សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ សម្រុក​ឃោសនា​មួយថ្ងៃ​៥​រដ្ឋ ខណៈ​ការបោះឆ្នោត​សល់​២​ថ្ងៃ​ទៀត​
02, Nov 2020 , 11:55 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ស្វាគមន៍អ្នកគាំទ្រនៅរដ្ឋ Pennsylvania នៅថ្ងៃទី ១ ខែវិច្ឆិកា អំឡុងពេលធ្វើឃោសនាបោះឆ្នោតនៅទីនោះ ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ស្វាគមន៍អ្នកគាំទ្រនៅរដ្ឋ Pennsylvania នៅថ្ងៃទី ១ ខែវិច្ឆិកា អំឡុងពេលធ្វើឃោសនាបោះឆ្នោតនៅទីនោះ ។ រូបភាព AFP
ដោយ:
២​ថ្ងៃមុន​ការបោះឆ្នោត​ចូលមក​ដល់ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ១ ខែវិច្ឆិកា បាន​សម្រុក​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​នៅ​រដ្ឋ​សំខាន់់ៗ​ចំនួន​៥​ក្នុង​ថ្ងៃ​តែមួយ​។ លោក​ចាប់ផ្ដើម​ក្នុង​រដ្ឋ Michigan ដែលជា​រដ្ឋ​សំខាន់​មួយ​សម្រាប់​ឱកាស​រក្សា​កៅអី​ក្នុង​សេត​វិមាន​លោក ប្រជែង​នឹង​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ។

 
​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​កាលវិភាគ​ដ៏​តក់ក្រហល់​មួយ​នៅ​ថ្ងៃអាទិត្យ ដោយ​ធ្វើ​ឃោសនាបោះឆ្នោត​៥​រដ្ឋ​តែម្ដង​ក្នុងពេល​ត្រឹមតែ​២៤​ម៉ោង​។ ដោយ​ចាប់ផ្ដើម​ពីរ​ដ្ឋ Michigan លោក ក៏​បន្ត​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Iowa , North Carolina, Georgia និង Florida ដែលជា​សុទ្ធសឹងតែ​ជា​រដ្ឋ​សំខាន់ៗ​ក្នុង​សមរភូមិ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០ ពោល​គឺអាច​កំណត់​ជោគវាសនា​របស់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​គណបក្ស​ធំៗ​នេះ សម្រាប់​ឈោង​ទៅ​ចាប់​តំណែង​ប្រធានាធិបតី​អាមេរិក​។ 
 
​ពី​ទីក្រុង Detroit រដ្ឋ Michigan លោក ត្រាំ បាន​ប្រាប់​អ្នកគាំទ្រ​ថា ក្រោម​ការដឹកនាំ​របស់​លោក សេដ្ឋកិច្ច​អាមេរិក​មាន​សន្ទុះ​ខ្លាំង ហើយ​លោក​បាន​ព្យាករ​ទុក​ថា លោក​នឹង​បន្ត​ឈ្នះ​រដ្ឋ​នេះ​ម្ដងទៀត​ដូច​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។ 
 
​ប្រធានាធិបតី​វ័យ​៧៤​ឆ្នាំ​រូបនេះ ក៏បាន​លើកឡើង​ពី​សមិទ្ធផល​របស់លោក​ក្នុងការ​បង្កើត​ការងារ​ជាច្រើន​ក្នុង​វិស័យ​យានយន្ត ដែលជា​បញ្ហា​ចម្បង​សម្រាប់​រដ្ឋ​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ផលិត​យានយន្ត​នេះ​។ លោក​ត្រាំ​អះអាងថា រដ្ឋ​ដែល​ល្បី​ខាង​ផលិត​រថយន្ត អត់​មាន​រោងចក្រ​យានយន្ត​មួយ​ឡើយ​កាលពី​៤​ឆ្នាំមុន នៅពេល​លោក​ជាប់ឆ្នោត​។ 
 
