សង្គមអន្តរជាតិ​
អន្តរជាតិ
​ថៃ នឹង​បង់ពន្ធ​ថែម​១៩​លាន​ដុល្លារ ក្រោយ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​លើ​ទំនិញ​ខ្លួន​២៣១​មុខ​
02, Nov 2020 , 3:52 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា អំឡុងជំនួបមួយក្នុងសេតវិមានអាមេរិក កាលពីឆ្នាំ២០១៧ ។ រូបភាព AP
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា អំឡុងជំនួបមួយក្នុងសេតវិមានអាមេរិក កាលពីឆ្នាំ២០១៧ ។ រូបភាព AP
ដោយ:
​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​អះអាងថា ការប្រកាស​ដក​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ថៃ​២៣១​មុខ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (Generalized System of Preferences (GSP)) មិន​ប៉ះពាល់​ច្រើន​ឡើយ​លើ​ការនាំចេញទំនេញ​ថៃ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ អះអាងថា ថៃ​នឹងត្រូវ​បង់ពន្ធ​ថែម​ជាង​១៩​លាន​ដុល្លារ ក្រោយ​វិធានការ​នេះ​ចូល​ជា​ធរមាន​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣១ ខែតុលា បានប្រកាសថា ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​ពី​ថៃ​ទៅ​អាមេរិក​ប្រមាណ​៨១៧​លាន​ដុល្លារ នឹងត្រូវ​ដកហូត​។ វិធានការ​នេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០​តទៅ ។ ការផ្អាក​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា ទីផ្សារ​ថៃ​ចង្អៀត​សម្រាប់​ផលិតផល​សាច់ជ្រូក​អាមេរិក​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ថៃ Keerati Rushchano នៅ​ថ្ងៃទី​១ ខែវិច្ឆិកា អះអាងថា ផលិតផល​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​២៣១​មុខ នឹងត្រូវ​ជាប់ពន្ធ​នាំចូល មិនមែន​ត្រូវបាន​ហាម​នាំចូល​ទីផ្សារ​អាមេរិក​ឡើយ​។ 
 
​ទោះ​រង​ការដកហូត​ការអនុគ្រោះ​លើ​ទំនិញ​ថៃ​២៣១​មុខ លោក Keerati អះអាងថា ទំនិញ​ត្រឹម​១៤៧​មុខ​ប៉ុណ្ណោះ នឹងរង​ផលប៉ះពាល់ ដ្បិតថា​ពួកវា​នឹងត្រូវ​ជាប់ពន្ធ​នាំចេញ​ខ្ពស់​ចន្លោះ​ពី​៣-៤​ភាគរយ ហើយ​គិត​ជា​លុយ​ប្រមាណ ៦០០​លាន​បាត ឬ​ជាង​១៩,២​លាន​ដុល្លារ​។ ចំណែក​ទំនិញ​សេសសល់​ក្នុង​បញ្ជី​អនុគ្រោះ​កន្លងមក មិនត្រូវ​បាន​ថៃ​នាំ​ចេញទៅ​អាមេរិក​ឡើយ​។​
 
​ផលិតផល​ថៃ​ដែល​នឹង​ឈប់​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​អាមេរិក​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ GSP មានដូចជា គ្រឿងបន្លាស់​យានយន្ត សម្ភារ​អេឡិចត្រូនិក និង​សម្ភារ​ផ្ទះបាយ​មួយចំនួន ។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) ។​
 
​តាម​បាងកក​ប៉ុស្តិ៍ លោក​អគ្គនាយក Keerati អះអាងថា ប្រសិនបើ​ទំនិញ​ថៃ​បន្ត​រក្សា​គុណភាព និង​ភាពល្បីល្បាញ លោក​ជឿថា ពន្ធ​នេះ​មិន​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អ្នក​នាំចូល​ក្នុង​សហរដ្ឋអាមេរិក​ឡើយ​។  
 
GSP ជា​កម្មវិធី​អនុគ្រោះ​ពន្ធ​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក ដែល​បង្កើតឡើង​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាង​១០០ ដោយ​អនុញ្ញាត​ឲ្យ​នាំចេញ​ទំនិញ​ប្រមាណ​៣៥០០​មុខ​ដោយ​គ្មាន​បង់ពន្ធ​ចូលទៅ​ទីផ្សារ​អាមេរិក​។ GSP ក៏មាន​គោលដៅ​លើកស្ទួយ​សិទ្ធិ​កម្មករ ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា ក៏ដូចជា​ពង្រីក​ទីផ្សារ​ឲ្យ​ធំ​ទូលាយ​ផងដែរ​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ថៃ​
  GSP
  ដូ​ណា​ល់ ត្រាំ​
  USTR
© រក្សាសិទ្ធិដោយ thmeythmey.com