ជាតិ
ក្រោយ​ទឹក​ស្រក សំរាម​គរ​ស្អុយរលួយ នៅលើ​ផ្លូវ​២១៧ នៃ​ខណ្ឌដង្កោ​
02, Nov 2020 , 10:59 am        
រូបភាព
គំនរសំរាមនៅតាមបណ្តោយផ្លូវ​ ២១៧ ក្នុងខណ្ឌដង្កោ នៅថ្ងៃទី​ ០១ ខែ វិច្ចិកា ២០២០។
គំនរសំរាមនៅតាមបណ្តោយផ្លូវ​ ២១៧ ក្នុងខណ្ឌដង្កោ នៅថ្ងៃទី​ ០១ ខែ វិច្ចិកា ២០២០។
​ដោយ​៖ ប៉ូ សុភា 
 
​ក្រោយ​ជំនន់​ទឹក​ស្រក​អស់ កំណាត់​ផ្លូវ​លេខ​២១៧ នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​ជួប​បញ្ហា​មួយទៀត គឺ​បញ្ហា​សំរាម​។ ចាប់តាំងពី​ទឹក​ស្រ​កមក បាន​បន្សល់​នូវ​សំរាម​ជាច្រើន គរ​ស្អុយរលួយ នៅក្បែរ​ទីតាំង​ជិត​ផ្សារ​ព្រែក​ជ្រៃ ដែល​ធ្វើឱ្យប៉ះពាល់​សោ​ភណ្ឌ​ភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​។

ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាម​បណ្ដោយ​ផ្លូវ ២១៧ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រៃ​ក​ព្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ប្រាកដជា​ឃើញ​ទីតាំង​ខ្លះ មាន​សំរាម​គរ​ស្អុយរលួយ​តាម​ដងផ្លូវ ដែល​ជះក្លិន​មិនល្អ​ដល់​អ្នកធ្វើដំណើរ​ជាមិនខាន ជាពិសេស​អ្នករស់នៅ​តាម​បណ្ដា​យ​ផ្លូវ​២១៧​នេះ​ផ្ទាល់​តែម្តង ។​
 


​អ្នកស្រី ម៉េ​ត​ចិន្ដា មាន​វ័យ ២៨​ឆ្នាំ ជា​អ្នកធ្វើការ​នៅក្នុង​រោងចក្រ​មួយ​នៅតាម​បណ្ដា​យ​ផ្លូវ ២១៧ បាន​និយាយថា អ្នកស្រី​ដើរមក​ធ្វើការ​រាល់​ព្រឹក មាន​អារម្មណ៍មិនល្អ ដោយសារ​ក្លិនស្អុយ​ចេញពី​សំរាម ដែល​គរ​ចោល​យូរថ្ងៃ​នេះ​។ « ក្រោយ​ទឹកជំនន់​ស្រក​ទៅ​ដូចជា​គ្មាន​ក្លិន​អ្វី​ទេ តែ​បន្ទាប់ពី​មាន​ភ្លៀង​២-៣​ថ្ងៃមុន  សំរាម​មួយចំនួន​នៅតាម​ផ្លូវ​នេះ​ចាម​ផ្តើម មាន​ក្លិនស្អុយ​ភាយ​ចេញមក ពេល​ដើរកាត់​មក​តាមផ្លូវ​នេះ​ពិបាក​ភ្នែក​មើល​ណាស់ ហើយ​ក៏មាន​ក្លិនស្អុយ​ខ្លាំង »​។​នេះ​ជាការ​លើក​ឡើយ​របស់ អ្នក ចិន្ដា​។​


គំនរសំរាមនៅតាមបណ្តោយផ្លូវ​ ២១៧ ក្នុងខណ្ឌដង្កោ នៅថ្ងៃទី​ ០១ ខែ វិច្ចិកា ២០២០។

​អាជីវករ​ម្នាក់​លក់ ដូរ​នៅ​ទល់មុខ​រោងចក្រ​កាត់​សំលៀកបំពាក់​មួយ​នៅក្នុង​ភូមិ​ព្រែក​ជ្រៃ បាន​និយាយថា អ្នករស់នៅ​ទីនេះ រង​ផលប៉ះពាល់​បន្តិចបន្តួច​ពី​ក្លិន​សំរាម​នៅជាប់​របង​រោងចក្រ​លើផ្លូវ​២១៧​នេះ ប៉ុន្ដែ​មិនដឹង​ជា​ធ្វើយ៉ាងណា ព្រោះ​វា​ជា​បញ្ហា​រួមផ្សំ​ជាមួយ​គ្រោះធម្មជាតិ​(​ទឹកជំនន់​)​។ « នៅ​ជិត​គំនរ​សំរាម​ដែល​ស្អុយរលួយ ចៀស​អ្វី​នឹងមាន​ក្លិន​នោះ តែ​ខ្ញុំ​និយាយ​អ្វី​មិនកើត​ទេ ព្រោះ​មើលទៅ​អ្នកគ្រប់គ្រង​នៅ​រោងចក្រ​នេះ ខិតខំ​ប្រឹងប្រែង​ប្រមូល​ដែរ តែ​មិនទាន់​អស់ កាល​២-៣​ថ្ងែ​មុន​ច្រើនជាង​នេះ​ផង​។ (​សំរាម​)​នេះ​តិច​ហើយ »​។ នេះ​ជាការ​លើកឡើង​របស់ អ្នកស្រី ម៉ាក់ ធីតា​។ 
 
