា បន្ទាប់ពី​មាន​វគ្គ​បណ្តុះបណ្តាល​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​រួចមក សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ក៏​លែង​ច្នៃ​ឫស្សី​ធ្វើជា​ជើងធូប និង​រនាត​តទៅទៀត ដោយ​ត្រឡប់មក​ច្នៃ​ឫស្សី​ធ្វើជា​វត្ថុ​ប្រើប្រាស់​វិញ ដោយ​យល់ថា​វត្ថុ​ទាំងនេះ​គឺមាន​ទីផ្សារ​ខ្ពស់ជាង​។ 
 
​លោក លើស ភួ​ក បាន​បញ្ជាក់ថា តាំងពី​ជនជាតិភាគតិច​ព្នង​ប្រកបមុខរបរ​ច្នៃ​ដើម​ឫស្សី​ធ្វើជា​វត្ថុ​ប្រើប្រាស់​នេះ​មក គឺ​បានផ្តល់​ចំណូល​ដល់​ក្នុង​មួយ​គ្រួ​សារបាន​គួរសម​។  លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្នុង​មួយថ្ងៃ​ក្នុង​មួយ​គ្រួសារ​អាចធ្វើ​វត្ថុ​ពី​ឫស្សី​បាន​៤ ទៅ​៥ ដោយ​គិត​ជា​ទឹកប្រាក់​បាន​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​។ យើង​មាន​គណៈកម្មាការ​ចំនួន​៥​នាក់ ដើម្បី​ប្រមូល​វត្ថុ​ទាំងនោះ​យកទៅលក់​នៅ​ទីផ្សារ និង​លក់​នៅ​សហគមន៍​ដែល​មក​កម្សាន្ត​លេង​នៅ​តំបន់​យើង​នេះ​»​។​


 
​តាម​ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង វត្ថុ​ប្រើប្រាស់​ដែល​ច្នៃ​ពី​ដើម​ឫស្សី ខាង​សហគមន៍​តែង​លក់​នៅតាម​សិក្ខាសាលា តាម​ដែល​គេ​ក​ម្ម៉​ង់  និង​លក់​នៅក្នុង​សហគមន៍​សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​លេង​។ លោក​បាន​និយាយ​ដូច្នេះ​ថា​«​គាត់​ធ្វើតាម​កា​រក​ម្ម៉​ង់​។ បើ​យើង​លក់រាយ​គឺ​យើង​តាម​សហគមន៍​ខ្លួនឯង​។ ហើយ​យើង​យកទៅលក់​នៅ​ភ្នំពេញ​។ ការពិតទៅ​យើង​យកទៅលក់​នៅ​ភ្នំពេញ យើង​មិនមែន​ដើរ​លក់​តាម​ហាង ឬ​តាម​ផ្សារ​ទេ គឺ​យើង​លក់​នៅក្នុង​សិក្ខាសាលា​»​។   
 
​ក្រៅពី​ការងារ​ផលិត​វត្ថុ​ប្រើប្រាស់​ពី​ដើម​ឫស្សី​នេះ ខាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ក៏មាន​មុខរបរ​បន្ទាប់​បន្សំ​ផ្សេងទៀត​ផងដែរ​ដូចជា​ធ្វើស្រែ​ចម្ការ ដង​ជ័រទឹក ជ័រ​រាំង រក​ផ្សិត និង​បោចវល្លិ​។ នេះ​បើតាម​ការបញ្ជាក់​ពី លោក លើស ភួ​ក​។ 


 
​កិច្ចការ​កែច្នៃ​វត្ថុ​ប្រើប្រាស់​ពី​ដើម​ឫស្សី និង​ការងារ​បន្ទាប់បន្សំ​រប​ស់​ជនជាតិដើម​ភាគតិច​ព្នង​នេះ​បាន​ជំរុញ​ឲ្យ​ពួកគេ​យល់ច្បាស់​ពី​សារប្រយោជន៍​នៃ​ដើម​ឫស្សី យល់​ពី​កិច្ចការពារ​ដែន​ជម្រក​ធម្មជាតិ​ជាង​មុន​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ក្រៅពី​គាត់​បានធ្វើ​ផលិតផល​ហ្នឹង​មក គឺ​គាត់​លក់បាន​លុយ​។ មួយចំនួន គាត់​យល់​ពីស​ក្កា​នុព​ល​ទៅតាម​ប្រភពធនធាន​ធម្មជាតិ​នីមួយៗ​។ មួយចំនួន​គាត់​ឈប់​ប្រព្រឹត្តិ​បទល្មើស​ធនធានធម្មជាតិ​ទៀតហើយ​។  »​។ 
 
​តាមរយៈ​កិច្ចប្រឹងប្រែង​របស់​សហ​គម​ន៍​ដែល​ផលិត​វត្ថុ​ប្រើប្រាស់​ពី​ដើម​ឫស្សី​នៅពេល​បច្ចុប្បន្ននេះ លោក លើស ភួ​ក សង្ឃឹមថា​នៅពេល​អនាគត តំបន់​សហគមន៍​ជនជាតិដើម​ភាគតិច​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​សិប្បកម្ម​កែច្នៃ​វត្ថុ​ប្រើប្រាស់​ពី​ដើម​ឫស្សី និង​បង្កើន​ប្រាក់ចំណូល​ដល់​ពួកគេ​ផងដែរ​៕ 




 
 
 

Tag:
 សង្គម​
 ​កែច្នៃ​
 ​ឫស្សី​
 ​ជនជាតិដើម​ភាគតិច​ព្នង​
 ​ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com