«​យើង​បាន​ជួយ​ជ្រោមជ្រែង​ឧស្សាហ​ម្ម​រថយន្ត​នេះ​ឲ្យ​ត្រលប់​មកវិញ​។ បើ​ឧស្សាហកម្ម​រថយន្ត​អ្នក​ដួលរលំ អ្នកនឹង​គ្មាន​សល់​អ្វី​ឡើយ​»​។ លោក ត្រាំ សង្កត់ធ្ងន់​បែបនេះ​។ ទៅដល់​រដ្ឋ Iowa ដែលមាន​កូនស្រី​លោក​គឺ​អ្នកស្រី Ivanka នៅ​ឈរ​អម លោក ត្រាំ បាន​ប្រាប់​អ្នកគាំទ្រ​លោក​ថា ជម្រើស​បោះឆ្នោត​ពួកគេ​គឺ​រវាង ការបិទ​ប្រទេស​ដ៏​គ្រោះថ្នាក់​របស់លោក បៃ​ឌិន ឬ​ថ្នាំ​វ៉ាក់សាំង​ដ៏​សុវត្ថិភាព​ដែល​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ របស់លោក​។ 
 
​ខណៈ​លោក​ត្រាំ​សម្រុក​ធ្វើ​ឃោសនាបោះឆ្នោត​ខ្លាំង​នៅ​រដ្ឋ​ទាំង​៥​ក្នុង​មួយថ្ងៃ លោក បៃ​ឌិន នឹង​ឃោសនា​ក្នុង​រដ្ឋ Pennsylvania ២​ថ្ងៃ​ជាប់​គ្នា​តែម្ដង​ចាប់ពី​ថ្ងៃទី ១-២ ខែវិច្ឆិកា ដែលជា​រដ្ឋ​កំណើត​រប​ស់លោក​។ ហើយ​លោក​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ក្នុង​ទីក្រុង Philadelphia និង​ទីក្រុង Pittsburgh ផងដែរ​។ 
 
​ជាមួយគ្នានេះ លោក បៃ​ឌិន ក៏​នឹងធ្វើ​យុទ្ធនាការ​ក្នុង​រដ្ឋ Ohio នា​ថ្ងៃទី ២ ខែវិច្ឆិកា​ផងដែរ​ដើម្បី​បង្ហាញ​ជំហរ​ថា​លោក​អាច​ឈ្នះ​រដ្ឋ​នេះ​បាន​។ លោក​ត្រាំ​កាលពី​ឆ្នាំ​២០១៦ បានឈ្នះ​ដល់​៥១​ភាគរយ​ទល់នឹង​៤៣​ភាគរយ​លើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុង​រដ្ឋ​នេះ​។  
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែវិច្ឆិកា ពលរដ្ឋ​អាមេរិក​ជាង​៩៣​លាន​នាក់​ហើយ បាន​បោះឆ្នោត​មុន​កំណត់​សម្រាប់​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី ខណ​ថ្ងៃ​បោះឆ្នោត​ធំ នឹង​រៀបចំឡើង​នា​ថ្ងៃទី ៣ ខែវិច្ឆិកា​។ បើតាម​ការប៉ាន់ស្មាន តួលេខ​នេះ ស្មើនឹង ៦៨​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​កាលពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។​
 
​តាម​កាសែត​អង់គ្លេស The Guardian លោក បៃ​ឌិន នាំមុខ​លោក ត្រាំ ក្នុង​ការស្ទង់មតិ​ថ្នាក់ជាតិ​ក្នុង​រដ្ឋ​សំខាន់ៗ ដូចជា Florida, Pennsylvania, Michigan, North Carolina, Arizona, Wisconsin  និង​រដ្ឋ Iowa ខណៈ​លោក ត្រាំ នាំមុខ​លោក បៃ​ឌិន តែ​រដ្ឋ Ohio មួយ​ប៉ុណ្ណោះ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com