​សម្លឹង​ទៅ គំនរ​សំរាម​តាមផ្លូវ លោក វៀន វិច្ឆិកា ជាជាង​ធ្វើ​ម៉ូតូ​ម្នា​ក់បាន​និយាយថា អាជីវកម្ម​របស់លោក​មិនមាន​ផលប៉ះពាល់​អ្វី​ទេ គ្រាន់តែ​អង្គុយ​ធ្វើ​ម៉ូតូ​នៅ​ជិត​ទីតាំង​នេះ ។ « គំនរ​សំរាម​នៅ​ម្ខាង​ផ្លូវ ខ្ញុំ​នៅ​ខាង​នេះ​ផ្លូវ​ដូចជា​គ្មានអ្វី​ប៉ះពាល់​ដល់​ជីវ​កម្ម​របស់ខ្ញុំ​ទេ គ្រាន់​តែមាន​ក្លិនស្អុយ នឹង​មើលទៅ​ផ្លូវ​ឃើញតែ​សំរាម ក្រៅពីនេះ សម្រាប់​ខ្ញុំ ដូចជា​គ្មានអ្វី​ទេ​។ ខ្ញុំ​គិតថា ប៉ុន្មាន​ថ្ងៃ​ទៀត​សំរាម​ទាំងនេះ នឹង​អស់ហើយ​ព្រោះ​មាន​អ្នក​មក​សម្អាត​បណ្ដើរៗ​ហើយ »​។ នេះ​ជាការ​លើក​ឡើយ​របស់ លោក វៀន វិច្ចិកា ជាង​ធ្វើ​ម៉ូតូ នៅតាម​បណ្ដា​យ​ផ្លូវ ២១៧​។​
 
​លោក ហែម សីហា វ័យ ២៧​ឆ្នាំ​ជា​ប្រធាន​អនាម័យ និង​ក្រណាត់​នៅក្នុង​ក្រុមហ៊ុន YW ដែល​ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវ ២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ សង្កាត់​ស្ពាន់ថ្ម មាន​ថ្លែងថា គំនរ​សំរាម​ដែល​បង្ករ​ឱ្យមាន​ក្លិន​នៅមុខ​រោងចក្រ​នេះ ដោយសារតែ​ខាង​រោងចក្រ​ដឹក​ចេញ​មិនទាន់ ព្រោះ​ក្រោយ​ទឹកជំនន់​ស្រក​ទៅ ក៏​នៅមាន​ភ្លៀង​ធ្លាក់​មក​បន្តបន្ទាប់ ដូច្នេះ​ធ្វើឱ្យ​សំរាម​កកស្ទះ​នៅទីនេះ​។​
 
​លោក សីហា បន្តថា​៖ ក្រុមហ៊ុន​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដើម្បី​ប្រមូល​សំរាម​នៅខាងមុខ​រោងចក្រ​ហើយ ប្រហែលជា​២ ឬ​៣​ថ្ងៃ​ទៀត នៅមុខ​រោងចក្រ​នេះ​មាន​សភាព​ធម្មតា​វិញ​ហើយ​»​។​

គួរ​បញ្ជាក់ថា សង្កាត់​មួយចំនួន​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួមមាន​សង្កាត់​គង​ន​យ សាក់​សំពៅ ស្ពានថ្ម ទៀន រលួស និង​ព្រែកកំពឹស​ជាដើម រង​ការ​ជន់​លិច កាលពី​អំឡុង​ខែតុលា​កន្លងមក ដោយសារ​ទឹក​ហូរ​ពី​ស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើឱ្យ​ទំ​បន់​ទឹក ៧​មករា ទប់ទឹក​លែង​បាន​។​


គំនរសំរាមនៅតាមបណ្តោយផ្លូវ​ ២១៧ ក្នុងខណ្ឌដង្កោ នៅថ្ងៃទី​ ០១ ខែ វិច្ចិកា ២០២០។
 
 

Tag:
 ជំនន់​
  សំរាម​
  រលួយ​
  ស្អុយ​
  ផលប៉ះពាល់​
  ប្រជាជន​
© រក្សាសិទ្ធិដោយ thmeythmey.com