ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ ក្រៅពី​ទឹកដោះគោ គួរ​កុំ​រំលង​អាហារ​អ្វីខ្លះ​?
30, Jan 2022 , 12:10 pm        
រូបភាព
​សុខភាព​ឆ្អឹង​រឹងមាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួមទាំង​សាច់ដុំ ហើយ​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងថា កាល់ស្យូម ជា​សារធាតុ​ដ៏​សំខាន់​ក្នុងការ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ ទោះជា​យ៉ាងណា​ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម សារធាតុ beta-carotene ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន​ផ្សេងៗ​ដទៃទៀត​ក៏​សំខាន់​ជួយ​ធ្វើឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​ឡើង​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ឬ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ឆ្អឹង​រឹងមាំ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ ៖

 
១. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​សម្រាប់​ភាពរឹងមាំ​នៃ​ឆ្អឹង​។ ក្រៅពី​កាល់ស្យូម បន្លែ​បៃតង​ក៏​ផ្ដល់ឱ្យ​រាងកាយ​នូវ​ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង​ជាតិ​ដែក ដែល​សុទ្ធតែ​សំខាន់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង​។ បន្លែ​បៃតង​ក៏មាន​ផ្ទុក​សារធាតុ oxalates ដែល​ជួយ​ឱ្យ​រាងកាយ​ស្រូប​យកជាតិ​កាល់ស្យូម​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
២. អាហារ​សម្បូរ​ជាតិ​ស័ង្កសី​
 
​ក្រៅពី​កាល់ស្យូម ជាតិ​ស័ង្កសី​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​ការពង្រឹង​សុខភាព​ឆ្អឹង​រឹងមាំ​។ កង្វះ​ជាតិ​ស័ង្កសី​នឹង​នាំឱ្យ​អ្នក​មិនអាច​បង្កើតបាន​នូវ​ឆ្អឹង​ដែល​រឹងមាំ​ឡើយ​។​
 
៣. គ្រាប់​ជី​
 
​នោះ​ក៏​ព្រោះតែ​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​ល្អប្រសើរ​។ ត្រឹម ២៥ ក្រាម​នៃ​គ្រាប់​ជី​មាន​ផ្ទុក​កាល់ស្យូម​ដល់​ទៅ ១៥៧ មី​លី​ក្រាម​ដែល​ច្រើនជាង​បរិមាណ​នៃ​កាល់ស្យូម​ក្នុង​ទឹកដោះគោ​ស្រស់ ១០០ មី​លី​លីត្រ​ទៅទៀត​។​
 
៤. គ្រាប់​អាល់​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម រួមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​សន្លាក់​គួរអោយកត់សម្គាល់​។ អ្នកជំនាញ​ជាច្រើន​និយាយថា គ្រាប់​អាល់​ម៉ុ​ន ១ ពែង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ​ស្រស់ ១ កែវ​ទៅទៀត​។​
 
៥. យ៉ា​អួរ​
 
​វីតាមីន D ដើរតួនាទី​យ៉ាងសំខាន់​ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​បាន​ត្រឹមត្រូវ​។ ហើយ​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D និង​កាល់ស្យូម គឺ​យ៉ា​អួរ​សុទ្ធ​។​
 
៦. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D​។ លើសពីនេះទៅទៀត​ត្រី​សាល​ម៉ុ​ន​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ទប់ស្កាត់​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ហើយ​អ្នក​អាច​ទទួលបាន​ជាតិ​កាល់ស្យូម​បន្ថែម​ពី​ត្រី​សាល​ម៉ុ​ន​កំប៉ុង​។​
 
៧. ស៊ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ជួយ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ វីតាមីន D ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​ពី​អាហារ​ផ្សេងៗ​ដែល​អ្នក​បាន​ទទួលទាន​។​
 
៨. សារាយសមុទ្រ​
 
​សារាយសមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ កាល់ស្យូម​ក៏​ល្អ​សម្រាប់​សុខភាព​ធ​ញ​មេញ បេះដូង និង​សាច់ដុំ​ផងដែរ​។​
 
៩. សាច់មាន់​
 
​វា​ជា​ការពិត​ដែល​ជាតិ​កាល់ស្យូម គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​រាងកាយ​ក៏​ត្រូវការ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ផងដែរ​ដើម្បី​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​? កុំ​ផ្ដោត​តែ​លើ​ការ​ទទួលទាន​សម្បូរ​ទៅដោយ​កាល់ស្យូម​ប្រ​សិ​បើ​អ្នក​ចង់​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​! អ្នក​ក៏​គួរ​រួមបញ្ចូល​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​សាច់មាន់​ក្នុង​របប​អាហារ​ផង​។ ជាតិ​ខ្លាញ់​ទាប​នៃ​សាច់មាន់​ក៏​មិន​ធ្វើឱ្យ​អ្នក​កើន​ទម្ងន់​ដែល​មិនល្អ​សម្រាប់​ឆ្អឹង​និង​សន្លាក់​ដែរ​។ ម្យ៉ាងវិញទៀត​សាច់មាន់​ក៏មាន​ផ្ទុក​ជាតិ​រ៉ែ phosphorus ដែល​សំខាន់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង​និង​ធ្មេញ​។​
 
១០. សណ្ដែកសៀង​
 
​សណ្ដែកសៀង​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​កាល់ស្យូម​ដែល​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ឆ្អឹង​រឹងមាំ​។ ម្យ៉ាងវិញទៀត​សារធាតុ phytoestrogen នៃ​សណ្ដែកសៀង​ជួយ​ព​ន្លឿ​ន​ក៏ដូចជា​បង្កើន​ការ​ស្រូប​ជាតិ​កាល់ស្យូម​ដោយ​រាងកាយ​និង​ទប់ស្កាត់​ការបាត់បង់​ម៉ាស​នៃ​ឆ្អឹង​។ ដូច្នេះ​អ្នក​អាច​នឹង​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ជាមិនខាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com