COVID-19
អន្តរជាតិ
អ្នកភ្ជាប់ពាក្យជាង២២.៥ម៉ឺនគូ ជាប់បំណុលរួម៣.៧ពាន់លានដុល្លារព្រោះរំសាយពិធីរៀបការ
× នៅសហរដ្ឋអាមេរិក អ្នកភ្ជាប់ពាក្យមួយគូក្នុងចំណោម៩គូ គ្រោងរៀបអាពាហ៍ពិពាហ៍នៅឆ្នាំនេះ។ តាមការវិភាគរបស់ក្រុមហ៊ុនផ្តល់កម្ចីអនឡាញ Loanry បង្ហាញថា អ្នកភ្ជាប់ពាក្យជាង២២៥ ០០០គូ មានបំណុលរួមសរុប ៣.៧ពាន់លានដុល្លារអាមេរិក ដោយសារការលុបចោលគម្រោងអាពាហ៍ពិពាហ៍ នាអំឡុងវិបត្តិកូវីដ-១៩។
«ឆ្នាំនេះជាឆ្នាំដ៏ស្មុគស្មាញបំផុតសម្រាប់គូស្រករជាច្រើន»។ នេះជាការលើកឡើងរបស់លោក Ethan Taub ស្ថានិកក្រុមហ៊ុន Loanry ដែលមើលឃើញពីការផុងក្នុងប្រាក់កម្ចី ដោយសារការលុបចោលគម្រោងអាពាហ៍ពិពាហ៍។
ការវិភាគរបស់ Loanry ផ្តោតលើកត្តាចំនួន៥ ដែលក្នុងនោះរួមមាន តួលេខជាមធ្យមនៃការរៀបអាពាហ៍ពិពាហ៍ប្រចាំឆ្នាំ ភាគរយនៃការពន្យាពេលពិធីនៅឆ្នាំនេះ តួលេខកម្ចីឯកជនសម្រាប់ពិធីដែលបានខ្ចីរួច គម្រោងថវិកាជាមធ្យមសម្រាប់ពិធី និងអត្រាកម្ចីជាមូលដ្ឋានដោយផ្អែកតាមទិន្និន័យផ្ទាល់ខ្លួនរបស់ Loanry។
កម្ចីដែលមិនប្រើប្រាស់តាមគម្រោងនោះ ដោយសារតែនាអំឡុងកូវីដ-១៩ គូស្រករជាច្រើនបង្ខំចិត្តកាត់បន្ថយចំនួនភ្ញៀវ កាត់បន្ថយកម្មវិធី រួមទាំងលុបចោលគម្រោងរាត្រីទឹកឃ្មុំរបស់ពួកគេ។ គម្រោងដែលត្រូវឆាចោលនោះ ធ្វើឲ្យគូស្រករដែលមិនទាន់រៀបការជាច្រើនរងសម្ពាធហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ ដែលពិបាកដោះស្រាយ ហើយការលើកពេលទៅឆ្នាំ២០២១ មានន័យថា ពួកគេក៏ត្រូវបង្កើនផែនការចំណាយបន្ថែមទៀតផងដែរ។
យោងតាម Loanry កម្ចីជាមធ្យមសម្រាប់ការចំណាយអាពាហ៍ពិពាហ៍នៅសហរដ្ឋអាមេរិក មាន១៦៥០០ដុល្លារ។ អ្នកដែលរៀបចំជីវិតគូស្រករដោយខ្លួនឯង មិនអាចគេចផុតពីការស្វែងរកសេវាកម្ចីនោះឡើយ ហើយតួលេខកើនយ៉ាងខ្លាំងរវាងពីឆ្នាំ២០១៨ ទៅឆ្នាំ២០១៩។
របាយការណ៍ក៏បានបង្ហាញផងដែរថា កាលពីឆ្នាំមុន កម្ចីឯកជនមានជាង២០លានកម្ចីនៅសហរដ្ឋអាមេរិក ដែលក្នុងនោះ ១.៥ភាគរយ ប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុក្នុងពិធីអាពាហ៍ពិពាហ៍។ លោក Taub បានណែនាំថា៖ «ពេលនេះ យើងត្រូវគិតគូឲ្យបានខ្ពស់លើកម្ចីសម្រាប់អាពាហ៍ពិពាហ៍ យើងក៏មិនលើកទឹកចិត្តនោះដែរ»។
ប៉ុន្តែជាមួយគ្នានេះ ផងដែរ លោក Taub មើលឃើញចំណុចវិជ្ជមានសម្រាប់អ្នកភ្ជាប់ផ្សេងទៀតដែលមិនបានរកសេវាកម្ចី។ លោកបានលើកឡើងថា ការរៀបការគ្រាន់តែជាពិធីប៉ុណ្ណោះ ហើយតម្លៃរបស់វាក៏មិនផ្តោតទៅលើការចំណាយតិច ឬច្រើននោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com